ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​គួរ​រៀនសូត្រ​មុខ​វិជ្ជា​ខាង​គ្រហស្ថ​ដែរ​ទេ ?

2 ឆ្នាំ មុន

មាន​ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា តើ​អ្នកបួស​គួរ​សិក្សា​រៀនសូត្រ​ខាង​មុខ​វិជ្ជា​គ្រហស្ថ ឬ​ហៅ​ថា​វិស័យ​អាណាចក្រ​ដែរ​ឬ​យ៉ាងណា បើ​យោង​តាម​បរិបទ​សង្គម​សម័យ​ទំនើប​នេះ ? មិន​ឆ្គង ហើយ​ក៏​មិន​ទាស់​ខុស​អ្វី​ទេ ! ព្រះមហាស៊ឹម សានិត…

មាន​ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា តើ​អ្នកបួស​គួរ​សិក្សា​រៀនសូត្រ​ខាង​មុខ​វិជ្ជា​គ្រហស្ថ ឬ​ហៅ​ថា​វិស័យ​អាណាចក្រ​ដែរ​ឬ​យ៉ាងណា បើ​យោង​តាម​បរិបទ​សង្គម​សម័យ​ទំនើប​នេះ ?

មិន​ឆ្គង ហើយ​ក៏​មិន​ទាស់​ខុស​អ្វី​ទេ ! ព្រះមហាស៊ឹម សានិត អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានលើកឡើងថា បើ​បាន​បួស​ក្នុង​ព្រះ​សាសនា ទោះបីជា​ត្រូវ​លាចាក​សិក្ខាបទ ឬ​ស្ថិត​នៅ​ជា​បព្វជិត​រហូត​ក៏​ត្រូវ​តែ​ខិតខំ ប្រឹងប្រែង ស្វះស្វែង​សិក្សា​រៀនសូត្រ ជា​ដាច់ខាត និង​ចាំបាច់​បំផុត ទោះបីជា​វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ (​ព្រះ​បរិយត្តិ​ធម៌​) ឬ​វិស័យ​អប់រំ​ផ្នែក​អាណាចក្រ (​ចំណេះដឹង​ផ្លូវលោក​) ក៏​ដោយ មិន​ត្រូវ​នៅ​ស្ងៀម ស​ង្ងំ​មិន​រៀនសូត្រ​ឡើយ ។

កុលបុត្រ​ដែល​បាន​ចូល​មក​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវ​តែ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ជា​ប្រយោជន៍​ចំពោះ​៣​ចំណុច​គឺ ១-​ប្រយោជន៍​ផ្ទាល់ខ្លួន ២- ប្រយោជន៍​ពុទ្ធសាសនា និង​៣- ប្រយោជន៍​សង្គម ទាំង​ផ្នែក​រូបី និង​អរូបី ដោយ​បដិបត្តិ​តាម​ផ្លូវ​បដិបត្តិ​ជា​កណ្តាល មិន​តឹងរ៉ឹង​ពេក និង​មិន​ធូររលុង​ពេក ។

ប្រសិនបើ​គ្រហស្ថ ឬ​បព្វជិត​សិក្សា​រៀនសូត្រ​ត្រឹមតែ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ ឬ​វិស័យ​អប់រំ​ផ្នែក​អាណាចក្រ​តែ​ម្យ៉ាង​មិន​អាច​ជួយ​ជ្រោមជ្រែង​ដល់​សង្គម​ជាតិ សង្គម​សាសនា​បាន​ឡើយ ។ ដូច្នេះ​គ្រហស្ថ ឬ​បព្វជិត​ត្រូវ​តែ​ខិតខំ ប្រឹងប្រែ​ង​សិក្សា​រៀនសូត្រ​ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​ទើប​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ជួយ​ជ្រោមជ្រែង ឬ​អភិវឌ្ឍ​សង្គម​ជាតិ និង​សង្គម​សាសនា​បាន​ល្អ​ប្រសើរ ។

​ព្រះពុទ្ធ​សាសនា​ថេរវាទ ជា​គតិ​ធម្មនិយាម​បែប​បដិបត្តិ​កណ្តាល មិនមែន​ជា​ផ្លូវ​បដិបត្តិ​បែប​ឥត​ខ្ចោះ​និយម​ជ្រុល ឡើយ ។ ដឹង​ប្រសើរ​ជាង​មិនដឹង មាន​វិជ្ជា​ប្រសើរ​ជាង​អត់​វិជ្ជា ចេះ​ប្រសើរ​ជាង​មិន​ចេះ ដោយហេតុ​ថា ភាព​ល្ងង់ខ្លៅ​មិន​ដែល​ជួយ​ធ្វើ​ឱ្យ​សង្គម​រីក​ចម្រើន ជឿនលឿន មានការ​អភិវឌ្ឍ ឬ​មាន​អរិយធម៌​រុងរឿង​បាន​ឡើយ ។ គ្រោះ​អវិជ្ជា​រមែង​ធ្វើ​ឱ្យ​សង្គម​ជាតិ​លិចលុង និង​ដើរ​ឆ្ពោះទៅ​រក​សេចក្តី​វិនាស​ហិនហោច ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ