ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ ៖ កម្មករជាង ២៧ ម៉ឺននាក់ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ពីរដ្ឋ ម្នាក់ ១៦ ម៉ឺនរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិតសរុបចំនួន ២៧៥ ៧៤៧ នាក់ នៅរោងចក្រ សហគ្រាស…

រាជធានីភ្នំពេញ ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិតសរុបចំនួន ២៧៥ ៧៤៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៥១៣ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅបើកប្រាក់ឧត្ថម្ភពីរដ្ឋ តាមធនាគារវីង ។ រដ្ឋឧបត្ថម្ភដល់កម្មករទំាងជាង ២៧ម៉ឺននាក់ ក្នុងម្នាក់ ចំនួន ១៦ម៉ឺនរៀល ។

ក្រសួងបានបញ្ជាក់ថា នេះជាចំនួនកម្មករដែលបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋនៅក្នុងជំហានទី ១ ។ អ្នកផ្សេងទៀតក្រសួងនឹងជូនដំណឹងបន្តបន្ទាប់ ។ អ្នកមានឈ្មោះធនាគារវីង នឹងផ្ញើរចូលទូរស័ព្ទដៃរបស់ខ្លួន ដែលបានផ្តល់ទៅឲ្យផ្នែករដ្ឋបាលរោងចក្រកាលពីពេលកន្លងមកនេះ ។ ក្រសួងបានបញ្ជាក់ថាប្រសិនជាអ្នកទទួលបានសារហើយមិនទៅបើកប្រាក់ឧត្ថម្ភនេះក្នុងរយៈពេល ១០ថ្ងៃទេ ធនាគារវីង នឹងបង្វិលថវិកានោះទៅរដ្ឋវិញ ។ 

«ក្រសួងសូមរំឭកថា ធគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបាន សារតាមទូរស័ព្ទដៃពីធនាគារឯកទេសវីង ។ ដើម្បីបើកប្រាក់ឧត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលសារនោះទៅកាន់ភ្នាក់ងារវីងនៅជិតបំផុត» ។ នេះជាការជូនដំណឹងរបស់ក្រសួង ។ ក្រសួងការងារបានបន្ថែមថា ក្នុងករណីកម្មករ និយោជិតដែលបម្រើការងារក្នុងរោងចក្រទំាង ៥១៣ មិនបានទទួលសារទូរសព្ទពីធនាគារវីង ឬមានចម្ងល់ផ្សេងៗ អាចទាក់ទងសួរព័ត៌មានបន្ថែមទៅលេខ ១២៩៧ ។

ការផ្តល់ប្រាក់ឧត្ថម្ភសម្រាប់កម្មករនិយោជិតនាពេលនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកនៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងពលរដ្ឋដែលសមាជិកកើតនិងស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងជំហានទី១ កាលពីប៉ុន្មានថ្ងៃមុននេះ។ រដ្ឋាភិបាលគូសបញ្ជាក់ថា អ្នកដែលត្រូវទទួលបានជំនួយសង្គមនេះ ត្រូវឆ្លងកាត់ការវាយតម្លៃពី អាជ្ញាធរមូលដ្ឋាន គាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការចាត់ចែង និងសម្របសម្រួលដោយក្រសួងផែនការ ដោយមានការធ្វើសម្ភាសផ្ទាល់ឬតាមទូរសព្ទ ។ 

ពលរដ្ឋដែលបានកំណត់អត្ថសញ្ញាណ នឹងទទួលបានប្រាក់ចន្លោះពីជាង ១៥ម៉ឺនរៀល (១៥៦ ០០០រៀល) ទៅជាង ៣១ម៉ឺនរៀល (៣១១ ០០០រៀល) អាស្រ័យលើសមាជិកគ្រួសាច្រើន ឬតិច ។ រីឯអ្នកមានសមាជិកស្លាប់ដោយជំងឺកូវីដ-១៩ ទទួលបាន ៣០ម៉ឺនរៀល បូកបន្ថែមនឹងថ្លៃទឹក និងភ្លើងចំនួន ៥ខែ ។ សម្រាប់កម្មករកាត់ដេរ ចំពោះតែអ្នករស់នៅតំបន់បិទខ្ទប់វិញ ម្នាក់ៗទទួលបានប្រាក់ ១៦ម៉ឺនរៀល ។

ជំនួយជាសាច់ប្រាក់នាពេលបិទខ្ទប់នេះបាន ផ្តោតទៅលើតែអ្នកមានកម្រិតជីវភាពទាប និងលំបាក ដូចជា គ្រួសារអ្នកបើកបរ កម្មករសំណង់ អ្នកលក់ដូរតាមផ្ទះ បុគ្គលិកលក់ដូរតាមផ្សារ អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្ត ជាដើម ។ ពាក់ព័ន្ធទៅនឹងការឧបត្ថម្ភរបស់រដ្ឋាភិបាលដល់កម្មករ និយោជិតនៃវិស័យកាត់ដេរ ដេរស្បែកជើង និងកាបូបនៅពេលនេះ សហភាពការងារកម្ពុជាមួយចំនួនបានមើលឃើញថា ថវិកា ១៦ម៉ឺនរៀល ឬ ៤០ដុល្លារនេះតិច តែវាជាផ្នែកមួយសម្រាលដល់ការលំបាករបស់កម្មករ និយោជិតដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ