ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត​ សុខ ទូច ៖ ហេតុ​អ្វី​គ្រាន់តែ​ឲ្យ​វៀតណាម​ឡើងគោកលែង​ចិញ្ចឹម​ត្រី បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​ថា កម្ពុជា​ខ្វះ​ត្រី​ហូប?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចោទ​ជា​សំណួរ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៧ មិថុនា ២០២១…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចោទ​ជា​សំណួរ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៧ មិថុនា ២០២១ យ៉ាង​ដូច្នេះ​ថា ហេតុ​អ្វី​គ្រាន់តែ​ឲ្យ​វៀតណាម​ឡើងគោក លែង​ចិញ្ចឹម​ត្រី បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​ថា កម្ពុជា​ខ្វះ​ត្រី​ហូប ?

លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា ខណៈ​ដែល​អ្នក​ជិតខាង​យើង​មាន​ប្រជាជន​ច្រើន​ជាង​យើង ពូជ​ត្រី​ក៏​ក្រ​ជាង​យើង តែ​បែរជា​ដឹក​ត្រី​ចូល​មក​យើង ។ បើ​ឡាវ ខ្វះ​ត្រី​ហូប ទើប​មិន​ចម្លែក តែបើ​ខ្មែរ​ថា ខ្វះ​ត្រី​ទទួលទាន វា​ដូច​ជា​ចម្លែក​អស្ចារ្យ​ណាស់ ព្រោះ​ខ្មែរ​មាន​ទន្លេមេគង្គ បឹង​ទន្លេសាប និង​ស្ទឹង ព្រែក បឹង អូរ​ជា​ច្រើន​ប្រៀប​ដូច​ស​សៃ​ឈាម ហើយ​ថែម​ទាំង​មាន​សមុទ្រ ជា​ប្រភព​ត្រី​ទឹកប្រៃ​ទៀត តែ​អស់​ត្រី​ហូប ប្រហែល​មក​ពី​មូលហេតុ​ដូច​ខាងក្រោម ៖

១- មិន​បាន​គណនា​ពី​តម្រូវការ​ទីផ្សារ​នៅ​ក្នុងស្រុក ដែល​ប្រហែល​មក​ពី​ខ្វះ​អ្នក​គិត​ចំណោទ​ហើយ
២- ប្រហែលជា​មក​ពី​ព្រៃ​លិច​ទឹក ត្រូវ​បាន​បំផ្លាញ​អស់
៣- ប្រហែល​មក​ពី​បឹង ត្រូវ​បាន​លុប
៤- ប្រហែល​មក​ពី​តំបន់​នេសាទ និង​តំបន់​ចិញ្ចឹម​ត្រី មិន​ត្រូវ​បាន​រៀបចំ​ទៅ​តាម​សក្ដានុពល តែ​បែរជា​ត្រូវ​បាន​លុប​ដោយសារ​តម្លៃ​ទីផ្សារ​ដី​ឡើង​ខ្ពស់ នាំ​គ្នា​លុប​បឹង ស្ទឹង អូរ យក​ទៅ​លក់
៥- មិន​បាន​ចង​ជា​សហគមន៍ ដើម្បី​ឱ្យ​ការ​ផលិត ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ
៦- យើង​មិន​បាន​កែ​ច្នៃ វត្ថុធាតុដើម ក្នុងស្រុក​ដែល​មាន ឲ្យ​ទៅ​ជា​ចំណី​របស់​សត្វ ឬ​មនុស្ស តែ​យើង​ទិញ​ចំណី​ស្រាប់​ពី​គេ មក​ឲ្យ​សត្វ ដែល​ធ្វើ​ឲ្យ​ថ្លៃដើម​ផលិត​ខ្ពស់ មិន​អាច​ប្រកួតប្រជែង​បាន
៧- បើ​ត្រី ដែល​ចិញ្ចឹម​បាន​មាន​អតិផរណា យើង​អាច​កែ​ច្នៃ​ត្រី ទៅ​ជា​ផលិតផល​ជា​ច្រើន តាម​លក្ខណៈ​ប្រពៃណី មិនបាច់​ប្រើ​វិទ្យាសាស្ត្រ​ទេ ដូច​ជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជា​មិនបាច់​ធ្វើ​ត្រីខកំប៉ុង ក៏​ត្រី​គ្មាន​អតិផរណា​ដែរ ។

ពាក់ព័ន្ធ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​១៥ មិថុនា ២០១២​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ទទួលស្គាល់​ថា មូលហេតុ​ចម្បង នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា នៅ​តែ​បន្ដ​ជួប​ប្រទះ​បញ្ហា​ប្រឈម មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជា​កសិករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ខេត្តសៀមរាប បាន​បញ្ចេញមតិ​ថា ក្នុង​វិស័យវារីវប្បកម្ម លោក​មានបទពិសោធន៍​ចិញ្ចឹម​ត្រី​រាប់​លាន​ក្បាល លើស​ពី​ប្រាំ​ឆ្នាំ លោក​ធ្លាប់​ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​ត្រី សត្វ​ទឹកសាប​និង​ប្រៃ ធំ​ៗ​នៅ​បរទេស​ជា​ច្រើន​កន្លែង ធ្លាប់​រៀន​បច្ចេក​ទាក់ទង និង​វារីវប្បកម្ម ធ្លាប់​រៀន​ពី​ផលិតកម្ម​ចំណី​សត្វ ធ្លាប់​រៀន​ពី​ទឹកដី ។​ល​។

លោក​ជា​កសិករ​ខ្មែរ​ម្នាក់ មាន​សមត្ថភាព​ចិញ្ចឹម​ត្រី និង​សត្វ​ទឹក ដូច​ជា ៖ ក្តាម បង្កង បង្គា កន្ធាយ ។​ល​។ រួម​ទាំង​ការ​ផលិត​ពូជ​ត្រី បច្ចេកទេស​របស់កសិករ​ខ្មែរ ​មិន​ចាញ់បរទេស​ទេ ប៉ុន្តែ​ដោយសារ​ កាតខ្វះ​ការ​ជ្រោមជ្រែង​ ដែល​នាំ​អោយ​មានការ​វិវឌ្ឍន៍​យឺត ​។

តើ​ហេតុ​អ្វី​ទើប​កា​រវិវឌ្ឍន៍​​របស់​វិ​ស័យមួយ​នេះ ​យឺត ?

ទី១. វៀតណាម​ផ្គត់ផ្គង់​ទីផ្សារ​យូ​រណាស់​មក​ហើយ បណ្តាញ​ចែកចាយ​ត្រី​របស់វៀតណាម ​នៅ​ស្រុក​ខ្មែរ​រឹង​មាំ កសិករ​មាន​ទីផ្សារ​ចង្អៀត ​ដើម្បី​លក់​ផលិតផល​របស់​ខ្លួន ការ​ពង្រីក​អោយ​ធំ ​ក៏​កាន់តែ​ពិបាក ​។
ទី២. មិន​មានការ​វិនិយោគ​ខ្នាត​ធំ ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​​ឬ​បរទេស ​។ កសិករ​ចិញ្ចឹម​ត្រី​ មាន​ទុន​តិច ​ក្នុង​ការ​ពង្រីក​អោយ​ធំ​ ។ ធនាគា​រផ្តល់​កម្ចី ដោយ​មានការ​ប្រាក់​ខ្ពស់​ ។
ទី៣. ចំណី​ត្រី​ ក្នុងស្រុក​មាន​តម្លៃខ្ពស់​ ជាង​ចំណី​ត្រី​នៅ​វៀតណាម នៅ​ពេល​ក្រសួងកសិកម្ម​ ប្រកាស​ផ្អាក​នាំ​ចូល​ត្រី ​ពីវៀតណាម ​កាលពីដើម​ខែមករា ​ទាំង​ដែល​ត្រី​វៀតណាម​នៅ​តែ​នាំ​ចូល​ជា​ធម្មតា​នោះ រោងចក្រ​ផលិត​ចំណី​ត្រី​ និង​នាំ​ចូល​ ដឹក​ដៃ​គ្នា តម្លើងថ្លៃ​ជា​បន្តបន្ទាប់ ​ចាប់ពី​៣០​ ទៅ​៥០​ដុល្លា​រក្នុង​មួយ​តោន ​។
ទី៤. គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព​ត្រី​នាំ​ចូល ត្រី​នាំ​ចូល​ពីវៀតណាម ​មិន​បាន​ពិនិត្យ​គុណភាព​ត្រឹមត្រូវ ​។ វៀតណាម​អាច​ចិញ្ចឹម​ត្រី​ អោយ​តែ​ធំ​ដើម្បី​លក់​ ដោយ​មិន​បាន​គិត​ពី​គុណភាព ដូច​ជា​អោយ​ស៊ី​កាក​សំណល់ ប្រើ​ថ្នាំ​គីមី​លើស​កម្រិត ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច ​និង​អ​រ័​ម៉ូ​ន កត្តា​ទាំងនេះ​នាំ​អោយ​ថ្លៃដើម​របស់​គេ​ទាប ​។
ទី៥. ការ​ប្រជែង​មិន​ស្មោះត្រង់ ត្រី​នាំ​ចូល​មិន​បាន​បង់ពន្ធ​ពេញ​ទេ នេះ​បើ​តាម​សម្តី ឈ្មួញ​នាំ​ចូល​ម្នាក់ ​នៅ​ក្នុង​ប្រ​ព​ន្ធ័​តេ​លេ​ក្រាម ​និយាយកាលពី​ខែធ្នូ​ កន្លង​ទៅ ដែលក្នុងគ្រុបនោះ ក៏​មាន​វត្តមាន​ឯកឧត្តម​រដ្ឋមន្ត្រី សមាគម​ត្រី និង​អ្នក​ចិញ្ចឹម​ត្រី ​ជា​ច្រើន​នាក់ផងដែរ ​។ ការ​មិន​បង់ពន្ធ​ត្រឹមត្រូវ​នេះ ​ធ្វើ​អោយ​រដ្ឋ​ខាត​ប្រាក់​ចំណូល ហើយ​កសិករ​ទាំងឡាយ ​តែងតែ​ជួប​ការ​លំបាក​ ដោយសារ​ឈ្មួញ​តែងតែ​ទម្លាក់​តម្លៃ ។ រឿង​ទាំងនេះ​វា​ផ្ទុយ​ពី​ក្រសួងពាណិជ្ជកម្មវៀតណាម ​ដែល​គេតម្លើងថ្លៃ​ពន្ធ ស្ករស​នាំ​ចូល​ពី​សៀម ​ដើម្បី​ការពារ​ផលិតកម្ម​ក្នុងស្រុក​របស់​ខ្លួន ​។
ទី៦. យុទ្ធ​សា​ស្ត្រផ្តួល រយៈពេលពីរ​ឆ្នាំ​នេះ វៀតណាមទម្លាក់​ថ្លៃ​ត្រី ​ក្រោម​ថ្លៃដើម​ផលិត​របស់​ខ្លួន ល​ក់មក​ខ្មែរ ​។ ការ​លក់​ខាត​ក្នុង​ពេល​ខ្លះ ​អាច​ជា​បញ្ហា​តម្រូវការ​ទីផ្សារតិច ប៉ុន្តែ​ការ​ទម្លាក់​ថ្លៃ ​រយៈពេល​វែង​ ជា​យុទ្ធ​សា​ស្ត្រ​ ផ្តួល​សុទ្ធសាធ​ ។ ចាំរហូត​ដល់​កសិករ​ខ្មែរ​ដួល​អស់ ចាំ​ពួក​គេ​ឡើងថ្លៃ​ស្រង់​ដើម​វិញ ​។ អ្នក​រង​គ្រោះ​ គឺ​កសិករខ្មែរ ​និង​អ្នក​ទទួលទាន ​។

កសិករ​​ចិញ្ចឹម​ត្រីដែលរស់នៅ​ខេត្តសៀមរាប ​ក៏បាន​បដិសេធ ​និង​ថ្កោលទោស​ចំពោះការ​លើក​ឡើង​របស់​មន្ត្រី ​និង​ប្រជាជន​មួយ​ចំនួន ​ដែល​ថា
ខ្មែរ​មិន​ចេះ​ចិញ្ចឹមត្រី បច្ចេកទេស​ខ្មែរ ​មិន​ដល់វៀតណាម ​បាន​ថ្លៃដើម​ខ្ពស់​ជាង ឬ​ស្នើអោយ​កសិករ​ប្តូរ​មុខរបរ​ជាដើម​ ។ យក​តែ​ពន្ធ​ត្រី​ នាំ​ចូល​អោយ​គ្រប់​ និង​ពិនិត្យ​គុណភាព​អោយ​បាន​ត្រឹមត្រូវ​ ​បើ​កសិករ​មិន​អាច​ប្រជែង ​នឹង​ត្រី​វៀតណាម​បាន ក៏​គ្មាន​កសិករ​ណា​បន្ទោស​មន្ត្រី​ដែរ​ ។ តែ​សូមកុំ​ចោទ​គ្នា​ថា​ អត់​ចេះ​បច្ចេកទេស ឬ​ខ្វះ​វិធី​សា​ស្ត្រចិញ្ចឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ