ខេត្តស្វាយរៀង ៖ ក្រុមគយចល័តការិយាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឆ្មក់ចូលហាងលក់សាំងគេចពន្ធមួយកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈរបស់ឈ្មោះរ័ត្ន សារ៉ាន នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ កាលពីថ្ងៃទី១ មីនា វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ។ ក្នុងប្រតិបត្តិការនេះបានធ្វើការឆែកឆេររកឃើញសាំងគេចពន្ធរួមមាន១-ប្រេងម៉ាស៊ូត២០៨ប៊ីដុង ស្មើនឹង៥.៨២០លីត្រ ២-ប្រេងសាំងចំនួន៣៨ប៊ីដុង ស្មើនឹង១.០៦៤លីត្រ ប្រេងកាតចំនួន៧ប៊ីដុង ស្មើនឹង១៩៦លីត្រ និងម៉ូតូដឹកសាំងចំនួន៣គ្រឿង ។
ការចុះបង្ក្រាបនេះដែរ ដឹកនាំកម្លាំងដោយលោកជូ សុផាណូ ជំនួយការការិយាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធ ដោយមានការចូលរួមពីលោកព្រាប គារ៉ាត់ ជំនួយការការិយាល័យ លោកហែម វ៉ែន មេឃុំតាសួស លោករស់ យ៉ង់ មេភូមិតាប៉ លោកវរសេនីយ៍ត្រី សោម វណ្ឌី មន្ត្រីប៉េអឹមខេត្ត ប៉េអឹមលើផ្ទៃប្រទេស ប៉េអឹមស្រុកស្វាយជ្រំ យោធាផ្នែកសឹករងស្រុកស្វាយជ្រំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សរុបជាង៥០នាក់។
លោកជូ សុផាណូ បានថ្លែងថា ប្រតិបត្តិការនេះគឺធ្វើតាមដីការបស់លោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះថ្ងៃទី១ មីនា ដើម្បីឆែកឆេរលំនៅឋាន និងស្ថានីយប្រេងឥន្ធនៈរបស់ឈ្មោះរ័ត្ន សារ៉ាន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិតាប៉ ដែលបានរត់ពន្ធប្រេងសាំងនាំចូលពីប្រទេសវៀតណាម មកស្តុកទុកនៅស្ថានីយរបស់ខ្លួន ។
លោកបន្តថា សមត្ថកិច្ចគយបានសហការជាមួយប៉េអឹមលើផ្ទៃប្រទេស និងប៉េអឹមស្រុក-ខេត្ត ចាប់បានម៉ូតូដឹកសាំង និងប្រេងម៉ាស៊ូតពីប្រទេសវៀតណាមចូលមកទឹកដីស្រុកស្វាយជ្រំ ចំនួន៣គ្រឿងដែលក្នុង១គ្រឿងដឹកប្រេងគេចពន្ធ១៩ប៊ីដុង និងរថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3A-7479 ដឹកប្រេងជាង៣០ប៊ីដុង ចូលខាងក្រោយស្ថានីយប្រេងឥន្ធនៈខាងលើ។ ដោយសារការចាប់បានម៉ូតូ និងរថយន្តដឹកសាំងគេចពន្ធនេះ ទើបលោកស្នើសុំដីកាពីលោកព្រះរាជអាជ្ញាចូលឆែកឆេររកឃើញស៊ីទែនប្រេងចំនួន៣សរុបផ្ទុកប្រេងចំនួន៤.០០០លីត្រ ដែលស៊ីទែន២កប់ក្នុងដី២ និង១នៅលើដី ។ ក្រោយពីធ្វើការឆែកឆេររួច ក៏បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសរត់គេចពន្ធនៅភូមិព្រៃរំពាក់ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីដោះស្រាយបង់ពន្ធ តាមច្បាប់ ។
ការចុះបង្ក្រាបអ្នករត់ពន្ធប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈមួយនេះធ្វើឱ្យផ្អើលដល់អ្នករត់ពន្ធសាំងផ្សេងៗទៀត ហើយប្រជាពលរដ្ឋខ្លះនិយាយថា រាល់ថ្ងៃនេះដោយសារមានសាំងគេចពន្ធ ទើបសាំងលក់ថោក១លីត្រតែ៣.៨០០រៀល តែបើសាំងមានពន្ធត្រឹមត្រូវនៅតាមស្ថានីយវិញ គឺ១លីត្រ ថ្លៃពី៤.៨០០រៀលទៅ៥.១០០រៀល ៕
ចែករំលែកព័តមាននេះ