ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​​ចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ប្រវត្តិសាស្ត្រ ហើយ​សម្រាប់​កម្ពុជា​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង​ហើយ នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ប្រវត្តិសាស្ត្រ ហើយ​សម្រាប់​កម្ពុជា​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង​ហើយ នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​រ៉ែ និង​ថាមពល ជា​សេនាធិការ​នឹង​ប្រារព្ធ​ពី​ធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី ដែល​ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត​២​លាន​តោន ក្នុង​១​ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​ភាគរយ មាស​នេះ​នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​៤៦២​នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​ប្រមាណ​៤២៧ នាក់ និង​បរទេស​៣៥ នាក់ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ ១៨៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ ៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​នេះ គឺជា​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត​ដែល​កើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ឯកភាព​ជាតិ ដែល​ជា​កត្តាចាំបាច់​បំផុត និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​វិស័យ​ធនធាន​រ៉ែ​នេះ ។

សូម​ជម្រាប​ថា បន្ទាប់​ពី​បាន​ចំណាយពេល​អស់​រយៈពេល​ជិត ១៤ ឆ្នាំ ក្នុង​ការ​សិក្សា​ស្វែង​រុករក ការ​សិក្សា​វាយតម្លៃ​សមិទ្ធិ​ភាព​សេដ្ឋកិច្ច​នៃ​ជម្រក​ធនធាន​រ៉ែ កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ជម្រក​ធនធាន​រ៉ែ​មាស ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ជា​លើក​ដំបូង​នៅ​កម្ពុជា ។

ការ​សាងសង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ នៃ​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ត្រូវ​បាន​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២០ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប​ប្រមាណ ១២០​លាន​ដុល្លា​សហរដ្ឋ​អា​មេ​រិច ហើយ​ត្រូវ​បាន​បញ្ចប់ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​សារ​ជូន​ជនរួមជាតិ​អំពី​ការ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ខ្លឹម​សារបាន​បញ្ជាក់​ថា «​អាជីវកម្ម​រ៉ែ​មាស គឺជា​អាជីវកម្ម​ដែល​ត្រូវការ​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ​មិនមែន​គ្រប់​គ្នា​ចេះ​តែ​អាច​ធ្វើការ​អភិវឌ្ឍ​បាន​នោះ​ទេ ។ ការ​ដាក់​ឱ្យ​ដំណើរការ​ឧស្សាហកម្ម​រ៉ែ​មាស​ថ្ងៃនេះ មិនមែន​ជា​ការ​ប្រកាស​លើកទឹកចិត្ត​ឲ្យ​សាធារណជន​ទាំងឡាយ​ចាប់​យក​របរ​អាជីវកម្ម​រ៉ែ​មាស​នេះ​ឡើយ ព្រោះថា វា​ជា​អាជីវកម្ម​មាន​គ្រោះ​ហានិភ័យ​ខ្លាំង ត្រូវការ​ដើមទុន​ច្រើន និង​ជំនាញ​ពិតប្រាកដ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ