ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ឯកភាព​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្ពុជា ដើម្បី​សាងសង់​ស្ពាន​មួយ​កន្លែង ក្នុង​ខេត្តក្រចេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចិន ឯកភាព​ផ្ដល់​ថវិកា​កម្ចី​មក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចិន ឯកភាព​ផ្ដល់​ថវិកា​កម្ចី​មក​កម្ពុជា ក្នុង​ការ​សាងសង់​ស្ពាន​មួយ​កន្លែង ក្នុង​ខេត្តក្រចេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ថែម​ទៀត​ផង ។

នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ដែរ នៅ​ស្នាក់​ការ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​ជាមួយ​ឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រី​ដឹក​ជញ្ជូន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មានការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បន្ត​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ដែល​ត​ភ្ជាប់​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ ត្រូវ​បាន​បញ្ចប់​ការ​សិក្សា​ហើយ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចុះ​កិច្ចព្រមព្រៀង សាងសង់​ស្ពាន​នា​ពេល​ខាង​មុខ ។ ដោយ​គម្រោង​នេះ គឺ​ទទួល​បាន​ថវិកា​កម្ចី​ពី​ប្រទេស​ចិន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទន្លេមេគង្គ ខណៈ​បច្ចុប្បន្ន​ពួក​គាត់​ឆ្លងកាត់​ទន្លេ​ដោយ​សាឡា​ង​ឬ​ទូក ដ​។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​យ៉ាង​ដូច្នេះ​ថា យើងខ្ញុំ​ត្រៀម​ទទួល​ចម្លើយ​ពី សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី ដើម្បី​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នៅ​ខេត្តក្រចេះ​របស់​យើង ដែល​មិត្ត​ចិន​របស់​យើង​បាន​ឯកភាព​ហើយ នឹង​ផ្ដល់​ថវិកា​កម្ចី​មក​សាងសង់​ស្ពាន​នៅ​ក្រចេះ ម្យ៉ាងវិញទៀត ផ្លូវ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តស្ទឹងត្រែង ក្រសួង​បាន​និង​កំពុង​កែ​លម្អ និង​លើកកម្ពស់​គុណភាព​ផ្លូវ​បាន​ប្រវែង​៩៣​គីឡូម៉ែត្រ​ហើយ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​មិត្ត​ចិន ឥឡូវនេះ​មិត្ត​ចិន កំពុង​ពិចារណា​ដើម្បី​សាងសង់​បន្ដ​ទៀត រហូត​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ ។

ឯកឧត្តម​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​និង​ស្ពាន ជា​ច្រើន​ទៅ​ដល់​តំបន់​ដាច់​ស្រយាល ដែល​បាន​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​មក​អភិវឌ្ឍ នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

សូម​បញ្ជាក់​ថា តាម​ការ​សិក្សា​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ស្ពាន​មួយ​ខ្សែ​នេះ មាន​ប្រវែង ១,៧៦១ ម៉ែត្រ ដែល​នឹង​ត្រូវ​សាងសង់​ឡើង​ប្រើប្រាស់​រយៈពេល​ចន្លោះ​ពី​២ ទៅ​៣​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ