រាជធានីភ្នំពេញ ៖ គម្រោងនៃការបង្កើតតុលាការពាណិជ្ជកម្មកម្ពុជាដែល និងត្រៀមដាក់ឱ្យដំណើរការយ៉ាងយូរនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយដែលធ្វើឱ្យសភាពាណិជ្ជកម្មកម្ពុជាមានក្តីរំពឹងថា វានឹងផ្តល់ទំនុកចិត្តកាន់តែខ្លាំងទៅដល់វិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈស្ថាប័នពាក់ព័ន្ធចូលរួមគោរព ហើយជំរុញដោយនាំគ្នាអនុវត្តច្បាប់ស្តីពីតុលាការពាណិជ្ជកម្មនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីយកការទុកចិត្ត និងជឿជាក់ពីវិនិយោគទាំងក្នុងស្រុក និងបរទេស ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៥ មិថុនានេះថា មូលហេតុដែលសភាពាណិជ្ជកម្មផ្តួចផ្តើមបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនេះឡើង ដោយសារតែនៅពេលកន្លងមក កម្ពុជាអត់មានតុលាជំនាញផ្នែកពាណិជ្ជកម្មសម្រាប់កាត់ក្តី ដំណោះផ្នែកពាណិជ្ជកម្មប្រើតែតុលាទូទៅ ហើយរឿងក្តីពាណិជ្ជកម្មមួយចំនួនមិនអាចឈានទៅដល់ព្រហ្មទណ្ឌទេ ។ តែមានករណីខ្លះ អាចឈានទៅដល់ព្រហ្មទណ្ឌ ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា« យើងមានគំនិតបង្កើតតុលាការពាណិជ្ជកម្មនេះឡើង ច្រើនឆ្នាំមកហើយ ដែលសភាពាណិជ្ជកម្មស្នើរសុំទៅក្រសួងយុត្តិធម៌ ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនេះ ទើបតែរដ្ឋមន្ត្រីថ្មីឡើងមកក្រោយនេះ គាត់បានឯកភាពឱ្យបង្កើត ។ តុលាការពាណិជ្ជកម្មនេះនឹងផ្តល់ទំនុកចិត្តកាន់តែខ្លាំង សម្រាប់ការទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជាយើង»។
លោកឧកញ៉ា លើកឡើងថានៅកន្លងមកវិវាទពាណិជ្ជកម្មនៅកម្ពុជាធ្លាប់មានតែ យើងអាចដោះស្រាយបាន។ ប៉ុន្តែគ្រាន់វាអូសបន្លាយពេលយូរ ហើយមានភាពស្មុគស្មាញណាស់នៅតុលាការទូទៅ ដូចយើងបានឃើញហើយ សំណុំរឿងកកស្ទះ វាធ្វើឱ្យខាតពេលវេលានិងថវិកា ហើយស្មុគស្មាញទម្រាំចប់ក្តីនីមួយៗ។តែតុលាការពាណិជ្ជកម្មនេះនិងរៀបចំនីតិវិធីក៏ដូចពេលវេលាច្បាស់លាស់ថា នៅសាសាដំបូងប៉ុន្មានថ្ងៃ? ថ្នាក់ឧទ្ធរណ៍ប៉ុន្មានថ្ងៃ? និងថ្នាក់កំពូលប៉ុន្មានថ្ងៃ? មានការកំណត់ថ្ងៃច្បាស់លាស់ ដើម្បីបញ្ចប់រឿងក្តី ធ្វើឱ្យបានលឿន មានប្រសិទ្ធភាព តម្លាភាព មានយុត្តិធម៌និងគ្មានអំពើពុករលួយ។
លោកឧកញ៉ា មានប្រសាសន៍ថា«ខ្ញុំយល់ថាតុលាការពាណិជ្ជកម្មនេះ វាប្រាកដជាជួយលើកតម្កើងប្រព័ន្ធយុត្តិធម៌របស់យើង ជាហេតុធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្ត មិនភ័យខ្លាចក្នុងការចាប់ខ្លួនឬការបណ្តេញចេញ គ្រាន់តែមានទំនាស់ពាណិជ្ជកម្ម។ ធ្វើឱ្យវិនិយោគិនមានទំនុកចិត្តមិនខ្លាចបាត់បង់ទុនវិនិយោគរបស់គាត់ ដែលកើតឡើងដោយសារដៃគូពាណិជ្ជកម្ម ក្រោយពីបានចុះកិច្ចសន្យាជាមួយគ្នា»។
បើតាមលោកឧកញ៉ា យើងទាមទារឱ្យមានតុលាការពាណិជ្ជកម្មនេះ ដើម្បីបង្ហាញពីតម្លាភាពក្នុងការធ្វើពាណិជ្ជកម្ម ចៀសវាងគម្រោងវិនិយោគដូចគ្នា ដោយបង្អាក់គម្រោងមួយទៀតដោយប្រើតុលាសព្វថ្ងៃនេះឱ្យមានការរាំងស្ទះ ។ មុនឈានដល់ការដាក់ឱ្យដំណើរតុលាការពាណិជ្ជកម្មបានគឺ នៅមាន៣ចំណុចសំខាន់ដែលយើងនៅជួបពិភាក្សាគ្នាដើម្បីជំរុញអាចដំណើរបាននៅចុងឆ្នាំនេះឬនៅដើមឆ្នាំក្រោយនេះ គឺបញ្ហាទី១)-ទីតាំងរបស់តុលាការពាណិជ្ជកម្មនេះ ដែលយើងមិនទាន់មានទីតាំងនៅឡើយ ខ្វះអគារសម្រាប់ប្រតិបត្តិនិងកំណត់ជាតំបន់សិន គឺនៅខេត្តព្រះសីហនុ, សៀមរាបនិងភ្នំពេញ។
ព្រោះតុលាការនេះនិងរៀបចំនីតិវិធី កាត់ក្តីតាមរយៈវីដេអូ អនឡាញ។បញ្ហាទី២)- រឿងចៅក្រម ផ្នែកពាណិជ្ជកម្មមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ត្រូវការបណ្តុះបណ្តាលបន្ថែមដើម្បីយកទៅបង្គ្រប់នៅទីតាំងទាំងបីខាងលើ និងបញ្ហាទី៣)-នៅខ្វះច្បាប់ដើម្បីកាត់ក្តី ដែលនៅពេលកន្លងមកយើងអត់មានច្បាប់ក្តីរឿងវិវាទពាណិជ្ជកម្មនោះទេ៕
ចែករំលែកព័តមាននេះ