ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ​និង​លើកកម្ពស់​ដល់​ការ​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​នាយិកា​អង្គការ​សេ​ដាក​បាន​មើលឃើញ​ថា ការ​បិទ​ស្លាក​សញ្ញា អំពី​ការ​អនុវត្ត​កសិកម្ម​ល្អ​នៅ​លើ​ផលិតផល នា​ពេល​បច្ចុប្បន្ន​នេះ​វា​បាន​និង​កំពុង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ខណៈ​ផលិតផល​ដែល​បិទ​ស្លាក​សញ្ញា​នេះ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ​ជាង​ផលិត​ធម្មតា​។​លើស​ពី​នេះ​ទៀត​វា​ចូលរួម​លើកកម្ពស់​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ថែម​ទៀត​ផង​។ អ្នកស្រី តុង ចាន់​ធាង អតីត​នាយិកា​អង្គការ​សេ​ដាក​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​មិថុនា​នេះ​ថា ការ​អនុវត្ត​កសិកម្ម​ល្អ​នេះ​គេ…

រាជធានី​ភ្នំពេញ​៖ អតីត​នាយិកា​អង្គការ​សេ​ដាក​បាន​មើលឃើញ​ថា ការ​បិទ​ស្លាក​សញ្ញា អំពី​ការ​អនុវត្ត​កសិកម្ម​ល្អ​នៅ​លើ​ផលិតផល នា​ពេល​បច្ចុប្បន្ន​នេះ​វា​បាន​និង​កំពុង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ខណៈ​ផលិតផល​ដែល​បិទ​ស្លាក​សញ្ញា​នេះ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ​ជាង​ផលិត​ធម្មតា​។​លើស​ពី​នេះ​ទៀត​វា​ចូលរួម​លើកកម្ពស់​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ថែម​ទៀត​ផង​។

អ្នកស្រី តុង ចាន់​ធាង អតីត​នាយិកា​អង្គការ​សេ​ដាក​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​មិថុនា​នេះ​ថា ការ​អនុវត្ត​កសិកម្ម​ល្អ​នេះ​គេ សំដៅ​ទៅ​លើ​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ ពិសេស​កសិផល​។​ដូចនេះ​នៅ​ពេល​ណា​មានការ​បិទ​ស្លាក​លើ​កសិផល មាន​ន័យ​ថា​អ្នកទិញ​មាន​ទំនុកចិត្ត​និង​ពេញចិត្ត​ក្នុង​ការ​ចំណាយ ដោយសារ​គាត់​ឃើញ​ការ​បិទ​នេះ វា​មិនមែន​ចេះ​តែ​បិទ​បាន​នោះ​ទេ ទាល់តែ​មានការ​ទទួលស្គាល់​ច្បាស់លាស់​ទើប​គេ​អនុញ្ញាត​ឱ្យ​ប្រើ​ស្លាក​នេះ​ទៅ​លើ​ផលិតផល​។

អតីត​នាយិកា​អង្គការ​ជំនាញ​ខាង​កសិកម្ម​រូប​នេះ​ស​ង្គ​ត់​ធ្ងន់​ថា​«​បើ​តាម​យើង​គាត់​សម្គាល់ការ​ដាក់​ផលិតផល​ដែល​បិទ​ស្លាក​ការ​អនុវត្ត​កសិកម្ម​ល្អ​នៅ​តាម​ផ្សារ មិន​ទាន់​មាន​ឃើញ​ច្រើន​ប៉ុន្មាន​ទេ ។​ប៉ុន្តែ​នៅ​ឃើញ​ថា​ខាង​ផ្សារ ឬ​ហាង​ដាក់​លក់​ផលិតផល​សុវត្ថិភាព​នេះ​គាត់​ទៅ​ទិញ​ពី​ខាង​សហគមន៍​ឬ អ្នក​ផលិត​គោរព​បាន​តាម​ស្តង់ដារ​។ បើ​កសិផល​កម្ពុជា ដែល​បាន​បិទ​ស្លាក​ការ​អនុវត្ត​កសិកម្ម​ល្អ នេះ យើង​ជឿ​ថា ពិតជា​មានការ​ទាក់ទាញ ហើយ​ឥលូវ​នេះ​អ្នក​បរិភោគ ពិសេស​អ្នក​នៅ​ខាងក្រៅ​ប្រទេស​គេ​សំដៅ​ទៅ​លើ​ស្លាក់​សញ្ញា ការ​អនុវត្ត​កសិកម្ម​ល្អ​នេះ ខ្លាំង​ណាស់​ព្រោះ​គេ​អត់​ដឹង​ថា​ផលិតផល​នេះ គេ​ផលិត​ដោយ​បែប​ម៉េច​និង​នៅ​កន្លែង​ណា​គេ​អត់​ស្គាល់​ទេ ពោល​គេ​ជឿ​តែ​ទៅ​លើ​ស្លាក​សញ្ញា​ដែល​បាន​បិទ​នៅ​លើ​ផលិតផល​»​។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ឯកឧត្តម វេ​ង​សា​ខុន បង្ហាញ​ថា​ការ​អនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (Cambodia Good Agricultural Practices, CamGAP) ត្រូវ​បាន​ក្រុមការងារ​ជំនាញ​អាស៊ាន​វាយតម្លៃ​ថា​បាន​អនុលោម​ពេញលេញ​តាម​វិធាន​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​អាស៊ាន ដែល​ជា​ស្តង់ដារ​ស្ម័គ្រចិត្ត​មួយ​ត្រូវ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​អនុម័ត​ឱ្យ​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កសិកម្ម​។

ឯកឧត្តម​សង្កត់ធ្ងន់​ថា​«​បច្ចុប្បន្ន​នេះ ការ​ជំរុញ​ការ​អនុវត្ត CamGAP​មិន​ត្រឹមតែ​បាន​និង​កំពុង​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​លើក​ឡើង​ថា ការ​ចុះបញ្ជី​កសិដ្ឋាន​អនុវត្ត​តាម CamGAP បាន​ក្លាយជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រូវ​ច្បាស់លាស់​តាម​និយាម​សុវត្ថិភាព​ចំណីអាហារ​ចំពោះ​ប្រទេស​នាំ​ចូល​កសិផល​សំខាន់​ៗ​របស់​កម្ពុជា​។ ជាក់ស្តែង សម្រាប់​ផលិតកម្ម​ស្វាយ និង​ចេកអំបូង​លឿង ការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ឯកជន សហគមន៍ និង​ម្ចាស់​ចម្ការ ចុះបញ្ជី​កសិដ្ឋាន​អនុវត្ត​តាម CamGAP គឺ​ដើមចម​យ៉ាង​សំខាន់​ជួយ​ឲ្យ​ការ​ចរចារ​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ជាមួយ​ភាគី​ចិន និង​ភាគី​កូរ៉េ អំពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ និង​ផ្លែ​ចេកអំបូង​លឿង​ស្រស់ ទៅ​កាន់​ទីផ្សារ​ប្រទេស​ទាំង​ពីរ​សម្រេច​ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ