ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​កាត់ដេរ នៅ ៤​ខេត្ត មាន ១.២៤៤.០០០ នាក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​អមដំណើរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍…

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​អមដំណើរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។ យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ព្រះសីហនុ​នេះ បានធ្វើ​ឡើង ដំណាលគ្នា​នឹង​ខេត្ត ៣​ទៀត គឺ​កោះកុង តាកែវ និង​កំពង់ស្ពឺ ដោយមាន​ប្រជាពលរដ្ឋ អាយុ ១៨​ឆ្នាំ​ឡើងទៅ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង សរុប ១.២៤៤.០០០ នាក់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃនេះ កងយោធពល​ខេមរភូមិន្ទ បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ត្រី​សុខាភិបាល​ខេត្ត​ទាំង ៤ មាន​ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​ខេត្តតាកែវ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។

​សូម​ជម្រាបជូន​ថា មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ កន្លងមក គឺ​បាន​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​មួយ​ជំ​ហ៊ាន​រួចមកហើយ​។ ប៉ុន្តែ​ពេលនេះ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ព្រមៗ​គ្នា​តែម្តង ទាំង ៤​ខេត្ត​។

​ដោយឡែក ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១៩៣.១៦៥​នាក់ ក្នុងនោះ កងយោធពល​ខេមរភូមិន្ទ​ទទួល​ភារកិច្ច​ចាក់ ១១៦.៩៣៥​នាក់​។ ក្រៅពីនោះ គឺ​មន្ទីរ​សុខាភិបាល​ខេត្ត ចាក់​ជូន​។

​បន្ទាប់ពី​ការប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ឃើញថា មាន​ប្រជាពលរដ្ឋ ចង់​ចាក់​វ៉ាក់សាំង មកពី​គ្រប់​ទីកន្លែង​។

​ដោយ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីឱ្យ​វ៉ាក់សាំង​ជ្រាបចូល​ក្នុង​ខ្លួន​។

​កងយោធពល​ខេមរភូមិន្ទ នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ខ្លាច​នឿយហត់ នេះ​ជា​កាតព្វកិច្ច​សម្រាប់​ជាតិ​របស់​យើង ដើម្បី​កាត់ផ្តាច់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​ប្រទេសជាតិ​មាន​ស្ថេរភាព និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​នាពេលខាងមុខ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បន្តថា ខេត្ត​ទាំង​០៤ មាន​ប្រជាពលរដ្ឋ ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ១.២៤៤.០០០ នាក់​។ ដោយឡែក កងយោធពល​ខេមរភូមិន្ទ​ទទួល​ភារកិច្ច​ចាក់​វ៉ាក់សាំង​ចំនួន ៨១​ម៉ឺន​នាក់​។ យើង​ខិតខំ​ចាក់​វ៉ាក់សាំង ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃ​៣០ មិថុនា ឆ្នាំ​២០២១ ចាក់ឱ្យ​អស់​ដូ​ស​ទី​១ គ្រប់​ខេត្ត​ទាំង​០៤ ចំពោះ​វ៉ាក់សាំង យើង​មាន​គ្រប់​ចំនួន ក្នុង​ដៃ​រួចហើយ សម្រាប់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ១០០​ភាគរយ​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​គ្រប់​ព្រះអង្គ សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​សម្តេច​ខិតខំ​រក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង និង​បាន​ដាក់ចេញ​វិធាន​ការចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត​បន្តថា ពិសេស​ថ្ងៃនេះ សម្តេច​បាន​ដឹកនាំ​ចាត់ចែង​កងកម្លាំង​ចេញ​ធ្វើ​សកម្មភាព​ដោយផ្ទាល់ គឺ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ក្នុងនាម​អាជ្ញាធរខេត្ត បានធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមការងារ​ចាក់​វ៉ាក់សាំង ព្រមទាំង​បានដាក់​ចេញ​នូវ​ផែនការ​លម្អិត ចាត់ចែង​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​មក​តាម​ការចាត់​ចែង​របស់​អាជ្ញាធរ ដើម្បី​មាន​សណ្តាប់ធ្នាប់ អនុវត្ត​វិធានការណ៍ ៣.​ការពារ និង​៣.​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​ប្រជាពលរដ្ឋ​មក​តាម​ការរៀបចំ​រប​ស់​អាជ្ញាធរ អាចជួយ​ព​ន្លឿ​ន​ដល់​ការចាក់​វ៉ាក់សាំង​បាន​កាន់តែ​លឿន ព្រោះ​បេសកកម្ម​របស់​កងយោធពល​ខេមរភូមិន្ទ មិនមែន​មានតែ​ខេត្ត​ព្រះសីហនុ​មួយ​ទេ មាន​រាជធានី ខេត្ត​ទាំង​២៥ ត្រូវ​បន្ត​បេសកកម្ម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​គោលដៅ​នីមួយៗ​ត្រូវខិតខំ​សហការគ្នា ដើម្បីឱ្យ​បេសកកម្ម​ចាក់​វ៉ាក់សាំង​បាន​លឿន ហើយ​វ៉ាក់សាំង​បាន​ជ្រាប​ចូលក្នុង​ខ្លួន​ប្រជាពលរដ្ឋ​។

​ទន្ទឹម​នោះ លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងពេល​តែមួយ​យើង​មិនអាច​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ទាំងអស់គ្នា​នោះទេ ត្រូវតែមាន​អ្នក​មុន និង​អ្នក​ក្រោយ​បន្តបន្ទាប់​តាម​ចំនួន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ទើប​ការរៀបចំ​របស់​យើង​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន និង​ទទួលបាន​ម​អត្ថប្រយោជន៍​ទាំងអស់គ្នា​៕ រស់ ភី​ណា


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ