ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផៃ គឹ​ម​ហឿ​ត នឹង​ក្លាយជា​កីឡាករ​ជួរ​មុខ​ថ្មី​ក្រោយ​ឈ្នះ​ពាន​ជើងឯក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​កាលពី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​ទទួល​បន្ទុក​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា កីឡាករ​ផៃ គឹ​ម​ហឿ​ត

រាជធានី​ភ្នំពេញ ៖ ក្រោយ​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​កាលពី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​ទទួល​បន្ទុក​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា កីឡាករ​ផៃ គឹ​ម​ហឿ​ត នឹង​ក្លាយជា​កីឡាករ​ជួរ​មុខ​ល្បី​ម្នាក់​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី បន្ទាប់​ពី​គេ​បាន​ផ្ដួល​គូប្រកួត​ហើយ​ឈ្នះ​តំណែង​ជា​ម្ចាស់​ពាន​នេះ ។ កីឡាករ​ដែល​ទើប​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​រូប​នេះ​នឹង​ក្លាយជា​ធនធាន​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​ដាក់​បញ្ចូល​វិញ្ញាសា​ប្រដាល់​ក្បាច់គុន​ខ្មែរ​ធ្វើ​ជា​វិញ្ញាសា​នោះ​ផង ដោយ​ផ្អែក​តាម​ភាព​លេចធ្លោ​ដែល​ទើបនឹង​កើតឡើង ។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា ក្រោយ​ជ័យជម្នះ​របស់​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី កាលពី​យប់ម្សិល​ម្ងៃ​៉​លើ​កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ធ្វើ​ឲ្យ​លោក​ក្នុង​នាម​ជា​អ្នក​ចាត់ចែង​ព្រឹត្តិការណ៍​សាទរ និង​រំភើបចិត្ត​ជំនួស​ចំពោះ​លទ្ធផល​ដែល​កីឡាករ​រូប​នេះ​សម្រេច​បាន ។ លោក​ថា ការ​ប្រកួត​បិទ​បញ្ចប់​រវាង​ផៃ គឹ​ម​ហឿ​ត និង​ឡុ​ង សំណាង មានការ​ចាប់អារម្មណ៍​ពេញទំហឹង​ពី​អ្នក​ទស្សនា ដោយ​សូ​ម្បី​លទ្ធផល​ក៏​មានការ​យកចិត្តទុកដាក់​ជា​ពិសេស​ដើម្បី​កុំ​ឲ្យ​កើត​មាន​ភាព​លម្អៀង​ណាមួយ​នាំ​ឲ្យ​មានការ​រិះគន់​ផង​ដែរ​។ លោក​ថា ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​មានការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​ពី​មន្ត្រីជាន់ខ្ពស់​របស់​សហព័ន្ធ ពី​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​ពី​តំណាង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ឧបត្ថម្ភ​ដើម្បី​ឲ្យ​ការ​ប្រកួត​សម្រេច​បាន​ដោយ​យុត្តិធម៌​មិន​មាន​លាយឡំ​បក្ខពួក ឬ​ខ្សែ​ទុយោ​នៅ​លើ​សង្វៀន ។

លោក​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ផៃ គឹ​ម​ហឿ​ត ឈ្នះ​ពាន​ដោយសារ​តែ​ផ្អែក​តាម​ភាព​ជាក់ស្ដែង គឺ​កីឡាករ​រូប​នេះ​មាន​ប្រៀប​ល្អ​ជាង ហើយ​ល្អ​ជាង​ដាច់​តែ​ម្ដង​ក្នុង​ទឹក​ទី​២ ខណៈ​ដែល​ការ​ប្រកួត​បើក​ឆាក និង​ទឹក​ចុង​ក្រោយ គឺ​ពួក​គេ​មាន​លក្ខណៈ​ប្រដំប្រសង​គ្នា ឬ​អាច​និយាយ​បាន​ថា​ឡុ​ង សំណាង មាន​ប្រៀប​ជាង​តែ​បន្តិចបន្តួច ។

ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ​ទាំង​២ និង​កីឡាករ​ដែល​ត្រូវ​ប្រកួត​យក​លេខ​៣ និង​លេខ​៤ ចំនួន​២​រូប​ទៀត​កំណត់​យក​តែ​៣​ទឹក​ប៉ុណ្ណោះ​តាំងពី​ដើម​ទី​រហូត​មក ។ លោក​ថា កីឡាករ​ផៃ គឹ​ម​ហឿ​ត នឹង​ក្លាយជា​សមាសភាព​ថ្មី​ល្បីឈ្មោះ​ដោយ​មិន​ពិបាក​នោះ​ទេ បន្ទាប់​ពី​គេ​ឡើង​អង្គុយ​កៅអី​លេខ​១ ឬ​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​ជើង​ខ្លាំង​ចូលរួម​ប្រកួត​រហូត​ដល់​៣២​រូប​។ លោក​ថា គឺជា​រឿង​ពិបាក​ខ្លាំង​ដែល​កីឡាករ​ម្នាក់​អាច​ឈាន​ដល់​វគ្គ​ចុង​ក្រោយ ហើយ​ទទួល​បាន​ជ័យ​លា​ភី​នាំមុខ​គេ​ក្នុង​ពេល​ដែល​ការ​ប្រកួត​ទាំងមូល​ត្រូវ​ហែល​ឆ្លង​ដោយ​ការ​ប្រជែង​ជា​ច្រើន​ដំណាក់កាល ដូច​ជា​បាន​ឆ្លងកាត់​តាំងពី​វគ្គ​៣២​នាក់​យក​១៦​នាក់ ពី​វគ្គ​១៦​នាក់​យក​៨​នាក់ និង​ពី​វគ្គ​៨​នាក់​យក​៤​នាក់  ផ្អែក​តាម​រូបមន្ត​ចាញ់​ធ្លាក់​ៗ ។ លោក​មាន​ប្រសាសន៍​៖ «​គ្រាន់តែ​គិត​រឿង​ផៃ គឹ​ម​ហឿ​ត យក​លេខ​១​បាន​ហ្នឹង គឺ​មាន​ន័យ​ថា​គាត់​ជា​កីឡាករ​វ័យក្មេង​ថ្មី​មិនធម្មតា​រួច​ទៅ​ហើយ ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​ហ៊ាន​អះអាង​ថា កូន​ហ្នឹង​នឹង​ល្បី​កាន់តែ​ខ្លាំង​ក្រោយ​ពី​ឈ្នះ​ពាន​ហ្នឹង ។

បើ​តាម​គម្រោង​ប៉ុស្ដិ៍​លេខ​៥​នឹង​រៀបចំ​ឲ្យ​គាត់​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​គេ​ស្គាល់​គាត់​កាន់តែ​ច្រើន​ថែម​ទៀត គឺ​អត់​បញ្ចប់​ត្រឹមហ្នឹង​ទេ​!»​។ លោក​ថា កីឡាករ​រូប​នេះ​មិនមែន​បាន​ត្រឹម​ពាន ហើយ​ក៏​ត្រូវ​ដេក​ផ្ទះ​នៅ​ក្រោយ​ប្រកួត​ចប់​នោះ​ទេ ដោយ​បេសកកម្ម​បន្តបន្ទាប់​របស់​គេ​គឺ​ប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ដើម្បី​ទទួលយក​ការ​ប្រកួត​កម្រិត​ជាតិ និង​ជាមួយ​បរទេស​បន្ទាប់​ពី​បាន​កាន់​ពាន​ជើងឯក ។ លោក​មាន​គម្រោង​បណ្ដុះ​កីឡាករ​រូប​នេះ​ឲ្យ​ក្លាយជា​ជើង​ខ្លាំង​ល្បីឈ្មោះ និង​ធ្វើ​ឲ្យ​ក្លាយជា​ធនធាន​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដោយសារ​ទម្រាំ​ដល់​ពេល​នោះ​វ័យ សមត្ថភាព និង​បទ​ពិសោធន៍​របស់​កីឡាករ​រូប​នេះ គឺ​សម​ល្មម​នឹង​ឱកាស​ឡើង​ប្រកួត​តែ​ម្ដង ។

លោក​មាន​ប្រសាសន៍​ថា ៖«​ទម្រាំ​ដល់​ឆ្នាំ​២០២៣ ខ្ញុំ​យល់​ថា កីឡាករ​ខ្លាំង​ជើង​ចាស់​គាត់​ចង់​ហួសពេល​ហើយ អ​ញ្ចឹ​ង​ហើយ​ទើប​ខ្ញុំ​យល់​ថា​មាន​តែ​បណ្ដុះ​ក្មេង​ៗ​ស៊េរី​ក្រោយ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មើលឃើញ​ថា ផៃ គឹ​ម​ហឿ​ត គឺ​ត្រូវ​នឹង​កាលៈទេសៈ​ហ្នឹង​ល្មម ទើប​គិត​ថា​ក្រោយ​ពី​គេ​បាន​ពាន​ហើយ យើង​នឹង​រៀបចំ​ការ​ប្រកួត​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​ល្បីឈ្មោះ​នឹង​គេ​នឹង​ឯង​!» ។ លោក​ថា ចំណាត់ការ​របស់​ប៉ុស្ដិ៍​លេខ​៥ ធ្លាប់​ធ្វើ​ឲ្យ​កីឡាករ​ច្រើន​រូប​ក្លាយជា​ធនធាន​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​រួច​ហើយ ដូច្នេះ​ហើយ​ទើប​ជា​រឿង​មិន​ប្លែក​នោះ​ទេ​សម្រាប់​ជំហាន​ធ្វើ​ឲ្យ​កីឡាករ​ផៃ គឹ​ម​ហឿ​ត ដែល​បាន​ទទួល​ពាន​ជើងឯក​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉្ងៃ ក្លាយជា​កីឡាករ​ជួរ​មុខ​ម្នាក់​ក្នុង​ពេល​ខាង​មុខ ។

យ៉ាងណាមិញ លោក​ក៏​សម្ដែង​ទឹកចិត្ត​អាណិត​ដល់​ឡុ​ង សំណាង ផង​ដែរ ដែល​ប្រឹង​អស់ពី​សមត្ថភាព​ទៅ​ហើយ ប៉ុន្តែ​បាន​ត្រឹម​លេខ​២​នោះ ។ លោក​មាន​គម្រោង​លើក​ស្ទួយ​ដូច​គ្នា ដោយ​បាន​ទាំង​អះអាង​ថា នៅ​ក្នុង​ចំណោម​កីឡាករ​ដែល​បាន​ជាប់​លេខ​ទាំង​៤ គឺ​ឲ្យ​តែ​អ្នក​ណា​ប្រឹងប្រែង​បង្កើន​សមត្ថភាព នោះ​ប៉ុស្ដិ៍​លេខ​៥​នឹង​ស្វាគមន៍​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​បាន​លេចធ្លោ​មុខមាត់ ។

គួរ​បញ្ជាក់​ថា កីឡាករ​ផៃ គឹ​ម​ហឿ​ត ម្ចាស់​ជើងឯក​បាន​ទទួល​ទឹកប្រាក់​សុទ្ធ​៤​ពាន់​ដុល្លារ អម​ដោយ​ពាន​ជើងឯក​មួយ ។ កីឡាករ​ឡុ​ង សំណាង ដែល​ចាញ់​ពិន្ទុ​ហើយ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​២​ពាន់​ដុល្លារ​អម​ដោយ​ពាន​កិត្តិយស​មួយ ។ កីឡាករ​ឌុន ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ខេត្តព្រៃវែង ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​ទឹកប្រាក់​៧៥០​ដុល្លារ​អម​ដោយ​ពាន​កិត្តិយស​មួយ និង​កីឡាករ​ញ៉េ សិទ្ធ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា បាន​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​ទឹកប្រាក់​៥០០​ដុល្លារ​អម​ដោយ​ពាន​កិត្តិយស​មួយ ។ ទោះជា​ក្នុង​ចំណោម​ពួក​គេ មាន​តែ​កីឡាករ​ផៃ គឹ​ម​ហឿ​ត ម្នាក់​លេចធ្លោ​ជាងគេ ប៉ុន្តែ​ផ្អែក​តាម​សមត្ថភាព​ទម្រាំ​ឈាន​ដល់​វគ្គ​៤​នាក់​ចុង​ក្រោយ​នោះ គឺ​ពួក​គេ​នឹង​បាន​លេចធ្លោ​មិន​ខុស​គ្នា បន្ទាប់​ពី​ធ្វើ​ឲ្យ​មហាជន​កត់សម្គាល់​ក្រោយ​ពី​អាច​យកឈ្នះ​លើ​គូប្រកួត​ជា​ច្រើន​ក្នុង​ចំណោម​៣២​រូប​តាំងពី​ចាប់ផ្ដើម​ការ​ប្រកួត​នោះ ៕