ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ខ្វែងគំនិត​គ្នា​ចំពោះ​ការ​បកស្រាយ​ពាក់ព័ន្ធ​ការ​សម្តែង​ល្ខោនខោល​ក្នុង​ពិធីបុណ្យ​ស​.​ព

2 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ជជែក​វែក​ញ៉ែ​ក​ខ្វែងគំនិត​គ្នា​ពាក់ព័ន្ធ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ ពោល​គឺ​របាំ​ល្ខោនខោល ដែល​អាច​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព​បាន ខណៈ​ពេល​ដែល​រឿងរ៉ាវ​នេះ ត្រូវ​បាន​ក្លាយជា​ប្រធានបទ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ជជែក​វែក​ញ៉ែ​ក​ខ្វែងគំនិត​គ្នា​ពាក់ព័ន្ធ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ ពោល​គឺ​របាំ​ល្ខោនខោល ដែល​អាច​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព​បាន ខណៈ​ពេល​ដែល​រឿងរ៉ាវ​នេះ ត្រូវ​បាន​ក្លាយជា​ប្រធានបទ​មួយ​ដែល​អ្នកសិល្បៈ​បុរាណ​សុទ្ធតែ​បាន​បកស្រាយ​យក​ត្រូវ​រៀង​ៗ​ខ្លួន​។

ការ​ផ្ទុះ​ហើយ​មានការ​ជជែក​វែក​ញ៉ែ​ក​ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ បាន​កើតឡើង បន្ទាប់​លោក ហង់ ភូមិ​រ៉ា ដែល​ជា​គ្រូបង្ហាត់ និង​ជា​ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី បាន​ឡើង​នៅ​ក្នុង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ ដែល​លោក​បញ្ជាក់​ថា ល្ខោនខោល ក៏​អាច​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព​ផង​ដែរ​។

ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ថា របាំ​បុរាណ​ល្ខោនខោល ក៏​អាច​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព​បាន​ដូច​គ្នា ប៉ុន្តែ​នៅ​ប្រទេស​ខ្មែរ​យើង​នៅ​មិន​ទាន់​មាន​ឃើញ​នៅឡើយ​ទេ ព្រោះ​អាច​មិន​ទាន់​មានការ​យល់​ដឹង​ឲ្យ​បាន​ទូលំទូលាយ​។

ការ​និយាយ​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នកសិល្បៈ និង​គ្រូ​ផ្នែក​សិល្បៈ​បុរាណ​មួយ​ចំនួន​តូច​បាន​សម្តែង​ការ​មិន​យល់​ស្រប និង​បាន​បកស្រាយ​ផ្សេង​ពី​នេះ ព្រមទាំង​បាន​បញ្ចេញ​នូវ​មតិ​រិះគន់​មួយ​ចំនួន​ទៅ​លើ​អ្វី​ដែល​លោក ហង់ ភូមិ​រ៉ា បាន​បកស្រាយ​នា​ពេល​នេះ​។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា របាំ​ក្បាច់​បុរាណ​ខ្មែរ ឬ​របាំ​ព្រះរាជ​ទ្រព្យ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សូម​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា សិល្បៈ​សក្ការៈ (​មាន​ល្ខោន​ព្រះរាជ​ទ្រព្យ ល្ខោនខោល និង​ល្ខោនស្បែក​ធំ​) មិន​អាច​យក​ទៅ​លេង​ក្នុង​ពិធីបុណ្យ​ស​.​ព​បាន​ទេ​។ តែបើ​មាន​កាលសម័យ​ពី​បុព្វ​កាល​ក៏​ជា​ហ្លួ​ន​ដែរ ដែល​បាន​លេង​ជា​មហោស្រព​សម្ពោធ​សម្រាប់​ជា​ការ​អរគុណ​ដល់​ប្រជារាស្ត្រ​ដែល​ខិតខំ​អញ្ជើញ​មក​ធ្វើបុណ្យ​ថ្វាយ​ឲ​ព្រះ​ស​.​ព​ហ្លួង​តែ​ប៉ុណ្ណោះ​។

មិន​ដូច​ជា​ការ​លើក​ឡើង​របស់​គ្រូ​ល្ខោនខោល​ម្នាក់ បាន​លើក​ឡើង​ថា «​ល្ខោនខោល អាច​រាំ​ក្នុង​ពិធីបុណ្យ​ស​.​ព ហើយ​បញ្ជូន​ស​.​ព​ឱ្យទៅ​ស្ថានសួគ៌​បាន​» នោះ​មិន​ពិត​ទេ សូមកុំ​យល់​ច្រឡំ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សិល្បៈ​សក្ការៈ​បាត់បង់​រស​តម្លៃ​របស់​ខ្លួន​។ សូមកុំ​យល់​ច្រឡំ ឬ​ធ្វើ​ឱ្យ​មាន​វប្បធម៌​វិប្បលាប​នេះ​ជា​ដាច់ខាត​។ សូម​ធ្វើការ​ពិចារណា​ដោយ​ការ​គួរ​។

ចំណែក​អ្នកគ្រូ​ផ្នែក​សិល្បៈ អ្នកស្រី យ៊ុ​គ វ​ណ្ឌី ក៏​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ត្រឹមត្រូវ​ណាស់ អរគុណ ដែល​មានកូន​ខ្មែរ​មួយ​ចំនួន​នៅ​គោរព​ស្រឡាញ់ ថែរក្សា​ប្រពៃណី​ទំនៀមទំលាប់​ជាតិ និង​សិល្ប​:​វប្បធម៌​ជាតិ​។ អ្នកស្រី​បញ្ជាក់​ថា អ្នក​ដែល​មាន​បំណង​យក​របាំ​សក្ការ​: ទៅ​លេង​ក្នុង​ពិធីបុណ្យ​ស​.​ព និង​មាន​បាប​ពីរ​ជាន់ មួយ​បាប​ក្នុង​កា​ប្រមាថ​ដ៏​របាំ​ទេវ​:​ពីរ​ធ្វើ​អោយ​ព្រលឹង​ស​.​ព​វិលវល់​រង​ទុក្ខវេទនា​មិន​បាន​ទៅ​ចាប់ជាតិ​ក្លាយជា​ព្រាយ​អសុរកាយ​។

បើ​តាម​អ្នកស្រី យ៊ុ​គ វ​ណ្ឌី ថា មិន​គួរ​ចង់​បង្កើត​សក្ករាជ​ថ្មី ក្បត់​ទស្សនៈ​គតិ​ប​ណ្ឌឹ​តរបស់​បុព្វបុរស ក្បត់​ប្រវត្តិសាស្ត្រ ក្បត់​ប្រវត្តិ​របាំ ដូច្នេះ​សោះ ។ អ្នកជំនាញ​គំនិត​មិនល្អ​មួយ​ចំនួន​កំពុង​ធ្វើ​ខុស​ដោយ​មិនដឹង​ខ្លួន​ហើយ ចាញ់​យុវជន​ជំនាន់​ជា​អ្នក​វិជ្ជា​សាស្ត្រ គេ​ចេះ​យល់​ដឹង​ជាង​អ្នកជំនាញ​សិល្ប​:​ទៅ​វិញ គួរ​អាម៉ាស់​ណាស់ ក្នុង​លោក​នេះ​បាប​មាន​ពិត កុំ​លលេង​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​បកស្រាយ​ខាងលើ​នេះ លោក ហង់ ភូមិ​រ៉ា បាន​លើក​ឡើង​ថា ការ​រិះគន់​នេះ​មួយ​ចំនួន គឺ​ចេញពី​បុគ្គល​ដែល​មិន​បាន​ហាត់រៀន​ផ្នែក​សិល្បៈ​អោយ​បាន​ច្បាស់​នោះ​ឡើយ ខណៈ​ពេល​ដែល​លោក​ចាត់​ទុក​ការ​រិះគន់​នោះ គឺជា​ការ​ដុត​ឲ្យ​ឆេះ​តែ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​និយាយ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ មានការ​ខុសឆ្គង​នោះ ប្រហែលជា​គ្រូ​ជើង​ចាស់​ដែល​បង្ហាត់បង្រៀន​លោក​ប្រាកដជា​បន្ទោស និង​ស្តីអោយ​រូប​លោក​ជា​មិន​ខាន តែ​នេះ​លោក​និយាយ​ទៅ​តាម​ឯកសារ និង​ការ​បង្ហាត់​ប​ង្រៀ​ង​ពី​គ្រូ​ចាស់​នៅ​សាលា​វិចិត្រសិល្បៈ​។

លោក​ថា តាម​ឯកសារ​នៅ​ជំនាន់​ហ្លួង​ព្រះ​ស៊ី​វត្ថិ គឺ​មានការ​តែងខ្លួន​ស្លៀក​បែប​របាំ​ល្ខោន​ព្រះរាជ​ទ្រព្យ​ជិះ​លើ​ដំរី​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ស​.​ព ហើយ​នៅ​ក្នុង​នោះ​ក៏​ឃើញ​មានការ​ពាក់​មុខ​ឃ្មុ​ខ​ជា​តួអង្គ​ស្វា ខណៈ​ពេល​ដែល​រូបភាព​នោះ​ក៏​មាន​ចងក្រង​ទុកជា​ឯកសារ​ផង​ដែរ​។

លោក ហង់ ភូមិ​រ៉ា បាន​បន្ថែម​ថា សាស្ត្រាចារ្យ ព្រាប ចាន់​ម៉ា​រ៉ា ដែល​ជា​អ្នកសិល្បៈ​ផ្នែក​បុរាណវិទ្យា ហើយ​រូប​លោក​នៅ​អែប​គាត់ និង​បាន​ហាត់រៀន​ពី​គាត់​យ៉ាង​ច្បាស់លាស់​ពី​សិល្បៈ​បុរាណ ចំណែក​អ្នក​ដែល​រិះគន់​លោក​នោះ ខ្លះ​គ្រាន់តែ​ដឹង​តាម​គេ​និយាយ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​លោក​ថា អ្វី​ដែល​គេ​បាន​រិះគន់​លោក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ គឺ​កើត​ចេញពី​ការ​ខ្វែងគំនិត​គ្នា និង​មាន​បំណង​បញ្ឆេះ​រូប​លោក​ឲ្យ​មានការ​ប្រឆាំង​ទាស់​ទៅ​លើ​អ្វី​ដែល​ខ្លួន​មិន​ពេញចិត្ត​នូវ​អ្វី​ដែល​ស្ថាប័ន ក្រសួង ឬ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ