ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Ford បើក​លឿន សង្ស័យ​អ្នកបើកបរ​ងងុយដេក ក្រឡាប់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ រថយន្ត​ម៉ាក FORD RANGER ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត រួច​ក្រឡាប់ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។…

​ភ្នំពេញ​៖ រថយន្ត​ម៉ាក FORD RANGER ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត រួច​ក្រឡាប់ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ប៉ុន្តែ​ជា​សំណាងល្អ ពុំបាន​បណ្ដាល​ឲ្យ​អ្នកបើកបរ រងរបួស​ធ្ងន់ធ្ងរ ឬ​ស្លាប់​នោះឡើយ​។​

​ឧប្បត្តិ​ហេតុនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិតនៅ​ក្នុងភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​រថយន្ត​ម៉ាក FORD RANGER ១​គ្រឿង​ខាងលើ​នោះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-3691​បើកបរ​ដោយ​បុរស មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ រងរបួស​ស្រាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​រថយន្ត​នេះ បាន​រង​ការខូចខាត​យ៉ាងដំណំ​។​

​តាម​ប្រភពព័ត៌មាន នៅមុន​ពេល​កើត​ហ​តុ រថយន្ត​ខាងលើ បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន គួរសម​ដែរ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ សង្ស័យ​អ្នកបើកបរ​ងងុយដេក ហើយ​ងោក​មួយភាំង ទើប​បាត់បង់​ម្ចាស់ការ ក្នុងការ​បើកបរ រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ដើម​ក្រខុប ១​ដើម នៅ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​បាក់​។ បន្ទាប់មក បាន​ជ្រុល​បន្តទៅ​បុក​របង​ដីឡូត៍​មួយកន្លែង​ទៀត ទើប​ក្រឡាប់ និង​រង​ការខូចខាត​ក្រពឹត​តួ និង​មុខ​ខ្ទេចខ្ទីរ​។ ចំណែក​អ្នកបើកបរ​សំណាង​ខ្លាំងណាស់ ត្រឹមតែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង និង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ រួច​បាន​ស្ទូច​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ​ជាមួយ​ម្ចាស់​របង​ដីឡូត៍ ដែល​រង​ការខូចខាត ដោយសារតែ​រថយន្ត​នេះ បុក​។

បុរស​អ្នកបើកបរ​រថយន្ត បាន​ប្រាប់​នគរបាល​ថា គាត់​ងងុយដេក ហើយ​ងោក​មួយភាំង ទើបបានជា​រេ​ចង្កូត ធ្លាក់​ផ្លូវ រួច​បុក​ដើម​ក្រខុប និង​របង​ដីឡូត៍ ហើយ​ក្រឡាប់​បែបនេះ​។ បន្ទាប់មក បុរស​នោះ បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស ដោយ​ខ្លួនឯង​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ