ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សហព័ន្ធ​បាល់ទាត់ ស្នើ​​កីឡាករ​កម្ពុជា ពង្រឹងសមត្ថភាព សម្រាប់​ពាន AFC Asian Cup China

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​អស់​ឱកាស​ក្នុង​ការ​ប្រកួត​ពានរង្វាន់ FIFA World Cup Qatar 2022 ដោយ​ធ្លាក់​ការ​ប្រកួត​ត្រឹម​វគ្គ​ជម្រុះ​

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​អស់​ឱកាស​ក្នុង​ការ​ប្រកួត​ពានរង្វាន់ FIFA World Cup Qatar 2022 ដោយ​ធ្លាក់​ការ​ប្រកួត​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​២ កាលពី​ថ្មី​ៗ ក្រុម​មន្ត្រី​ជំនាញ​បាន​ស្នើ​អោយ ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ត​ពង្រឹងសមត្ថភាព​ត្រៀម​បេស​សកម្ម​នៅ​ក្នុង​ការ​ប្រកួត​មួយទៀត ដែល​ជា​ការ​ប្រកួត​អន្តរជាតិ​ដ៏​សំខាន់​ផង​ដែរ​។ នោះ​គឺជា​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន តែ​តម្រូវ​អោយធ្វើ​ការ​ជម្រុះ​ចាប់ពី​ចុងខែ​មិថុនា​នេះ​ទៅ​។

មក​ទ​ល់​ពេល​នេះ ការ​ប្រកួត AFC Asian Cup China 2023 បាន​តម្រូវ​អោយ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ធ្វើការ​ប្រកួត​ដណ្ដើម​កៅអី​គ្នា​ហើយ ដើម្បី​មានឱកាស​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ ។ ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជម្រុះ Play-Off ជាមួយ​បេក្ខភាព ៣​ប្រទេស​ផ្សេង​ទៀត ដោយ​៤​ប្រទេស​រាប់​ទាំង​កម្ពុជា គឺ​ត្រូវ​យក​២​ប្រទេស​អោយ​ឡើង​ទៅ​បង្គ្រប់​កៅអី​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​។ សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​វគ្គ Play-Off ក្នុង​ក្រុម​កម្ពុជា​រួម​មាន កម្ពុជា​, ឥណ្ឌូ​នេ​ស៊ី​, ឆាយ​នី​តៃប៉ិ និង​កោះ​ហ្គាំ ។ ប៉ុន្ដែ​ដោយ​យោង​តាម​ចំណាត់ថ្នាក់​របស់​ក្រុម​នីមួយ​ៗ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ កាលពី​ថ្មី​ៗ ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ត្រូវ​បាន​កំណត់​ស្ថិត​នៅ​ក្រឡ​ទី​១ (Pot-1) ខណៈ​ក្រុម​ឆាយ​នី​ស​តៃប៉ិ និង​កោះ​ហ្គាំ ស្ថិត​នៅ​ក្រឡ​ទី​២ (Pot-2) ។ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម​មួយ ក្នុង​ចំណោម​ក្រុម​ដែល​ស្ថិត​នៅ Pot-2 ពោល​គឺ​អាច​ប៉ះ​ជាមួយ​ឆាយ​នី​ស​តៃប៉ិ ឬ កោះ​ហ្គាំ ហើយ​លុះតែ​ឈ្នះ​ទើបបាន​ជួប​ក្រុម​បន្ត​។

មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ជំរុញ​អោយ​កីឡាករ​ទាំងអស់​កំបាក់​ទឹកចិត្ត ហើយ​ប្រឹង​ហ្វឹកហាត់​អោយ​កាន់តែ​ខ្លាំង ដោយសារ​តែ​ការ​ប្រកួត​ក្នុង​បេស​កក​កម្ម​ទី​២​ក៏​សំខាន់​ផង​ដែរ បើ​ទោះជា​បេសកកម្ម​ទី​១ បញ្ចប់​ដោយ​បរាជ័យ​។ មន្ត្រី​ជំនាញ​បន្ត​ថា ការ​ប្រកួត​វគ្គ Play-Off នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី​២៤ ខែមិថុនា​ខាង​មុខ មុន​ចាប់ផ្ដើម​ការ​ប្រកួត​ជម្រុះ​ជើង​ទី​១ ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៧ ខែកញ្ញា និង​ជើង​ទី​២ ប្រកួត​នា​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ខាង​មុខ ។ ចំពោះ​ក្រុម​ទទួល​បាន​ជ័យជម្នះ ២​ក្រុម នឹង​ទទួល​បាន​សិទ្ធ​បំពេញ​កៅអី​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី ឆ្នាំ​២០២៣ ដែល​មាន​បេក្ខភាព ២២​ក្រុម​កំពុង​ឈរ​ចាំ ។

ចំពោះ​បេក្ខភាព ២២​ក្រុម ដែល​កំពុង​ឈរ​ចាំ​នៅ​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ ខាងលើ រួម​មាន​តា​ហ្ស៊ី​គី​ស្ថាន​, អ៊ូ​បេ​គី​ស្ថាន​, គុយ​វ៉ែត​, បា​រ៉ែ​ន​, តួ​ក​ម៉េ​នី​ស្ថាន​, ហ្ស៊​ក​ដា​នី​, ប៉ា​ឡេ​ស្ទី​ន​, ម៉ា​ឡេ​ស៊ី​, ហ្វី​លី​ពី​ន​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, ឥណ្ឌា​, ថៃ​, សិង្ហ​បុរី​, ម៉ុ​ហ្គោ​លី​, អា​ហ្វ​ហ្គា​នី​ស្ថាន​, ហុងកុង​, ម៉ា​ល់​ឌី​វ​, ស្រី​លង្កា​, នេ​ប៉ា​ល់​, មី​យ៉ា​ន់​ម៉ា​, យេ​ម៉ែ​ន និង​បង់​ក្លា​ដេ​ស ។ បន្ទាប់​ពី​រក​ឃើញ​បេក្ខភាព​បង្គ្រប់​កៅអី ២៤​ក្រុម នឹង​ត្រូវ​បែងចែក​ជា ៦​ពូ​ល (១​ពូ​ល​មាន ៤​ក្រុម​) ដើម្បី​ប្រកួត​រក​ក្រុម​ចំណាត់ថ្នាក់​ល្អ​ជាងគេ ១១​ក្រុម ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​ចិន ។

មន្ត្រី​សហព័ន្ធ​បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​ថា មិ​ម​អាច​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​មួយ ស្រាប់តែ​បាក់ទឹកចិត្ត​ហើយ​មិន​ខំ​ប​ហ​រឹង​ប្រែង​នោះ​ទេ​។ សម្រាប់​ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៃ​ពាន​ជើងឯក​ទ្វីបអាស៊ី ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន បច្ចុប្បន្ន​ក៏​មាន ១៣​ក្រុម កំពុង​ឈរ​ចាំ​ផង​ដែរ រួម​មាន​ក្រុម​ម្ចាស់ផ្ទះ​ចិន​, ស៊ី​រី​, អូស្ដ្រាលី​, អ៊ី​រ៉​ង់​, អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​, កា​តា​, ជប៉ុន​, អា​រ៉ាប់​រួម​, កូរ៉េ​ខាងត្បូង​, អ៊ី​រ៉ា​ក់​, អូ​ម៉​ង់​, វៀតណាម និង​លី​បង់ ។ ដូច្នេះ​បូក​ទាំង​ក្រុម​ឡើង​មក​ពី​ជុំ​ទី​៣ ចំនួន ១១​ក្រុម នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ ៤​ឆ្នាំ​ម្ដងនេះ​មាន ២៤​ក្រុម ខណៈ​ការ​ប្រកួត​ស្វែងរក​ជើងឯក​ទ្វីបអាស៊ី ឆ្នាំ​២០២៣ គ្រោង​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ