កាសែតបាងកកប៉ុស្តិ៍របស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី៩ មីនា ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា សង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខនេះនឹងជាចំណុចចាប់ផ្តើមមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។
លោកអាប់ភីស៊ីត បានលើកឡើងដូច្នេះក្រោយពីខាងភាគីកម្ពុជាឯកភាពចំពោះកិច្ចប្រជុំនេះដែលស្នើឡើងដោយប្រធានអាស៊ានរៀបចំឡើងនៅថ្ងៃទី២៤ និង២៥ មីនា ខាងមុខនេះ ។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីលោក Thani Thongpha Kdi អ្នកនាំពាក្យក្រសួងការបរទេសថៃ ដែលថ្លែងកាលពីថ្ងៃទី៨ មីនា កន្លងមកថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកម៉ាធី ណាតាឡេ ហ្គាវ៉ា ជាប្រធានអស៊ាន បានជម្រាបក្រសួងការបរទេសថៃថា កម្ពុជាបានឯកភាពរួចហើយចំពោះការចូលរួមកិច្ចប្រជុំ JBC ដែលស្នើឡើងនោះ ។
ដំបូងកិច្ចប្រជុំ JBC ត្រូវគ្រោងរៀបចំធ្វើនាចុងខែកុម្ភៈ កន្លងមក ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយភាគីថៃអះអាងថា កម្ពុជាចង់ឱ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិសិន ។
កាសែតថៃដដែលនេះបានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា «ខ្ញុំសង្ឃឹមថា កិច្ចប្រជុំនេះនឹងជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ» ។ ប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ឱ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ក៏នឹងមិនជំទាស់ដែរ ប្រសិនបើកិច្ចប្រជុំ JBC ត្រូវរៀបចំធ្វើឡើងក្រោមការអង្កេតរបស់តំណាងអាស៊ាន ឬប្រធានអាស៊ាន។
ទីភ្នាក់ងារព័ត៌មានផ្លូវការចិនស៊ីនហួកាលពីថ្ងៃទី៨ មីនា បានដកស្រង់សម្តីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកម៉ាធី ណាតាឡាហ្គាវ៉ា ដែលក្នុងលិខិតនោះលោកឧបនាយករដ្ឋមន្ត្រីសរសេរថា កិច្ចប្រជុំ JBC និងកិច្ចប្រជុំ GBC ត្រូវតែរៀបចំឡើងដោយមានការចូលរួមពីប្រធានអាស៊ាន ឬតំណាងអាស៊ាន យ៉ាងហោចណាស់ក៏នៅក្នុងពិធីបើកកិច្ចប្រជុំដែរ ហើយនៅពេលកិច្ចប្រជុំចប់ភាគីទាំងពីរកម្ពុជា និងថៃត្រូវតែរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះជូនប្រធានអាស៊ាន ៕
ចែករំលែកព័តមាននេះ