ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន័​រវេ​ស «​នាំ​ចេញ​» អ្នកទោស​ទៅ​ប្រទេស​ហូ​ឡង់

8 ឆ្នាំ មុន

សភា​ប្រទេស​ហូ​ឡង់ និង​ន័​រវេ​ស ទើបតែ​បោះ​ឆ្នោត​យល់ព្រម​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា កាលពី​កន្លះ​ឆ្នាំ​មុន ចាប់ពី​ខែវិច្ឆិកា ២០១៥​នេះ​តទៅ ។ កិច្ចព្រមព្រៀង​នោះ​គឺ​ហូ​ឡង់​យល់ព្រម​ឱ្យ​ន័​រវេ​ស

សភា​ប្រទេស​ហូ​ឡង់ និង​ន័​រវេ​ស ទើបតែ​បោះ​ឆ្នោត​យល់ព្រម​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា កាលពី​កន្លះ​ឆ្នាំ​មុន ចាប់ពី​ខែវិច្ឆិកា ២០១៥​នេះ​តទៅ ។ កិច្ចព្រមព្រៀង​នោះ​គឺ​ហូ​ឡង់​យល់ព្រម​ឱ្យ​ន័​រវេ​ស «​នាំ​ចេញ​» អ្នកទោស​ទៅ​ទទួលទោស​នៅ​ពន្ធនាគារ​របស់​ខ្លួន ។

កាលពីដើម​ខែមីនា ២០១៥ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ន័​រវេ​ស លោក Ander Anunsen  និង លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហូ​ឡង់ លោក Fred  Teeven  បាន​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ន័​រវេ​ស​បញ្ជូន​អ្នកទោស​របស់​ខ្លួន​ទៅ​ទទួលទោស​ក្នុង​ពន្ធនាគារ​ប្រទេស  ហូ​ឡង់ ។ តាម​កិច្ច​ព្រម​ព្រៀ​ង​នោះ អ្នកទោស​ន័​រវេ​ស​២៤២​នាក់ ត្រូវ​បាន​បញ្ជូន​ដាក់​ពន្ធនាគារ Norgerhaven ក្នុង​ប្រទេស​ហូ​ឡង់ ។ មូលហេតុ​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ដូច្នេះ ព្រោះ​នៅ​ប្រទេស​ហូ​ឡង់​ពន្ធនាគារ​មាន​កន្លែង​ទំនេរ​ច្រើន ខណៈ​នៅ​ន័​រវេ​ស​ពន្ធនាគារ​ទាំងអស់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លើស​ចំណុះ​។ ស្ថិតិ​នៅ​ក្រសួងយុត្តិធម៌​ន័​រវេ​ស​បានឱ្យ​ដឹង​ថា សព្វថ្ងៃ​នៅ​ន័​រវេ​ស មាន​អ្នកទោស ដែល​តុលាការ​កាត់ទោស​ចំនួន​១.៣០០​នាក់ នៅផ្ទះ​យ៉ាង​រំភើយ ព្រោះ​គ្មាន​កន្លែង​ដាក់​ពន្ធនាគារ​។ តាម​កិច្ចព្រមព្រៀង​នោះ​ក្រៅពី​ទទួលយក​អ្នកទោស​ន័​រវេ​ស​ដាក់​ពន្ធនាគារ Norgerhavan ហូ​ឡង់​ក៏​អនុញ្ញាត​ឱ្យ​អនុរក្ស​ពន្ធនាគារ​ន័​រវេ​ស​ទៅ​មើល​ការពារ​ពួក​អ្នកទោស​របស់​ខ្លួន​ផង​ដែរ ។

កិច្ចព្រមព្រៀង​រវាង​ន័​រវេ​ស និង​ហូ​ឡង់​នេះ ស្តាប់​ទៅ​ហាក់ដូចជា​រលូន​ល្អ​ណាស់ ប៉ុន្តែ​តាម​ពិត​ជួប​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ន័​រវេ​ស ក៏​ដូច​ជា​អ្នកទោស​ហូ​ឡង់​ក្នុង​ពន្ធនា​គារ Norgerhaven ។ ប្រជាជន​ន័​រវេ​ស ពិសេស​សាច់ញាតិ​អ្នកទោស​ដែល​ត្រូវ​បញ្ជូន​ទៅ​ហូ​ឡង់  ប្រឆាំង​ប្តូរផ្តាច់​ទាមទារ​ឱ្យ​លុប​កិច្ចព្រមព្រៀង​ចោល ព្រោះ​ខ្លួន​មិន​អាច​សួរសុខទុក្ខ​សាច់ញាតិ​ក្នុង​ពន្ធនាគារ​ដូច មុន​ៗ​បាន បើ​ចង់​សួរសុខទុក្ខ​បាន​ទាល់តែ​ចំណាយ​ប្រាក់​ច្រើន​ធ្វើ​ដំណើរ​រាប់រយ រាប់​ពាន់​គីឡូម៉ែត្រ ហើយ​ថែម​ទាំង​ចំណាយ​ពេល​វេលា​យូរ​ទៀត ។ ទន្ទឹម​នឹង​ការ​តវ៉ា​នៅ​ន័​រវេ​ស អ្នកទោស​ហូ​ឡង់​នៅ​ពន្ធនាគារ Norgerhaven ក៏​តវ៉ា​ពុះកញ្ជ្រោល​ដូច​គ្នា ដោយ​ខ្លាច​អ្នកទោស​បរទេស​ហូរ​ចូល​ដណ្តើម​យក​ភាព​ងាយស្រួល​ដែល​ខ្លួន​កំពុង​មាន​រាល់ថ្ងៃ ព្រោះ​នៅ​ប្រទេស​ហូ​ឡង់​ពន្ធនាគារ Norgerhaven ជា​ពន្ធនាគារ​មានការ​បើក​ទូលាយ​ជាងគេ អ្នកទោស​មាន​សិទ្ធិ​ដាំ​បន្លែ ចិញ្ចឹម​មាន់ ទា និង​ដាំ​ស្ល ហូប​ចុក​ខ្លួនឯង​ថ្មើរ​ណា​ក៏​បាន ។ គ្រប់​បន្ទប់​ឃុំឃាំង​មាន​ទូរទស្សន៍​ខ្សែកាប មាន​របស់​ប្រើប្រាស់ ទំនើប​ៗ​ផ្សេង​ទៀត​ជា​ច្រើន ពិសេស​បើ​ចង់​លាបថ្នាំ​បន្ទប់​តាម​ពណ៌​ដែល​ខ្លួន​ស្រឡាញ់ ហើយ​តុបតែង​ដោយ​គ្រឿង​លម្អ ផ្សេង​ៗ​ទៀត  គឺ​អាច​ធ្វើ​បាន​ទាំងអស់ ។ អ្នកទោស​ហូ​ឡង់​នៅ​ពន្ធនាគារ Norgerhaven  ដែល​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត គ្រាន់តែ​ឮ​ថា​គេ​ជិត​អនុវត្ត​កិច្ចព្រមព្រៀង​ន័​រវេ​ស​-​ហូ​ឡង់ ឆាប់​ៗ​នេះ ពួក​គេ​បះបោរ​តវ៉ា​ភ្លាម គឺ​តវ៉ា​ដោយ​ស្រែក​ឆោឡោ​ផង ដោយ​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហូ​ឡង់ តាម​រយៈ​លោកស្រី​មេធាវី Hattie Kemers ផង ។ តាម​ការ​លើក​ឡើង​របស់​លោកស្រី​មេធាវី Hattie  Kremers គឺ​អ្នកទោស​ទាំងនោះ​ខ្លាច​ត្រូវ​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​ផ្សេង ទុក​កន្លែង​ដែល​ពួក​ខ្លួន​ធ្លាប់​រស់នៅ​ស្រួល​ឱ្យ​អ្នកទោស​បរទេស ។

ការ​«​នាំ​ចេញ​» អ្នកទោស​ទៅ​ប្រទេស​ផ្សេង មិនមែន​ជា​រឿង​ថ្មី​សម្រាប់​អឺរ៉ុប​ឡើយ ។ ឆ្នាំ​២០១០ ប្រទេស​បែ​ល​ហ្ស៊ិ​ក​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ហូ​ឡង់ ជួល​កន្លែង​ឃុំឃាំង​ចំនួន​៦០០​កន្លែង ដើម្បី​ឃុំឃាំង​អ្នកទោស​បែ​ល​ហ្ស៊ិ​ក ។  ឆ្នាំ​២០១៤ ប្រទេស​ន័​រវេ​ស ស្នើ​ប្រទេស​ស៊ុ​យ​អែ​ត ដែល​នៅ​ជិតខាង​គ្នា សុំ​ឱ្យ​ទទួល​អ្នកទោស​ន័​រវេ​ស តែ​ការ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​ទើប​ន័​រវេ​ស​ងាក​ទៅ​រក​ប្រទេស​ហូ​ឡង់ ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ទៅ​វិញ ។ ឆ្នាំ​២០១៥​នេះ​ដែរ ប្រទេស​ស្វ៊ី​ស លើក​ឡើង​ពី​បំណង​របស់​ខ្លួន​ចង់​«​នាំ​ចេញ​» អ្នកទោស​ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ឬ​ប្រទេស​បារាំង ។ គេ​ដឹង​ថា នៅ​អឺរ៉ុប អត្រា​អ្នកទោស​៧១​នាក់ ក្នុង​ចំណោម​ប្រជាជន​១០០.០០០​នាក់​ជា​អត្រា​ទាប​បំផុត ។

ហេតុនេះ​ពួក​អ្នកឯកទេស​ក្នុង​ក្រសួងយុត្តិធម៌​ហូ​ឡង់​ប៉ាន់​ប្រមាណ​ឃើញ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ពន្ធនាគារ​នៅ​ហូ​ឡង់​សល់​កន្លែង​ទំនេរ​៧០០​កន្លែង អាច​ជួល​ឱ្យ​បរទេស​​បាន ៕