ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ប្តឹង​គេ​រឿង​រត់ការ​ឡើង​តួនាទី ពេល​នេះ​គេ​ប្តឹង​វិញ​បោក​លុយ​១០​ម៉ឺន​ដុល្លារ ផ្ទេរ​ក្រប​ខណ្ឌ​យោធា​ចូល​ស្នងការ​រង​ខេត្ត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ប្រាក់ ប្រាកដ កាលពី​រសៀល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ អតីត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ប្រាក់ ប្រាកដ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​សំណុំរឿង​ឆបោក​ប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​ទៅ​រត់ការ ផ្ទេរ​ក្រម​ខណ្ឌ ពី​ស្ថាប័ន​យោធា ទៅ​នគរបាល​ជាតិ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោក ប្រាក់ ប្រាកដ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ដែល​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ចាន់ ធូ មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់​២ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ប្តឹង​ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១ ។

ដើមចម​បណ្តាល​ឲ្យ​ឃាត់ខ្លួន អតីត​អគ្គ​នាយ នៃ​អគ្គនាយកដ្ឋាន​រូប​នេះ ដោយសារ​កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០២១ លោក ប្រាក់ ប្រាកដ បាន​ទៅ​និយាយ​ធានា រត់ការ​ផ្ទេរ​ឈ្មោះ​តួនាទី ប្តី​របស់​ឈ្មោះ អេ​ង អូន ចេញពី​ក្រប​ខណ្ឌ​កងទ័ព ទៅ​ជា​ក្រប​ខណ្ឌ​នគរបាល​ជាតិ និង​ឡើង​ធ្វើ​ជា​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​ទារប្រាក់​ថ្លៃ​រត់ការ​ចំនួន ៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​និយាយ​ត្រូវ​គ្នា នៅ​ថ្ងៃ​ទី​២៦ មក​រា ២០២១ ដើមបណ្តឹង​បាន​ប្រគល់​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ឈ្មោះ ប្រាក់ ប្រាកដ ដោយ​រង​ចាំ​លទ្ធផល​ផ្ទេរ​ឈ្មោះ និង​តួនាទី​ជា​ស្នងការ​រង​ជា​ផ្លូវការ ទើប​ប្រគល់​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក បន្ថែម​ទៀត ។

តាម​ពាក្យបណ្តឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​នោះ​ហើយ ឈ្មោះ ប្រាក់ ប្រាកដ ពុំ​បាន​ធ្វើ​តាម​ការ​សន្យា​ទេ ថែម​ទាំង​គេចវេស ទូរស័ព្ទ​ក៏​លំបាក​ដែរ ដូច្នោះ​ហើយ​ទើប​ដើមបណ្តឹង​បាន​ប្តឹង​ទាមទារ​យក​លុយ​វិញ ។ លុះ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ឈ្មោះ ប្រាក់ ប្រាកដ ឲ្យ​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា តាម​ពាក្យបណ្តឹង​នោះ ប៉ុន្តែ​ឈ្មោះ ប្រាក់ ប្រាកដ មិន​ព្រម​ចូលខ្លួន បានជា​តំណាង​អយ្យការ ចេញ​ដីកា បញ្ជា​ឲ្យ​នាំ​ខ្លួន​តែ​ម្តង គឺ​ស្មើនឹង​ចាប់ខ្លួន ។

លោក ប្រាក់ ប្រាកដ ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​សាកសួរ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប្រាកដ ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃស្អែក នាំ​មក​សួរ​បន្ត​ទៀត ដើម្បី​សម្រេច​ជា​ផ្លូវការ ។

កន្លង​មក លោក ប្រាក់ ប្រាកដ ធ្លាប់​ចាញ់បោក​គេ​ឲ្យ​ជួយ​រត់ការ​ចង់​ឡើងបុណ្យ​សក្តិ ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅ​ជា រដ្ឋលេខាធិការ​នៃ​ក្រសួង​មួយ​នោះ អស់ប្រាក់​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដែរ ដែល​រឿង​នេះ​លោក ប្រាក់ ប្រាកដ បាន​ប្តឹង​ជន​ឆបោក​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្រោយមក​រឿង​ក្តី​នោះ ត្រូវ​បាន​តុលាការ​បាន​កោះហៅ​ជន​ឆបោក​ទៅ និង​ដើមបណ្តឹង​ទៅ​សាកសួរ ប៉ុន្តែ​ក្រោយមក ក៏​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ។ ពេល​នេះ ស្រាប់តែ​លេច​ធ្លាយ​រឿង​លោក ប្រាក់ ប្រាកដ ឆបោក​គេ​វិញ​ម្តង យក​លុយ​ប្រមាណ ១០​ដុល្លារ​អា​មេ​រិ​ក ត្រូវ​ដើមបណ្តឹង​ប្តឹង​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ