រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៩ មីនា ២០១១ សាលាឧទ្ធរណ៍បានប្រកាសបដិសេធការសុំនៅក្រៅឃុំរបស់អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោកតុប ច័ន្ទសិរីវុធ ដោយសារតែសាលាឧទ្ធរណ៍មិនបានឃើញឯកសារស្នើការពាររបស់មេធាវីជនជាប់ចោទដាក់មកសាលាឧទ្ធរណ៍ ហើយបានតម្កល់សាលក្រមសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ទុកជាបានការដដែល ។ ការបើកសវនាការនេះបានធ្វើឡើងដោយលោកចៅក្រមជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញាលោកប៉ាន់ គឹមលាង និងមានវត្តមានមេធាវីការពារជនជាប់ចោទផងដែរ ។
គួររំលឹកថា កាលពីពេលថ្មីៗនេះសាលាដំបូងខេត្តពោធិសាត់បានធ្វើការបដិសេធចំពោះពាក្យ សុំនៅក្រៅឃុំរបស់មេធាវីជនជាប់ចោទតុប ច័ន្ទ សិរីវុធ ដែលបានដាក់ទៅកាន់សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីសុំឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។ សាលាដំបូងខេត្តពោធិ៍សាត់បានប្រកាសបដិសេធការស្នើសុំនេះ តែក្រោយមកមេធាវីជនជាប់ចោទក៏បានប្តឹងឧទ្ធរណ៍ចំពោះការសំរេចរបស់សាលាដំបូងខេត្តពោធិ៍សាត់នេះជាបន្តទៀត ដើម្បីឱ្យខ្លួនអាចស្ថិតនៅក្រៅឃុំ។
គេនៅចាំបានថា ជនជាប់ចោទតុប ច័ន្ទសិរីវុធ ត្រូវបានអង្គភាពប្រឆាំងអំពើពុកលួយ ដឹកនាំដោយលោកឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ សហការជាមួយអាជ្ញាធរក្រសួងមហាផ្ទៃចាប់ខ្លួនក្រោមបទចោទ
ប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ពីជនរង គ្រោះជាច្រើននាក់ច្រើនករណី៕
ចែករំលែកព័តមាននេះ