ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកទស្សនា​ប្រាសាទព្រះវិហារមានការ​កើនឡើង​ជាង​ឆ្នាំ​២០១៤

8 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ប្រាសាទព្រះវិហារទទួលភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​ឆ្នាំ​២០១៥​នេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិខ្មែរ​ធំ​ៗ​។ តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក…

ខេត្ត​ព្រះ​វិហារ​ ៖ ប្រាសាទព្រះវិហារទទួលភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​ឆ្នាំ​២០១៥​នេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិខ្មែរ​ធំ​ៗ​។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ចាន់ ឆ​ន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រាប់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​២០១៥​​​ថា រៀងរាល់ថ្ងៃ​ធម្មតា​ក្នុង​មួយ​ថ្ងៃ​ៗ ភ្ញៀវ​ទេ​ចរ​​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទព្រះវិហារប្រមាណ​ជា​៣០០​នាក់ទៅ​៤០០​នាក់​​​ ចំណែកឯ​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិ​ធំ​ៗ​វិញ ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​ប្រាសាទព្រះវិហារក្នុង​មួយ​ថ្ងៃ ចាប់ពី​១.០០០​នាក់ ទៅ​១.៥០០​នាក់ ដែល​មក​ពី​គ្រប់​បណ្តា​ខេត្ត​-ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារដដែល​បាន​បន្ត​ថា នៅ​តំបន់​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ ក៏​មាន​សេវាកម្មទទួលភ្ញៀវ​ទេសចរ​ ដូច​ជា​​ មាន​សេវាកម្មដឹក​អ្នកដំណើរ​ឡើង​ភ្នំ តាម​ម៉ូតូ​ ឬ​រថយន្ត សេវាកម្ម​លក់​ម្ហូបអាហារ នៅ​លើ​ប្រាសាទព្រះវិហារ និង​នៅ​ចំណុច​ឃុំ​ស្រឯម ចម្ងាយ​ពី​ជើងភ្នំ​ប្រាសាទព្រះវិហារ ប្រមាណ​២០គីឡូ​ម៉េត្រ​ ក៏​មាន​សេវាកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនីយ​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន ជា​ច្រើន​កន្លែង​ផង​ដែរ ។

​តាម​របាយការណ៍របស់​មន្ទីរ​ទេសចរណ៍ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនាប្រាសាទព្រះវិហាររយៈពេល​៦​ខែ ដើមឆ្នាំ​២០១៥​នេះ ចំពោះ​ភ្ញៀវ​ជាតិមាន​ចំនួន៥៣.០១៥​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ថយ​ចុះ ៦.៧% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៨.៤៩៩​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ កើនឡើង​២៦.១៨% ។ ចំណែកឯ​ស្ថិតិ​ផ្ទះសំណាក់ អាហារ​ដ្ឋា​ន គឺ​កំណត់​មិន​ច្បាស់​នោះ​ទេ ដោយសារ​តែផ្ទះសំណាក់ សណ្ឋាគារ អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ត្រូវ​បាន​បង្កើត​ឡើងជា​ហូរហែនៅ​តំបន់​នោះ ។

សូម​បញ្ជាក់​ផង​ដែរថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​ អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរ​​ជាតិ មាន​ចំនួន​២.៨២៩​នាក់ និង​អន្តរជាតិ​ចូលទស្សនា​ប្រាសាទព្រះវិហារ មាន​ចំនួន​២៧០​នាក់ ​ រីឯស្ថាន​ការ​ណ៍យោធា​តំបន់​ប្រាសាទព្រះវិហារ មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា មិន​មានអ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ដោយ​កងកម្លាំង​ទាំង​ពីរ​ភាគី​កម្ពុជា-​ថៃ មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អជា​និច្ច ៕
    ​    ​    ​    ​