ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ៖ ការខាតបង់ធំជាងសេដ្ឋកិច្ចទំនងជាការអប់រំដល់កុមារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូវីដ ១៩ បានបំផ្លាញសេដ្ឋកិច្ចជាសកល ។ នៅកម្ពុជាគេអាចដឹងថា កូវីដ ១៩ ធ្វើឲ្យប៉ះពាល់ការរកចំណូលប្រជាពលរដ្ឋ…

រាជធានីភ្នំពេញ ៖ កូវីដ ១៩ បានបំផ្លាញសេដ្ឋកិច្ចជាសកល ។ នៅកម្ពុជាគេអាចដឹងថា កូវីដ ១៩ ធ្វើឲ្យប៉ះពាល់ការរកចំណូលប្រជាពលរដ្ឋ និងរដ្ឋ នៅក្នុងនោះការងារប្រចំាថ្ងៃពលរដ្ឋមួយចំនួនត្រូវបានបញ្ឈប់ ឬកាត់បន្ថយពីនិយោជក ។ ចំណែកសរសរស្តម្ភទ្រង់ទ្រង់សេដ្ឋកិច្ចជាតិ ដូចជាការវិនិយោគពីបរទេស វិស័យកាត់ដេរ ទេសចរណ៍ វិស័យអចលនទ្រព្យ និងសេវាកម្មនានា សុទ្ធតែរងផលប៉ះពាល់ទំាងអស់ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ហួស-១% ប៉ុន្តែមានការមើលឃើញថា អ្វីដែលកូវីដ១ ៩ បានបំផ្លាញលើសពីនេះ នៅក្នុងរយៈពេលជាង ១ មួយឆ្នាំមកនេះ គឺការអប់រំដល់កុមារ ។

ការអប់រំនៅកម្ពុជាមិនខុសពីនៅប្រទេសផ្សេងៗនោះទេបានដាក់ឲ្យដំណើរការតាមអនឡាញ នៅពេលមានកូវីដ ១៩ រាតត្បាតខ្លំាង ។ សាលារៀនបានបិទទ្វារ ហើយការសិក្សាពីចម្ងាយ និងអនឡាញ ដែលមិនធ្លាប់បានលើកឡើងពីមុនបានដាក់ឲ្យដំណើរការភ្លាមៗ នៅពេលដែលសិស្ស និងគ្រូមិនបានត្រៀមលក្ខណៈ ដែលធ្វើឲ្យមានការបារម្ភពីគុណភាពសិក្សាថាមិនដូច ការរៀនដោយផ្ទាល់នៅក្នុងថ្នាក់នោះឡើយ ។

សម្រាប់កម្ពុជាដែលជីវភាពពលរដ្ឋ និងធនធានមនុស្សពិសេសក្នុងវិស័យអប់រំនៅមានកម្រិត ការដាក់ឲ្យដំណើរការសិក្សាពីចម្ងាយដែលទាមទារឲ្យប្រើប្រាស់នូវបច្ចេកវិទ្យានិងសម្ភារៈសិក្សាទំនើបមានទូរស័ព្ទ កុំព្យូទ័រ និងសេវាអ៊ិនធឺណែតជាដើមនោះ បានក្លាយជាឧបសគ្គធំមួយនៅពេលមានការសិក្សាតាមអនឡាញនោះ ។ មិនមែនមានតែសិស្សទេដែលមិនអាចចាប់ទាន់ការសិក្សាតាមបច្ចេកវិទ្យានេះ សូម្បីតែលោកគ្រូ អ្នកគ្រូមួយចំនួនធំ មិនដឹងមិនមានមធ្យោបាយបង្រៀនសិស្សដែរ ។

មាតាសិស្ស និងអ្នកពាក់ព័ន្ធបានបារម្ភពីគុណភាពសិក្សារបស់កុមារក្នុងពេលជាងមួយឆ្នាំមកនេះ ។ ក្មេងៗដែលរៀនថ្នាក់ទី ១ ថ្នាក់ទី ២ មឋមសិក្សា ឬ មធ្យមសិក្សា រហូតដល់មហាវិទ្យាបានដំណើរការសិក្សាពីចម្ងាយ និងអនឡាញ ចំណែកកុមារតូចដែលគ្រប់អាយុចូលរៀនបានពន្យារទៅសាលា ដែលជាការខាតបង់ដ៍ធំនៅអាយុកាលទទួលបានចំណេះដឹងរបស់ពួកគេ ។ 

ក្រសួងអប់រំ យុវជននិងកីឡា បានខិតខំបង្កើតកម្មវិធី ផ្តល់ការបណ្តុះបណ្តាលដល់លោកគ្រូ អ្នកគ្រួដើម្បីមានលទ្ធភាព មធ្យោបាយផ្តល់ចំណេះដឹងដល់សិស្សានុសិស្សបានគ្រប់ពេល គ្រប់កាលៈទេសៈយ៉ាងក្តីការបារម្ភនៅតែមាន រហូតដល់មានការលើកឡើងថា ក្រៅពីការប៉ះពាល់ខាងសេដ្ឋកិច្ចកូវីដ ១៩ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់វិស័យអប់រំ ។ 

ឆ្លើយតបកង្វល់នេះ អង្គការ UNICEF ប្រចំានៅកម្ពុជា បានលើកឡើងថា ការរៀននៅក្នុងសាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត ។

ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ ភស្តុតាងបានបង្ហាញថា ជំងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលារៀនមិនមែនជាកត្តានាំឲ្យមានការចម្លងក្នុងសហគមន៍ជុំវិញផងដែរ ។ យើងក៏បានប្រមូលផ្តុំនូវចំណេះដឹងជាច្រើនអំពីរបៀបកាត់បន្ថយហានិយភ័យចំពោះកុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ ។ តាមរយៈការប្រើប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីការពារអនាគតកូនៗរបស់យើង ។ នេះជាការបញ្ជាក់របស់អង្គការដែលការពារកុមារជាសកលខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ