ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ពើង​ថ្ម ល្អាង​គំនូរ បុរាណ នៅ​ភ្នំក្រវាញ​កណ្តាល ខេត្តពោធិ៍សាត់

2 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៥ ដល់​១៨ មិថុនា ២០២១ នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន សហការ​គ្នា​ជាមួយ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ នៃ​ក្រសួងបរិស្ថាន…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៥ ដល់​១៨ មិថុនា ២០២១ នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន សហការ​គ្នា​ជាមួយ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ នៃ​ក្រសួងបរិស្ថាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ផលិត​បទ​យកការណ៍​ស្តី​ពី​ពើង​ថ្ម «​ល្អាង​គំនូរ​» បុរាណ នៅ​ឧ​ទ្យា​ជាតិ​ភ្នំក្រវាញ​កណ្តាល ខេត្តពោធិ៍សាត់ ។

តាម​ការ​បញ្ជាក់​របស់​លោក លឹ​ម វណ្ណ​ច័ន្ទ ប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ និង​ជា​អ្នកជំនាញ​បុរាណវិទ្យា បាន​ឲ្យ​ដឹង​ថា គំនូរ​ក្នុង​ល្អាង​នេះ ជា​គំនូរ​ដែល​មាន​វ័យ​ចំណាស់ ប៉ុន្តែ​យើង​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ថា អាយុកាល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​ការ​ឲ្យ​អាយុ​ទៅ​លើ​ស្នាដៃ​សិល្បៈ​មួយ យើង​ត្រូវ​តែ​មានការ​សិក្សា ដែល​មានការ​ចូលរួម​ពី​អ្នកបច្ចេកទេស និង​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ។
លោក​គិត​ថា ថ្ងៃ​ណាមួយ អាច​មាន​អ្នក​ដែល​ចាប់អារម្មណ៍​ផ្នែក​គំនូរ​នៅ​រូងភ្នំ ពួក​គេ​អាច​នឹង​មក​សិក្សា​ស្រាវជ្រាវ​នៅ​ទី​នេះ ដើម្បី​ឲ្យ​វា​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ។

លោក​បន្ត​ទៀត​ថា គំនូរ​នៅ​ក្នុង​ល្អាង​នេះ គឺ​គេ​គូរ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ពណ៌​ក្រហម និង​មាន​ស្នាម​ឆ្កូត​ខ្លះ ដើម្បី​ឲ្យ​ចេញ​ជា​រូបរាង ។ អ្វី​ដែល​សំខាន់ គឺ​យើង​ឃើញ​រូប​ពាក់ព័ន្ធ​នឹង​សត្វព្រៃ ដូច​ជា ដំរី ក្តាន់ ប្រើស ជ្រូកព្រៃ ជាដើម ។ ការ​គូរ មិន​មាន​លក្ខណៈ​ល្អ ឬ​ច្បាស់​អ្វី​ទេ ប៉ុន្តែ​វា​គឺជា​ចំណុច​ពិសេស​មួយ នៃ​តំបន់​ភ្នំក្រវាញ​កណ្តាល​នេះ ដែល​បង្ហាញ​ពី​ជីវិត​ប្រជាជន ដែល​គាត់​ចេះ​ប្រើប្រាស់​ដំរី ជាមួយនឹង​ការ​រស់នៅ​ជាមួយ​សត្វព្រៃ ដែល​មាននៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ ។

លោក លឹ​ម វណ្ណ​ច័ន្ទ សង្ឃឹមថា ល្អាង​គំនូរ​នេះ នឹង​អាច​ជួយ​ជំរុញ​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ និង​ការ​ធ្វើ​កំណាយ ឲ្យ​បាន​ច្បាស់​ពី​អាយុកាល ហើយ​ល្អាង​គំនួរ​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​ចិត្ត​លម្ហែរ​តាម​តំបន់ការពារធម្មជាតិ ហើយនឹង​ស្វែងរក​នូវ​កន្លែង​ប្លែក​ៗ មក​កម្សាន្ត​តាម​បែប​ធ្វើ​ដំណើរ​ផ្សងព្រេង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ