ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ១០១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ ជាក់ស្ដែង នា​រសៀល​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ដារ​កណ្ដោល…

ខេត្ត​ត្បូងឃ្មុំ ៖ អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ ជាក់ស្ដែង នា​រសៀល​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ដារ​កណ្ដោល ឃុំ​ដារ ស្រុក​មេមត់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ ចំនួន​៤​នាក់ ជា​សមាជិក​ក្រុម​គ្រួសារ​តែ​មួយ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​ទាំងអស់ ។

វេជ្ជបណ្ឌិត​អ៊ិ​ន ម៉ារ​ឌី ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ស្រុក​មេមត់ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​បន្ត​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​លោ ឃុំ​កំ​ពាន់​ស្រុក​មេមត់ នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា មាន​ចំនួន​១៤​នាក់ ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់​ដែល​ភូមិ​នេះ​កន្លង​មក ត្រូវ​បាន​រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ ។

លោក​វេជ្ជបណ្ឌិត​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា មាន​បុរស​ម្នាក់​រស់នៅ​ភូមិ​ដារ​កណ្ដោល ឃុំ​ដារ គាត់​ត្រូវ​បាន​សង្ស័យ​កើត​ជំងឺ​គ្រុន​ឈី​ក ហើយ​បានឱ្យ​ពេទ្យ​ឯកជន​នៅ​ក្នុងភូមិ​ព្យាបាល​ចំនួន​៥​ថ្ងៃ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២១ មិថុនា ជំងឺ​មិន​ធូរស្រាល​ក៏​បាន​បញ្ជូន​តាម​រថយន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ក្នុង​ពេល​នោះ​គ្រូពេទ្យ​សង្ស័យ​ក៏​បាន​ធ្វើតេស្ត​ដោយ​ឧបករណ៍​រហ័ស​ឃើញ​វិជ្ជមាន​កូ​វីត​១៩ រួម​ទាំង​ប្រពន្ធ និង​កូន និង​ប្អូនថ្លៃ​ចំនួន​៣​នាក់ ឃើញ​វិជ្ជមាន​កូ​វី​ដ​ទាំងអស់​គ្នា​សរុប​ចំនួន​៤​នាក់ ដោយ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ។

ដោយ​មានការ​ណែនាំ​ពី​សំណាក់​លោក​អភិបាលស្រុក និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ជំនាញ​បាន​ចុះ​ទៅ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ជាង ១០​នាក់​បន្ថែម​ទៀត​។

លោក​ជា ណា​រុន អភិបាលក្រុង​សួង បាន​ឲ្យ​ដឹង​ថា កាល​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ករណី​ជំងឺ​កូ​វី​ដ​-១៩ ក្រុង​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សួង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សួង​ចុះ​ពិនិត្យ​ទីតាំង​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ចងខ្សែ​សុវត្ថិភាព​ព័ទ្ធ​តូប​ចំនួន​៥០​ដែល​នៅ​ជុំវិញ​តូប​លក់​ត្រីងៀត​របស់​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ឈ្មោះ ឃាន គី​ម​ហួ​ន​(​ស្លាប់​) ដើម្បី​ផ្អាក​ការ​លក់ដូរ​ប្លុក​លក់​ត្រីងៀត​បណ្តោះអាសន្ន និង​បាន​ផ្សព្វផ្សាយ​ដល់​ម្ចាស់​តូប​ដែល​បាន​ហ៊ុម​ព័ទ្ធ​ទាំងអស់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ចូលរួម​សហការ​មក​ពិនិត្យ​សំណាក​ទាំងអស់​គ្នា ទើប​អាច​កាត់​ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វី​ដ​-១៩​បាន ។

ចំណែក​លោក​វេជ្ជបណ្ឌិត​កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី ២១​មិថុនា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វី​ដ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​១០១​នាក់ ក្នុង​នោះ​ស្រី​៥៦​នាក់ និង​ក្មេង​១៧ នាក់ និង​ស្លាប់​ចំនួន​៦​នាក់​(​ក្នុង​នោះ​៣​នាក់​ស្លាប់​ដោយ​កូ​វី​ដ និង​៣​នាក់​ទៀត​ស្លាប់​ដោយ​ជម្ងឺ​ផ្សេង​ៗ) ។

ជាមួយ​នោះ​ជំនាញ​សុខាភិបាល ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត គឺ​បន្ត​ចុះ​ស្រាវជ្រាវ​រក​អ្នកជំងឺ​កូ​វី​ដ​នៅ​តាម​បណ្ដា​ស្រុក​ក្រុង​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ