ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kamlai Phath ក្រោយ​ឈ្នះ​រឿង សោ​ភ័​ណ្ឌ ឡើង​ប៉ះ ឡុ​ង សុ​ភី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះជា​ទើប​ឡើង​មក​ប្រកួត​នៅ​ស្រុក​តែ​ម្ដង ប៉ុន្តែ​កីឡាករ​ជើង​ខ្លាំង​ថៃ Kamlia Phath ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​កត់សម្គាល់​ពី​សមត្ថភាព​ប្រកួត​យ៉ាង​ខ្លាំង បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​បំបាក់​កីឡាករ​រឿង សោ​ភ័​ណ្ឌ

រាជធានី​ភ្នំពេញ ៖  ទោះជា​ទើប​ឡើង​មក​ប្រកួត​នៅ​ស្រុក​តែ​ម្ដង ប៉ុន្តែ​កីឡាករ​ជើង​ខ្លាំង​ថៃ Kamlia Phath ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​កត់សម្គាល់​ពី​សមត្ថភាព​ប្រកួត​យ៉ាង​ខ្លាំង បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​បំបាក់​កីឡាករ​រឿង សោ​ភ័​ណ្ឌ ឲ្យ​ចាញ់​យ៉ាង​អាម៉ាស់ ក្នុង​ដំណើរ​មក​ប្រកួត​កាល​លើក​ទី​១​នោះ ។ អីុ​ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​លើក​ទី​២​របស់​គេ​ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​ឡុ​ង សុ​ភី នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ។

នៅ​ចុង​ស​ប្ដា​ហ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មានការ​ប្រកួត​អន្តរជាតិ​តែ​មួយ​សង្វៀន​ប៉ុណ្ណោះ គឺ​ការ​ប្រដាល់​ពេល​រសៀល​ថ្ងៃ​សៅរ៍​ទី​២៨ វិច្ឆិកា ក្នុងថ្ងៃនេះ ។ ការ​ប្រកួត​អន្តរជាតិ​នេះ នឹង​មាន​បង្ហាញ​សមាសភាព​កីឡាករ​កម្ពុជា​២​រូប និង​កីឡាករ​ថៃ​២​រូប ។ មួយគូ​ទៀត កីឡាករ​ថៃ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ក្រៅពី​ឈ្មោះ និង​ប្រភេទ​ទម្ងន់​នោះ​ទេ ដោយសារ​តែ​គេ​ទើប​មានមុខ​មក​ប្រកួត​នៅ​ថ្ងៃនេះ​ហើយ​មិន​ដែល​ជាន់​ដី​កម្ពុជា​ទាល់តែ​សោះ ។

អីុ​ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​អន្តរជាតិ​សម្រាប់​ថ្ងៃនេះ គេ​ហាក់​ម​ផ្ដោត​ជា​ពិសេស​តែ​លើ​ការ​ប្រកួត​រវាង​កីឡាករ​ឡុ​ង សុ​ភី និង​កីឡាករ​ថៃ Kamlai Phath ដែល​ពួក​គេ​នឹង​កំដរ​បរិយាកាស​ការ​ប្រដាល់​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ជំនួប​របស់​អ្នក​ទាំង​ពីរ​មានការ​ចាប់អារម្មណ៍​ដោយសារ​តែ​ជើង​ខ្លាំង​របស់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រកាស​ថា​នឹង​យកជ័យ​ជម្នះ​គ្រប់ការ​ប្រកួត​ឲ្យ​ទាល់តែ​បាន មុន​ពេល​ខ្លួន​ចូល​រោងការ​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​។ ម្យ៉ាង​គូប្រកួត​របស់​គេ គឺជា​កីឡាករ​ថៃ​ដែល​ធ្លាប់​ផ្ដួល​រឿង សោ​ភ័​ណ្ឌ កាល​ខែកញ្ញា​កន្លង​ទៅ​ផង ទើប​ការ​ផ្គូផ្គង​ឲ្យ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា គឺជា​រឿង​ដែល​មាន​អ្នក​ទស្សនា​ឃ្លាំមើល ។

Kamlai Phath គឺជា​ជើង​ខ្លាំង​ដែល​មាន​ប្រវត្តិ​ប្រកួត​មិនធម្មតា​នោះ​ឡើយ ដោយ​សូ​ម្បី​តែ​រឿង សោ​ភ័​ណ្ឌ ក៏​ទទួលស្គាល់​ចំពោះ​ការ​បរាជ័យ​របស់​ខ្លួន​នោះ​ដែរ ក្នុង​ពេល​ប៉ះ​ប្រកួត​ជាមួយ​គេ​៥​ទឹក​ពេញ ហើយ​ទៅ​មិន​រួច​គ្រប់​ស្នៀត​នោះ ។ Kamlai Phath ធ្លាប់​ប្រកួត​៩៧​លើក ឈ្នះ​៧៧​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក​ដោយ​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​ក្រៅពី​ឈ្នះ​ម្ចាស់​ខ្សែក្រវាត់​រឿង សោ​ភ័​ណ្ឌ ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់ គេ​ក៏​ឈ្នះ​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ។ កីឡាករ​រូប​នេះ​ល្អ​កែង ហើយ​រហ័ស​ម៉ាត់ និង​ទាត់ និយាយ​រួម​កម្រិត​ក្នុង​ការ​វាយលុក​របស់​គេ​សឹង​មិន​មាន​បច្ចេកទេស​ណាមួយ​ទៅ​មិន​រួច​ខ្លាំង​ណាស់ ទើប​ធ្វើ​ឲ្យ​កីឡាករ​ជា​គូប្រកួត​ពិបាក​នឹង​ស៊ី ។

យ៉ាងណា​ក៏​ដោយ ក្នុង​ជំនួប​ជាមួយ​ឡុ​ង សុ​ភី នៅ​ល្ងាច​នេះ វា​មិន​អាច​ដូច​ការ​ចង់បាន​របស់​គេ​នោះ​ឡើយ ដោយសារ​តែ​ឡុ​ង សុ​ភី គឺជា​កីឡាករ​ដែល​អ្នកគាំទ្រ​កម្ពុជា​មាន​ទំនុកចិត្ត​១០០​ភាគរយ​ថា អាច​សងសឹក​ឲ្យ​រឿង សោ​ភ័​ណ្ឌ បាន​សម្រេច​ក្រោយ​ចប់​ការ​ប្រកួត ។ ក្រុម​អ្នក​តាមដាន​បាន​ធ្វើការ​វិភាគ​ថា កីឡាករ​កម្ពុជា​មិន​អាច​បរាជ័យ​បាន​ទេ ដោយសារ​តែ​ក្រោយ​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​ទូរទស្សន៍​បាយ័ន កីឡាករ​រូប​នេះ​ល្អ និង​ខ្លាំង​ជាង​មុន​ដាច់​ឆ្ងាយ ។ ទាំង​បច្ចេកទេស និង​កម្លាំង​ស៊ុ​ហ្វ ឡុ​ង សុ​ភី ហាក់​ក្ដោប​ក្ដាប់​បាន​ខ្លាំង​បើ​ធៀប​នឹង​កីឡាករ​ល្បីឈ្មោះ​ផ្សេង​ទៀត ដែល​កាន់តែ​មាន​ប្រវត្តិ​ឡើង​ប្រកួត​ច្រើន ក៏​ធ្លាក់ដៃ​ថយក្រោយ​បន្តិច​ម្ដង​ៗ​នោះ ។

ឡុ​ង សុ​ភី ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់​សំបើម​ណាស់ បើ​ទោះជា​លោក​នឹង​ក្លាយជា​កូនកំលោះ ដែល​ត្រៀម​បន្ទុំ​សាច់​រៀប​ការ​ក្នុង​ពេល​ដ៏​ខ្លី ។ ជើង​ខ្លាំង​រូប​នេះ​បញ្ជាក់​ថា គេ​ត្រូវការ​ឈ្នះ​១០០​ភាគរយ​សម្រាប់​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​មុន​រៀប​ការ ដោយ​រាប់​ទាំង​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃនេះ​ផង ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ទំនុកចិត្ត​ស្របគ្នា ។ នា​ពេល​កន្លង​មក កីឡាករ​រូប​នេះ ក៏​មាន​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​បរទេស​មិន​តិច​នាក់​នោះ​ដែរ ទើប​ធ្វើ​ឲ្យ​មាន​ជំនឿ​ចិត្ត​មិន​ណ​យ​ប៉ុន្មាន​នៅ​ក្នុង​ចំណោម​មហាជន​ភាគច្រើន​។
ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​ថៃ មិន​តិច​ជាង​២០​នាក់​នោះ​ទេ ដោយ​ការ​ប្រកួត​កន្លង​មក​គេ​ឈ្នះ​១៩​នាក់ ស្មើ​១​នាក់ និង​ចាញ់​ថៃ​តែ​ម្នាក់​គត់​សម្រាប់​ជំនួប​អន្តរជាតិ​នោះ ។

ជាក់ស្ដែង​ការ​ប្រកួត​លើក​ចុង​ក្រោយ​គឺ​គេ​បាន​បំបាក់​ជើង​ខ្លាំង​របស់​ថៃ​ម្នាក់​ឈ្មោះ​Tom Tam ក្នុង​ទឹក​ទី​៤​នៅ​លើ​សង្វៀន SEA-TV​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​ផង​ដែរ ។ ជើង​ខ្លាំង Kamlai Phath  ទំ​នឹង​ជា​ពិបាក បើ​ទោះជា​គេ​ធ្លាប់​ស៊ី​រឿង សោ​ភ័​ណ្ឌ ហើយ​បាន​ឡើង​ក្រេ​ឌី​ត​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ក្ដី ។

សម្រាប់​ការ​ប្រកួត​អន្តរជាតិ​មួយគូ​ទៀត គឺ​ឌុ​ម កែវ​ដា ជើង​ខ្លាំង​របស់​កម្ពុជា​មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kamlai Yuk ។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដោយ​កីឡាករ​ថៃ​មិន​ត្រូវ​បាន​បង្ហាញ​តួលេខ​ប្រកួត​ដើម្បី​បញ្ជាក់​ថា មានបទពិសោធន៍​កម្រិត​ណា​នោះ​ឡើយ ។ យ៉ាងណាមិញ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា Kamlai Yuk គឺជា​បងប្អូន​បង្កើត​របស់ Kamlai Phath ដែល​ជា​ជើង​ខ្លាំង​ត្រូវ​ប៉ះ​ជាមួយ​ឡុ​ង សុ​ភី នោះ ទើប​គេ​ចាប់អារម្មណ៍​ថា​កីឡាករ​ថៃ​ទំនង​មិនមែន​ជា​ជើង​ថ្មី ដែល​ឌុ​ម កែវ​ដា ងាយ​ស៊ី​នោះ​ដែរ ។ ចាំ​មើល​មើល៍​តើ​ការ​ប្រកួត​របស់​ពួក​គេ​ភាគី​កម្ពុជា ឬ​ថៃ ដែល​ទទួល​បាន​ឱកាស​ឈ្នះ​នោះ ។

នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​ឯណោះ​វិញ ក៏​មានការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​ចាប់ពី​ម៉ោង​៥​ល្ងាចតទៅ ដោយសារ​តែ​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​កីឡាប្រដាល់​បង្ហាញ​វត្តមាន ៕