ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងអំឡុងពេលកូវីដ១៩ ឆ្លងរាលដាល​ ​ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ រហូតដល់ពេលនេះ មិនទាន់​ស្ងប់ស្ងាត់​នៅឡើយនោះ គឺ​អ្នកជំងឺ​ដទៃផ្សេងទៀត ដែលឈឺ​ក្រៅពីជំងឺកូវីដ១៩ ហាក់ដូច​ជា​​ជួបការលំបាក​ជាខ្លាំង​…

ភ្នំពេញ៖ ក្នុងអំឡុងពេលកូវីដ១៩ ឆ្លងរាលដាល​ ​ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ រហូតដល់ពេលនេះ មិនទាន់​ស្ងប់ស្ងាត់​នៅឡើយនោះ គឺ​អ្នកជំងឺ​ដទៃផ្សេងទៀត ដែលឈឺ​ក្រៅពីជំងឺកូវីដ១៩ ហាក់ដូច​ជា​​ជួបការលំបាក​ជាខ្លាំង​ ពិសេស​នៅមន្ទីរពេទ្យ​រដ្ឋ។​

​កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ​កម្មករ​សំណង់​ម្នាក់ មានទីលំនៅក្នុងសង្កាត់​ស្ទឹងមានជ័យ​ ​មិន​ស្រួលខ្លួន (​ខ្យល់គរ​) ហើយ​ត្រូវ​បាន​កម្មករ​ដូច​គ្នា ដឹក​តាម​ម៉ូតូ​កង់​៣ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ តែ​គ្រូពេទ្យ​​​នៅពេទ្យរដ្ឋផង និងនៅពេទ្យឯកជនផង មិន​ទទួល រហូតដល់បុរសនោះ ​បាន​ដាច់ខ្យល់​ស្លាប់ នៅ​តាម​ផ្លូវលើ​ម៉ូតូ​កង់​៣។ ​ម្ចាស់​កង់​៣ ក៏បានទម្លាក់សពចោល​ នៅ​ចំណតរថយន្តក្រុង​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ខាងកើត​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​​សែន​​សុខ រាជ​ធានី​​ភ្នំពេញ​។

​កម្មករសំណង់ ដែលជា​អ្នករួមការងារ​ជាមួយសព បានឲ្យដឹងថា នៅ​វេលា​ម៉ោង​ប្រមាណ ​១​រសៀ​ល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​កម្មករ​រូប​នោះ​ ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ ​ក្នុង​សង្កាត់​បឹង​សាឡា​ង ​ខណ្ឌទួលគោក ក៏មានអាការៈមិន​ស្រួល​ខ្លួន ហើយ​ត្រូវ​បាន​កម្មករ​ដូច​គ្នា នាំ​គ្នា​កោសខ្យល់​អោយ រួច​ក៏​បាន​ដឹក​តាម​ម៉ូតូ​កង់​៣ ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូ​វៀត ឬមន្ទីរពេទ្យរុស្ស៊ី តែ​គ្រូពេទ្យ ​ពុំ​ទទួល ក៏​បាន​ដឹក​ប​ញ្ជូ​នតាមម៉ូតូកង់បីដដែល ​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុសមៈ ឬមន្ទីរលោកសង្ឃ ហើយគ្រូពេទ្យ​ មិន​ទទួល​ទៀត ក៏​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ។ ទៅដល់មន្ទីរពេទ្យឯកជន លំដាប់ផ្កាយ ៥នេះ ក៏​ត្រូវ​គ្រូពេទ្យ​ មិន​ទទួល​ពិនិត្យព្យាបាលទៀត​។

ដោយសារ​តែ​បញ្ជូន​ពី​មន្ទីរពេទ្យ​មួយ​ ទៅ​មន្ទីរពេទ្យ​មួយ ​ហើយ​​ពេទ្យ​មិន​ទទួល អ្នកជំងឺ​ក៏​បាន​ដាច់ខ្យល់​ស្លា​​ប់ នៅ​លើ​ម៉ូតូ​កង់​ ៣ នៅ​​មុខមន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ហើយក៏​​ត្រូវ​បាន​ម៉ូតូកង់​៣ ទម្លាក់​ទុក​ចោល​ នៅ​ចំណតរថយន្ត​ក្រុង​ អោយ​ដេក​លើ​កន្លែង​អង្គុយ​រង់ចាំ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ នៅ​រសៀល​នោះ ​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​សព ​រង់ចាំក្រុម​គ្រូពេទ្យ ​មក​ធ្វើតេស្តរ​កកូ​វី​ដ។ ដោយសារតែមិនទាន់ពិនិត្យ​សព រកមេរោគកូវីដ១៩ គឺសមត្ថកិច្ច ​ពុំ​អនុញ្ញាត​អោយកូនប្រុស ​ចូលទៅ​ជិត ឬក៏យក​សព ទៅធ្វើបុណ្យនោះ​ឡើយ​។

នៅមានករណីជាច្រើនទៀត អ្នកឈឺ​ក្នុងសម័យ​កូវីដ​នេះ ទោះឈឺអ្វីក៏ដោយ ឲ្យតែទៅដល់​ពេទ្យ​ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ ទោះបីជាត្រូវសង្គ្រោះបន្ទាន់ក៏ដោយ គឺខ្លាច តែពេទ្យ​មិនហ៊ានទទួល។ តែបើពេទ្យ​ទទួ​ល​ឲ្យសម្រាកព្យាបាល គឺអ្នកជំងឺនោះ និងអ្នកកំដរ​ មុនគេត្រូវពិនិត្យ​ ធ្វើតេស្តរកកូវីដ១៩ តាមរយៈតេស្តរហ័ស។ សព្វថ្ងៃ ការធ្វើតេស្ត​រកមេរោគកូវីដ នៅពេទ្យរដ្ឋ ម្នាក់ ៦ម៉ឺនរៀល នៅមន្ទីរពេទ្យ​ព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃ ហើយតម្លៃ ២០ដុល្លារ ឬ ៨ម៉ឺនរៀល នៅមន្ទីរពេទ្យ​មិត្តភាពកម្ពុជា-សូវៀត ឬមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ​។​ ចំណែក​នៅមន្ទីរពេទ្យឯកជន ការធ្វើតេស្ត​រកកូវីដ ថ្លៃជាងនេះ ​ឆ្ងាយណាស់។​

មានហេតុ​ផលម្យ៉ាង ដែលពេទ្យរដ្ឋ​ ក៏ដូចជាពេទ្យឯកជន មិនទទួល​អ្នកជំងឺ នោះគឺ​ពេទ្យ ប្រាប់ថា ​ពេញអស់ហើយ មិនមានកន្លែង សម្រាប់អ្នកជំងឺសម្រាកព្យាបាលទេ​។ មួយវិញទៀត នៅមន្ទីរពេទ្យ​ខ្លះ ដូចជា មន្ទីរពេទ្យកាល់ម៉ែត គឺតេស្តរកកូវីដ ប្រភេទ​តេស្តរហ័ស តាមរយៈ Rapid Test គឺ​ត្រូវបានក្រុមគ្រួសារ​អ្នកជំងឺ លើកឡើងថា ពេទ្យកាល់ម៉ែតមិនទទួលស្គាល់ទេ ដោយតម្រូវ​ឲ្យអ្នកជំងឺ​ និងក្រុមគ្រួសារ ដែលត្រូវចូលកំដរអ្នកជំងឺ ត្រូវធ្វើតេស្ត​តាមម៉ាស៊ីនរបស់ក្រសួងសុខាភិបាល ដែលចំណាយពេលដល់ទៅ ១ថ្ងៃ ទៅ ២ថ្ងៃ ទើបដឹងលទ្ធផល​។ ដូច្នេះទម្រាំ​តែទទួលបានលទ្ធផលពីការធ្វើតេស្តរកកូវីដតាមម៉ាស៊ីននេះ គឺ​អ្នកជំងឺ​ ដែលត្រូវសង្គ្រោះបន្ទាន់ មុខជា​ត្រូវស្លាប់ ឬក៏បើមិនស្លាប់ ក៏ចូលដល់ស្ថានភាពជំងឺធ្ងន់ធ្ងរ​ដែរ​។​ ករណីនេះ កើតមានរួចមកហើយ រហូតដល់អ្នកជំងឺ ត្រូវបង្ខំចិត្ត ប្តូរទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ​ឯកជន ដែលត្រូវចំណាយថ្លៃជាងនៅពេទ្យរដ្ឋ​។

ជាការពិត ការធ្វើតេស្ត​រកកូវីដ លើអ្នកជំងឺ និងអ្នកទៅកំដរ​អ្នកជំងឺ គឺជា​ការត្រឹមត្រូវ ក្នុងកិច្ចការពារ​ កុំ​ឲ្យឆ្លងកូវីដ១៩ ចូល​ក្នុងមន្ទីរពេទ្យ​។ ប៉ុន្តែ​ក៏គួរតែធ្វើដោយមិនគិតថ្លៃ ហើយបើត្រូវយកលុយ ក៏​​កុំ​ឲ្យថ្លៃពេក ព្រោះអ្នកក្រ ឬមន្ត្រីរាជការ​មួយចំនួន អាច​នឹង​ពិបាករកប្រាក់បង់លើថ្លៃ​ធ្វើតេស្ត​នេះ ខណៈឧបករណ៍​ធ្វើតេស្ត​រហ័ស រកកូវីដ Rapid Test ត្រូវបានរាជរដ្ឋាភិបាល ទិញចែក​ឲ្យតាមមន្ទីរពេទ្យ ហើយពេលនេះទៀត ឧកញ៉ា មហាសេដ្ឋីជាច្រើន ក៏ចាប់ផ្តើម​ចូលរួមវិភាគ​ទាន​រាប់លានដុល្លារ​ ដើម្បីទិញ​សម្ភារៈឧបករណ៍ធ្វើតេស្តរហ័សនេះ​។

ជាងនេះទៅទៀត ជាសីល​ធម៌គ្រូពេទ្យ គឺដំបូង​បំផុត​ គ្រូពេទ្យ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស​។ លុយកាក​ជារឿងបន្ទាប់ ហើយករណីបុរសកម្មករសំណង់ បើថា គាត់កើតកូវីដមែន ក៏រឹងរឹត​តែត្រូវជួយសង្គ្រោះជីវិតគាត់ថែមទៀត មិនគួរបណ្តោយ​រហូតដល់គាត់ស្លាប់ដូច្នេះទេ​។

ឆ្លងតាមករណីកន្លងមកនេះ ​នៅពេទ្យរដ្ឋ ក៏ដូចជាពេទ្យឯកជនមួយចំនួន គួរតែ​ប្តូរ​ការគិត​បន្តិច ហើយ​តម្កល់ទុក​ក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ ជាចម្បង។ អាយុជីវិតអ្នកជំងឺ​ ជារឿងអាទិភាពទី១។ គេអាច​សង្គ្រោះបឋមលើ​អ្នកជំងឺនោះ ដោយអាចសន្មតថា អ្នកជំងឺ​ ដែលត្រូវសង្គ្រោះបន្ទាន់នោះ កើតកូវីដ ហើយត្រូវសង្គ្រោះដោយប្រុងប្រយ័ត្ន ដោយពេទ្យ​ ត្រូវពាក់អាវ និងឧបករណ៍សម្ភារៈបរិក្ខារ​ការពា​រជំងឺកូវីដ ព្រមទាំង​ដាក់អ្នកជំងឺនោះ ក្នុងបន្ទប់​ដាច់ដោយឡែ​ក។ ពោលគឺ​ទន្ទឹមនឹងការ​ពិនិត្យសំណាក រកកូវីដ ក៏ការសង្គ្រោះ​អ្នកជំងឺ ត្រូវធ្វើដំណាលគ្នាដែរ​។

ផ្ទុយទៅវិញ នៅពេលនេះ អ្នកជំងឺកូវីដ ត្រូវបានយកចិត្តទុកដាក់ ហើយបើជាជនជាតិខ្មែរយើងផង គឺរដ្ឋ ពិនិត្យ​ព្យាបាលដោយពុំគិតថ្លៃឡើយ។ គ្រាន់តែពិនិត្យឃើញឈឺកូវីដ ឡានពេទ្យ ទៅដឹកដល់ផ្ទះ ដល់បន្ទប់ជួល​។ និយាយដូច្នេះ មិនមែន ច្រណែន​​ ហើយថា ចង់ឈឺកូវីដ​ដូចគេនោះ​ទេ​​។ តែនៅតាមមន្ទីរពេទ្យនិមួយៗ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ គឺ​មានផ្នែក​ពិនិត្យ​ព្យាបាលកូវីដផ្សេងពិសេស ដាច់ដោយឡែកពីផ្នែកជំងឺទូទៅ។ ដូច្នេះគួរតែ​មន្ទីរពេទ្យនិមួយៗ​ ពិសេសពេទ្យរដ្ឋធំៗ នៅភ្នំពេញ ពិនិត្យប្រព័ន្ធគ្រប់គ្រង បែងចែកការងាររបស់ខ្លួនឡើងវិញ​ ដើម្បី​កុំ​ឲ្យមានគ្រែ តែមិនមាន​អ្នកជំងឺ​ រហូតដល់អ្នកជំងឺ ត្រូវស្លាប់​​ត​ទៅ​​ទៀត​ ដោយសារតែ​ពេទ្យរុញពីមួយទៅពេទ្យមួយ​៕