ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ធម៌​បី​យ៉ាង

2 ឆ្នាំ មុន

គោល​ធម៌​បី​ប្រការ​ជា​មន្ត​ស្នេហ៍​ទាញ​ប្រជាប្រិយភាព​មេដឹកនាំ​គ្រប់​រូប​យ៉ាង​ស័ក្តិសិទ្ធិ ពិតជាប្រពៃ គប្បី​ប្រកាន់ខ្ជាប់​ជា​និច្ច​រួម​មាន​៖ ១-​ទាន គឺ​ការ​ផ្ដល់​ឲ្យ​ដូច​ជា វត្ថុ សម្ភារៈ ចំណេះដឹង ការ​អប់រំ ក្បួនច្បាប់…

គោល​ធម៌​បី​ប្រការ​ជា​មន្ត​ស្នេហ៍​ទាញ​ប្រជាប្រិយភាព​មេដឹកនាំ​គ្រប់​រូប​យ៉ាង​ស័ក្តិសិទ្ធិ ពិតជាប្រពៃ គប្បី​ប្រកាន់ខ្ជាប់​ជា​និច្ច​រួម​មាន​៖

១-​ទាន គឺ​ការ​ផ្ដល់​ឲ្យ​ដូច​ជា វត្ថុ សម្ភារៈ ចំណេះដឹង ការ​អប់រំ ក្បួនច្បាប់ និង​ការ​អប់រំ​ព្រះធម៌ ដល់​ប្រជាពលរដ្ឋ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ជាដើម ។ មេដឹកនាំ​ត្រូវ​ហ៊ាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន ធ្វើ​អំណោយទាន​ដល់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​លំបាក ។ មេដឹកនាំ​ត្រូវធ្វើ​ទាន​ក្នុង​គន្លង​គតិបណ្ឌិត មិនមែន​ក្នុង​បែប​ប្រជាភិថុតិ​ឡើយ ។

២-​សីល អ្នកដឹកនាំ​ល្អ​គឺជា​អ្នក​ដែល​ប្រកាន់ខ្ជាប់​វិន័យ អំពើ​ល្អ តាម​ឱវាទ​ព្រះពុទ្ធ ។ មេដឹកនាំ​ត្រូវ​មាន​សីល​៥​ក្នុង​ខ្លួន​ជា​និច្ច ។

មេដឹកនាំ​ដែល​មាន​សីល​ជា​អ្នកដឹកនាំ​មិន​សាហាវយង់ឃ្នង មិន​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ផ្សេង​ៗ មិន​បៀតបៀន​មិត្ដ​រួមការ​ងារ អ្នក​ក្រោម​ឱវាទ ប្រជាពលរដ្ឋ​របស់​ខ្លួន រហូត​ដល់​ការ​កាប់សម្លាប់​ជាដើម ។

មេដឹកនាំ​ដែល​មាន​សីល​ជា​អ្នកដឹកនាំ​មិន​ពុក​រលួយ ស៊ីសំណូក លួច​បន្លំ កេង​យក​ទ្រព្យសម្បត្ដិ​ជាតិ ឬ​ទ្រព្យ​បុគ្គល ឬ​ក៏​ក្រុម​គ្រួសារ​ណាមួយ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ប្រយោជន៍​ក្រុម​គ្រួសារ និង​បក្សពួក​ឡើយ ។ មេដឹកនាំ​ត្រូវ​តែ​មានការ​ស្មោះត្រង់​ចំពោះ​ជាតិ​គ្រប់ពេលវេលា ។

មេដឹកនាំ​ដែល​មាន​សីល​ជា​អ្នកដឹកនាំ​ជាតិ​មិន​ត្រូវ​ពោល​ពាក្យ​កុហក ត្រូវ​តែ​ស្មោះត្រង់ តាំងពី​ការ​គិត និយាយ និង​ការ​ធ្វើ​ឡើង​ទៅ ។ ពោល​គឺ គិត និយាយ និង​ធ្វើ​តែ​១ ។ មេដឹកនាំ​ជាតិ​មិន​ត្រូវ​គិត​ផ្សេង និយាយ​ផ្សេង ធ្វើ​ផ្សេង​នោះ​ដាច់ខាត ។

មេដឹកនាំ​ដែល​មាន​សីល​ជា​អ្នកដឹកនាំ​ជាតិ​មិនមែន​ជា​អ្នក​ដែល​ល្មោភកាម តណ្ហា បុណ្យ​ស័​ក្កិ អំណាច និង​ទ្រព្យសម្បត្ដិ​ជាតិ​ឡើយ ។ មិន​ត្រូវ​ប៉ះពាល់​កូន ប្រពន្ធ​គេ ឬ​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ឡើយ ។
មេដឹកនាំ​មាន​សីល​ជា​មេដឹកនាំ​មិន​លង់​ក្នុង​ការ​សេព​គ្រឿងញៀន អាភៀន កញ្ឆា ស្រី ស្រា ល្បែង ព្រោះ​នាំ​ឲ្យ​ខូច​ស្មារតី និង​ប៉ះពាល់​ដល់​សុខភាព ។

ជា​រួម​មក មេដឹកនាំ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​មាន​ភាព​ប្រក្រតី​ជា​ដាច់ខាត គឺ​ភាព​សាមញ្ញ មិន​វង្វេង និង​លង់​តាម​អារម្មណ៍​តាមតែ​ការ​គិត​ដាច់ខាត​នោះ​ឡើយ ព្រោះ​នាំ​ឲ្យ​មាន​ចំណុចខ្សោយ​ភ្លេច​ស្មារតី ។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ទុក​ថា អ្នក​ធ្វេសប្រហែស បាត់បង់​ស្មារតី ប្រៀប​ដូច​មនុស្ស​ស្លាប់ ។

៣-​បរិច្ចាគ ឬ​ការ​លះបង់ មេដឹកនាំ​ត្រូវ​លះបង់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ជាតិ​ឲ្យ​រស់រាន​មានជីវិត​គង់វង្ស ។ ការ​លះបង់​ជា​កត្ដា​សំខាន់​ក្នុង​ទាក់ទាញ​ជំនឿ​ពី​អ្នក​ក្រោម​ឱវាទ ឬ​អ្នក​ជុំវិញ​ឲ្យ​ដើរ​តាម​ខ្លួន ។ ភាព​កំណាញ់​ស្វិត​នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​បាត់បង់​ប្រិយភាព បាត់បង់​ជំនឿ​ពី​អ្នកផង ។ ការ​លះបង់​ទី​នេះ ចង់​និយាយ​សំដៅ​ទៅ​លើ​ការ​លះបង់​ដើម្បី​សាង​ប្រយោជន៍​អ្វីមួយ​សម្រាប់​សង្គម​ជាតិ ។

ក្នុង​ឋានៈ​ជា​មេដឹកនាំ​ត្រូវ​ហ៊ាន​ធ្វើ​គំរូ នាំមុខ​គេ ក្នុង​ការ​ធ្វើ​ពលិកម្ម​អាយុជីវិត លះបង់​តាំងពី​ធនធាន ពេលវេលា សេចក្ដីសុខ​ផ្ទាល់ខ្លួន កិត្ដិយស​មុខមាត់ រហូត​ដល់​ជីវិត ដើម្បី​ធ្វើ​ប្រយោជន៍​ជូន​ជាតិ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ទុក្ខវេទនា ក្រីក្រ អត់ឃ្លាន ល្ងង់ខ្លៅ និង​ភ័យ​ខ្លាច ។ តើ​ត្រូវ​ធ្វើការ​លះបង់​អ្វីខ្លះ ? លះបង់​ភាព​មុខមាត់​និយម សម្ភារ​ហ៊ឺហា អំនួត​អួតអាង​និយម អាត្មា​និយម និង​ភាព​ភ្លើតភ្លើន ។

ដូច​ពោល​ខាងលើ​ខ្លះ​ៗ​មក​ហើយ ដើម្បី​ដឹកនាំ​គេ ត្រូវធ្វើ​ឲ្យ​គេ​មាន​ជំនឿ ស្រឡាញ់​គោរព​ជា​មុន ។ ដើម្បី​ឲ្យ​អ្នកផង​ជឿ​ស្រឡាញ់ ត្រូវធ្វើ​ខ្លួន​ឲ្យ​សមសួន មាន​ឫកពា​ថ្លៃថ្នូរ ដោយ​ការ​វៀរចាក​អំពើ​អបាយមុខ​ផ្សេង​ៗ ។ ជា​ពិសេស​លះបង់​ការ​ស្រេកឃ្លាន​មុខមាត់ អំនួត​អួតអាង ភាព​ភ្លើតភ្លើន​និង​សម្ភារ​និយម ហ៊ឺហា​សម្បូរ​គ្មាន​ព្រំដែន ពោល​គឺ​ត្រូវ​តែ​ចុះ​បម្រើ​ពលរដ្ឋ​ដល់ទី​កន្លែង​ដោយ​ផ្ទាល់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ