ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ៖ ថវិកា ៣០០ លានដុល្លារបានបើកជូនពលរដ្ឋក្រីក្រ ៧០ ម៉ឺនគ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លារ បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ (២,៧ លាននាក់)…

រាជធានីភ្នំពេញ ៖ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លារ បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ (២,៧ លាននាក់) ។ នេះជាកញ្ចប់ថវិកាដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍបានផ្តល់ជូនពលរដ្ឋនៅក្នុងកំលុងពេលដែលកូវីដ ១៩ រាតត្បាតធ្វើឲ្យប៉ះពាល់ខ្លំាងដល់ពលរដ្ឋក្រីក្រី និងងាយរងគ្រោះនាពេលកន្លងមក ។

 លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបពិភាក្សាជាមួយលោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារ អំពីសារៈសំខាន់នៃការផ្ទេរសាច់ប្រាក់ ក្នុងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍មួយរបស់កម្ពុជា អូស្ត្រាលីបានបង្ហាញពីតួរលេខថវិកាខាងលើ ព្រមទំាងបានបញ្ជាក់ថា «ប្រទេសអូស្ត្រាលីនឹងគាំទ្រកម្មវិធីផ្សេងៗដូចគ្នានេះបន្តទៀត ដើម្បីជួយបង្កើនសេវាសាធារណៈប្រកបដោយសមភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជា» ។

គួរជម្រាបថា អូស្ត្រាលី ជាប្រទេសមួយដែលបានសហការជាមួយរដ្ឋាភិបាលកម្ពុជានៅក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ ១៩ នេះ ។ ការអន្តរាគមន៍ជាជំនួយសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះពេលជំងឺកូវីដ ១៩ បានចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ២៥ មិថុនាឆ្នាំ ២០២០ រហូតមក ។ ក្រៅពីជំនួយសង្គមនេះ កាលពីដើមមិថុនានេះ រដ្ឋាភិបាលផ្តើមបើកសាច់ប្រាក់ដល់ពលរដ្ឋដែលរងគ្រោះពីការបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រួសារពលរដ្ឋដែលបានកើតជំងឺកូវីដ ១៩ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺដ៍សាហាវនេះ បន្ថែមទៀត ។

ក្នុងជំហានដំបូងដែលផ្តើមអនុវត្តនៅខែមិថុនាឆ្នាំ ២០២១ នេះ មានប្រជាពលរដ្ឋបានជាប់ការសម្ភាសប្រមាណជាង ៦ ម៉ឺនគ្រួសារ ស្មើនឹងជាង ២០ ម៉ឺននាក់ បានកំណត់អត្តសញ្ញាណត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាសស្តីពីការ បើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់នេះជូនពលរដ្ឋកាលពីថ្ងៃទី ៩ មិថុនា ។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាកផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋានក្នុងតំបន់ដើម្បីស្នើសុំសម្ភាស និងកំណត់អត្តសញ្ញាណនៅតាមឃុំ សង្កាត់ក្នុងរយៈពេលមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះនៅជំហានបន្ទាប់» ។ 

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានលើកឡើងថា «កិច្ចគាំពារសង្គម មិនត្រឹមតែជួយការពារមិនឲ្យមានការធ្លាក់ចូលជ្រៅទៅក្នុងភាពក្រីក្រ និងការខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែក៏ការពារសេដ្ឋកិច្ចមិនឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ ។ កិច្ចគាំពារសង្គមក៏ជួយបង្កើតមូលដ្ឋានរឹងមាំ សម្រាប់ការស្តារឡើងវិញប្រកបដោយបរិយាបន្ន ភាពរឹងមាំ និងភាពស្វាហាប់ ។ សន្តិសុខសង្គម ដែលជាសិទ្ធមូលដ្ឋានរបស់មនុស្ស គឺជាឧបករណ៍ដ៏មានសក្តានុពល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើង ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់បរិយាបន្នក្នុងសង្គម ។ បទពិសោធន៍នេះ បានសបញ្ជាក់ថាកិច្ចគាំពារសង្គមមិនមែនជាការចំណាយ តែជាការវិនិយោគលើប្រជាពលរដ្ឋ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ