ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត Apple Daily នឹងបិទទ្វារនិងឈប់ចេញផ្សាយនាប៉ុន្មានថ្ងៃខាងមុខនេះ

2 ឆ្នាំ មុន

ហុងកុង ៖ កាសែត Apple Daily ដែលមានទំនោរគាំទ្រលិទ្ធប្រជាធិតេ្យនៅហុងកុង នឹងបង្ខំចិត្តបិទការផ្សាយ ជាពេលខ្លីខាងមុខនេះ

ហុងកុង ៖ កាសែត Apple Daily ដែលមានទំនោរគាំទ្រលិទ្ធប្រជាធិតេ្យនៅហុងកុង នឹងបង្ខំចិត្តបិទការផ្សាយ ជាពេលខ្លីខាងមុខនេះ បន្ទាប់ពីអាជ្ញាធរហុងកុងបានរឹបអូសនូវទ្រព្យសម្បត្តិនិងសម្ភារៈផ្សេងរបស់កាសែតនេះ ក្រោមហេតុផលការអនុវត្តច្បាប់សន្តិសុខជាតិ ។ នេះបើជាការអះអាងរបស់ទីប្រឹក្សាមួយរូបរបស់លោក Jimmy Lai ​បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។

ក្រុមគាំទ្រប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការបិទទ្វារកាសែត Apple Daily នឹងធ្វើឱ្យអន្តរាយដល់កេរ្តិ៍ឈ្មោះទីក្រុងហុងកុង ដែលធ្លាប់ជាដែនដីស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសដែលជាសង្គមបើកចំហមួយ ហើយវាក៏ជាសារព្រមានដល់ក្រុមហ៊ុនផ្សេងទៀតដែលអាចត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយប្រទេសបរទេស។

លោក Mark Simon ដែលជាទីប្រឹក្សា បានលើកឡើងថា Next Digital (0282.HK) ដែលជាអ្នកបោះពុម្ពកាសែតវ័យ ២៦ ឆ្នាំដែលលក់ដាច់ជាងគេ នឹងបើកការប្រជុំក្រុមប្រឹក្សាភិបាលនៅ ថ្ងៃច័ន្ទ ដើម្បីពិភាក្សាពីវិធីដើម្បីឆ្ពោះទៅមុខ បន្ទាប់ដំណើរការមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធធនាគារត្រូវបានជាប់គាំង។

លោក Mark Simon បាននិយាយតាមទូរស័ព្ទពីសហរដ្ឋអាមេរិកថា «អ្នកលក់ព្យាយាមបញ្ចូលលុយទៅក្នុងគណនីរបស់យើង តែត្រូវបានបដិសេធ» ។ យើងបានគិតថា យើងនឹងអាចធ្វើវាបាននៅចុងខែនេះ។ តែពេលនេះវាកាន់តែពិបាកនិងពិបាកជាងមុនខ្លាំងទៅទៀត»។

កាសែត Apple Daily បាននិយាយកាលពីថ្ងៃអាទិត្យថា ការបង្កកទ្រព្យសម្បត្តិរបស់ខ្លួនបានធ្វើឱ្យកាសែតសេរីមួយនេះ មានលុយតិចតួចត្រឹម ពីរ ឬបីសប្តាហ៍ សម្រាប់ប្រតិបត្តិការធម្មតា។

ប្រធាននិពន្ធនាយកលោក Ryan Law អាយុ ៤៧ ឆ្នាំនិងនាយកប្រតិបត្តិលោក Cheung Kim-hung អាយុ ៥៩ ឆ្នាំត្រូវបានបដិសេធ ឱ្យនៅក្រៅឃុំកាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយប្រទេសបរទេស។

នាយកប្រតិបត្តិ ៣ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលមន្រ្តីប៉ូលីស ៥០០ នាក់បានឆ្មក់ចូលការិយាល័យកាសែតនេះ ដោយបានទទួលការថ្កោលទោសពីប្រទេសលោកខាងលិច ក្រុមសិទ្ធិមនុស្សសកល និងអ្នកនាំពាក្យសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ អ្នកទាំង៣នាក់ កំពុងស្ថិតនៅក្រោមការសើបអង្កេត ប៉ុន្តែត្រូវបានដោះលែងចេញពីកន្លែងឃុំឃាំងរបស់ប៉ូលីសរួចហើយ ។


មន្ត្រីហុងកុងនិងចិន បាននិយាយថា សេរីភាពសារព័ត៌មានមិនអាចត្រូវបានប្រើជាខែលសម្រាប់អ្នកដែលប្រព្រឹត្តិបទឧក្រិដ្ឋនោះទេ ហើយបានរិះគន់ថា ការរិះគន់នានា គឺថាជាការប្រមាថមើលងាយលើអាជ្ញាធរមានសមត្ថកិច្ច ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ