ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥស្សរជន​វ័យក្មេង​កម្ពុជា​ទទួល​ពានរង្វាន់​សន្តិភាព

8 ឆ្នាំ មុន

ពិធី​អបអរសាទរ​ជ័យ​លា​ភី ពានរង្វាន់​សន្តិភាព​អន្តរជាតិ The Gusi Peace Prize របស់​លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម​នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ ពិ​ក​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ដោយ​មានការចូលរួម​ពី​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ ពិធី​អបអរសាទរ​ជ័យ​លា​ភី ពានរង្វាន់​សន្តិភាព​អន្តរជាតិ The Gusi Peace Prize របស់​លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម​នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ ពិ​ក​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ដោយ​មានការចូលរួម​ពី​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន និង​សមាជិក សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចូលរួម​យ៉ាងច្រើន​កុះករ ។

លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​បាន​ពានរង្វាន់​សន្តិភាព​អន្តរជាតិ The Gusi Peace Prize កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន និង​បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ ។ សន្និសីទ​សារព័ត៌មាន ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក នា​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន មាន​ប្រសាសន៍​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋ​សភាជាតិ សូម​អបអរសាទរ​ដែល​យើង​បាន​ទទួល​ពានរង្វាន់​សន្តិភាព នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ពានរង្វាន់​នេះ​បាន​នាំ​មក​តាម​រយៈ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​សមាជិក​សភា​មណ្ឌល​ខេត្តកំពង់ស្ពឺ ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា អ្វី​ដែល​យើង​ទទួល​បាន​នា​ពេល​នេះ​បន្ទាប់​ពី​ការ​ខិតខំ​របស់​យើង​ទាំងអស់​គ្នា​កន្លង​មក ។ យើង​បាន​ជួប​ឧបសគ្គ​ជា​ច្រើន និង​បាន​ខិតខំ​តស៊ូ​ជម្នះ​រហូត​បាន​ទទួល​ជោគជ័យ ។ ការ​តស៊ូ​ទាំងនោះ​យើង​បាន​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​យើង ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា សុខ​សន្តិភាព​របស់​កម្ពុជា ដែល​បាន​មក​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​គេ​ទទួលស្គាល់​ថា កម្ពុជា​យើង​មាន​សុខ​សន្តិភាព​ពិតប្រាកដ ទើប​គេ​សម្រេច​ផ្តល់​នូវ​ពានរង្វាន់​ដល់​យើង​នៅ​ពេល​នេះ ។ យើង​ទាំងអស់​គ្នា​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យ​លា​ភី​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ថា ជ័យ​លា​ភី​នេះ​បាន​មក​ពី​ការ​រួបរួម​គ្នា​របស់​ខ្មែរ ដែល​ពេល​នេះ​ដល់​ពេល​ដែល​យើង​ត្រូវ​រួម​គ្នា​ដើម្បី​ប្រទេស​ជាតិ​របស់​យើង​ទាំងអស់​គ្នា​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ។ លោក​បាន​លើក​ឡើង​ថា​៖ «​ថ្ងៃនេះ​យើង​បាន​ច្បាស់លាស់​ហើយ​សម្រាប់​ការ​ទទួល​នូវ​ជ័យ​លា​ភី​នេះ​ជា​ភាព​អស្ចារ្យ​មួយ​» ។ ការ​ទទួល​បាន​នូវ​ពានរង្វាន់​សន្តិភាព​The Gusi Peace Prize នេះ​បង្ហាញ​ពី​ភាព​រួម​គ្នា​មួយ​ក្នុង​ការ​ធ្វើ​មនុស្សធម៌ និង​សមចិត្ត​ព្រម​គ្នា ។

លោក​បាន​លើក​ឡើង​ថា ការ​ទទួល​បាន​ពាន់រង្វាន់​សន្តិភាព​ពិភពលោក​នេះ មិនមែន​បាន​មក​ដោយសារ​រូប​លោក​តែ​ម្នាក់ឯង​ទេ គឺ​វា​ពិត​ណាស់​បាន​មក​ពី​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យើង​ទាំងអស និង​ជា​មោទនភាព​ជាតិ​ទាំងមូល ។ ពេល​នេះ​ដល់​ពេល​ដែល​កម្ពុជា​យើង​រួម​គ្នា​បង្ហាញ​នូវ​សក្តានុពល​របស់​ប្រទេស​យើង ។ ប្រទេស​យើង​ទទួលស្គាល់​ថា មាន​សក្តានុពល​ច្រើន ប្រទេស​យើង​មាន​ភាព​កក់ក្តៅ​ច្រើន​ពី​ប្រជាពលរដ្ឋ ក្តី​សង្ឃឹម និង​ស្នាមញញឹម​បាន​បង្ហាញ​ឡើង​ដោយ​ប្រជាពលរដ្ឋ​យើង ។

លោក ហ៊ុន ម៉ា​នី សមាជិក​សភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​បាន​ពានរង្វាន់​សន្តិភាព​អន្តរជាតិ The Gusi Peace Prize កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន និង​បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា នេះ ។ សន្និសីទ​សារព័ត៌មាន ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នា​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ថា ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​សន្តិភាព​អន្តរជាតិ The Gusi Peace Prize ប្រចាំឆ្នាំ​លើក​ទី​១៤ Plenary Hall, PICC, នាទី​ក្រុង Pasay បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា លោក​បាន​ថ្លែង​សុន្ទរកថា​មុនគេ​ក្នុង​ចំណោម​ជ័យ​លា​ភី​ផ្សេង​ទៀត ។ លោក​ថ្លែង​ថា ជាបឋម​ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​សូម​ឧទ្ទិស​ភាព​ជោគជ័យ​នេះ​ជូន​ដល់​គ្រួសារ​ខ្ញុំ ដែល​តែង​ផ្តល់​ការ​គាំទ្រ ការ​ជឿជាក់ និង​ទំនុក​ចិត្តជា​និច្ចកាល ហើយ​កត្តា​ទាំងនេះ​បាន​បន្ត​ជំរុញ​ឲ្យ​ខ្ញុំ​តាំងចិត្ត​ខ្ពស់ ជាមួយនឹង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការងារ​ស្ម័គ្រចិត្ត​។

លោក ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា ជា​ពិសេស​ខ្ញុំ​សូម​ថ្លែង​នូវ​គុណូបការៈ​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​លោកឪពុក​របស់ខ្ញុំ ដែល​តែង​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ស្គាល់​ពី​ភារកិច្ច ភាព​សាមញ្ញ រាក់ទាក់ និង​ការ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ សង្គម និង​ប្រទេស​ជាតិ​របស់​យើង ។

សមិទ្ធផល​ជោគជ័យ និង​ការ​ទទួលស្គាល់ ដែល​យើង​សម្រេច​បាន​នៅ​ពេល​នេះ នឹង​មិន​អាច​កើត​មាន​ឡើង​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ព្យាយាម ភាព​អង់អាច ថាមពល គំនិត​ច្នៃប្រឌិត​បង្កើត​ថ្មី និង​ការ​តាំងចិត្ត​របស់​យុវជន​ស្ម័គ្រចិត្ត​របស់​យើង​រាប់​ម៉ឺន​នាក់ ក្នុង​សកម្មភាព​មិន​គិត​ពី​ផលប្រយោជន៍​ខ្លួន​ដើម្បី​សង្គម​ជាតិ​។

លោក ហ៊ុន ម៉ា​នី ថ្លែង​បន្ត​ថា យុវជន​យើង​ឲ្យ​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ចេះ​ត្រិះ​រិះ​ពិចារណា​គ្រប់​ជ្រុងជ្រោយ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ។ លើកកម្ពស់​ការ​យល់​ដឹង​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន យុទ្ធនាការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី តាម​រយៈ​យុទ្ធនាការ​ពណ៌​ទឹកក្រូច​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ជា​រៀង​រាល់​ខែ ។ ជំរុញ ឯកភាព និង​សាមគ្គីភាព​ក្នុង​វប្បធម៌​ចម្រុះ ដែល​បង្កើន​ការ​យោគយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​វប្បធម៌ និង​ជំនឿ​ផ្សេង​ៗ ព្រមទាំង​កាត់​បន្ថយ​ជា​អប្បបរមា​នូវ​ការ​មិន​យល់​ពី​គ្នា ក៏​ដូច​ជា​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ។ ក្នុង​ន័យ​នេះ ជ័យ​លា​ភី​ដ៏​ឧត្តុង្គឧត្តម​នេះ​ស័ក្តិសម​បាន​ទៅ​ពួក​គេ​ទាំងអស់​គ្នា​ផង​ដែរ ។ ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​យុវជន​កម្ពុជា​យើង​ទាំងអស់​គ្នា​ថា ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​បាន អ្នក​ទាំងអស់​គ្នា​ក៏​អាច​ធ្វើ​បាន​ដូច​ខ្ញុំ​ដែរ ។

លោក ហ៊ុន ម៉ា​នី លើក​ឡើង​ថា ជា​យុវជន​កម្ពុ​ជាមួយ​រូប ជាមួយនឹង​កិត្តិយស ទទួល​បាន​ពានរង្វាន់​សន្តិភាព​ពិភពលោក The Gusi Peace Prize ដ៏​អស្ចារ្យ​នៅ​ពេល​នេះ ខ្ញុំ​មិន​អាច​បំភ្លេច​នូវ​វីរភាព ដែល​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​លះបង់​គ្រប់​បែប​យ៉ាង ការ​តស៊ូ​ជម្នះ ការ​ប្តេជ្ញា​ចិត្ត និង​សមិទ្ធផល​នានា សម្រេច​បាន​ដោយ​យុវជន​ជំនាន់​មុន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជំនាន់​នេះ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា​ទទួល​បាន​សង្គម​កម្ពុ​ជាមួយ​ប្រកបដោយ​សន្តិភាព និង​ជា​ជាតិ​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ ស្រស់ស្រាយ រីក​ចម្រើន ដូចដែល​យើង​បានឃើញ​នា​ពេល​បច្ចុប្បន្ន ៕