ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​យ​នី​ស៊ី​ប្រកាស​អាសន្ន​ថ្មី​ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​កង​សន្តិសុខ​ប្រធានាធិបតី

8 ឆ្នាំ មុន

ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ប្រទេស​ទុ​យ​នី​ស៊ី​បន្ទាប់​ពី​ការ​ស្លា.ប់​ភ្នាក់ងារ​ការពារ​សន្តិសុខ​ប្រធានាធិបតី​យ៉ាងតិច​១២​នាក់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រឆាំង​រថយន្ត​បឺស

ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ប្រទេស​ទុ​យ​នី​ស៊ី​បន្ទាប់​ពី​ការ​ស្លាប់​ភ្នាក់ងារ​ការពារ​សន្តិសុខ​ប្រធានាធិបតី​យ៉ាងតិច​១២​នាក់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រឆាំង​រថយន្ត​បឺស​ពួក​គេ​នៅ​កណ្តាល​រដ្ឋធានី​ទុ​យ​នី​ស ។

លោក WALID LOUGUINI អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ទុ​យ​នី​ស៊ី​ថ្លែងប្រាប់ AFP ថា ការ​ផ្ទុះ​ដែល​កើត​មាន​នា​ចុង​រសៀល​ជិត​មហាវិថី​សំខាន់​មួយ​នៃ​ក្រុង​ទុ​យ​នី​ស​គឺជា​អំពើ​ភេរវកម្ម​មួយ ។ ការ​វាយប្រហារ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២​នាក់ ហើយ​ភ្នាក់ងារ​ការពារ​សន្តិសុខ​២០​នាក់​ទៀត​រង​របួស ។ អ្នក​ស្លាប់​ទាំងអស់​សុទ្ធតែ​ជា​សមាជិក​កងកម្លាំង​សន្តិសុខ​ការពារ​ប្រធានាធិបតី ។

ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍ ប្រមុខរដ្ឋ លោក BEJI CAID ESSEBSI ដែល​លុប​ចោល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នៅ​ប្រទេស​ស្វ៊ី​ស​នោះ​ប្រកាស​ថា ការ​ប្រកាស​អាសន្ន​ត្រូវ​មាន​ជា​ថ្មី​ក្នុង​ទូ​ទាំង​ប្រទេស ។ ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​លុប​ចោល​កាលពីដើម​ខែតុលា ប៉ុន្មាន​ខែ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ជិត​ទីក្រុង SOUSSE បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៨​នាក់​មក ។

លោក ESSEBSI ក៏​ប្រកាស​ផង​ដែរ​ពី​បំរាម​គោចរ​នៅ​ក្រុង​ទុ​យ​នី​ស​ចាប់ពី​ម៉ោង​២១​រហូត​ដល់​ម៉ោង​៥​ព្រឹក​រួច​វិធានការ​នេះ​នឹង​នៅ​ជា​ធរមាន​រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ។

នៅ​កន្លែង​វាយប្រហារ​ក្បែរ​មហាវិថី MOHAMED-V អ្នកកាសែត​របស់ AFP ម្នាក់​និយាយ​ថា បានឃើញ​រថយន្ត​បឺស​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​អស់​មួយ​ផ្នែក​ធំ ។ រថយន្ត​សង្គ្រោះ និង​រថយន្ត​ពន្លត់ភ្លើង​ជា​ច្រើន​ស្ថិត​នៅ​ទីនោះ ។

ប្រទេស​ទុ​យ​នី​ស៊ី​ចាប់តាំងពី​បដិវត្តន៍​ខែមករា ឆ្នាំ​២០១១ មក ប្រឈម​មុខ​នឹង​ចលនា​ជី​ហា​ដ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ស្លាប់​ទាហាន និង​ប៉ូលិស​ជា​ច្រើន​សិប​នាក់ ។ រួច​នា​ឆ្នាំ​នេះ​មានការ​វាយប្រហារ​ភេរវកម្ម​២ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​អ្នកទេសចរ​បរទេស​៥៩​នាក់ និង​ប៉ូលិស​ម្នាក់​ក្នុង​ការ​វាយប្រហារ​នៅ​តំបន់ SOUSSE កាលពី​ខែមិថុនា និង​ការ​វាយប្រហារ​នៅ​សារមន្ទីរ BARDO ក្រុង​ទុ​យ​នី​ស កាលពី​ខែមីនា ៕