ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​ក្មេង​ស្រី​​តូច​អាយុ៤ខែ​កប់ក្នុង​​គំនរបាក់បែក ដោយ​​សារការរញ្ជួយព្រះ​ធរណី និង​រលក​យក្ស​ស៊ូណាមី​​វាយ​ប្រហារ

15 ឆ្នាំ មុន

ក្មេងស្រី​​តូច​អាយុ​​៤ខែ ត្រូវ​បាន​គេ​ចាត់​ទុក​​ថា ជា​មនុស្ស​​អច្ឆរិយៈ​ដោយ​​សារ​នៅ​រស់​ពី​​​​ការ​កប់​ក្នុង​គំនរ​ឈើបាក់បែក ​អត់ចំណី​អាហារ​​រយៈ​ពេល​​​៤ថ្ងៃ ​នៅតំបន់​​​ភាគ​ឦសាន​​ប្រទេស​ជប៉ុន ដែល​រងគ្រោះ​​ធ្ងន់ធ្ងរ​​ដោយសារ​​ការ​​រញ្ជួយដី​​ដ៏ខ្លាំង​មួយ​​កម្រិត​​​៨,៩​រិច​ស្ទ័រ ​បង្ក​ឱ្យកើត​​​​មាន​រលក​​យក្ស​​ស៊ូណាមី កាលពីថ្ងៃទី​​​១១ មីនា កន្លង​មក ។ ក្មេងស្រី​​នេះបាន​​របូត​ធ្លាក់​​ចេញពី ម្តាយ​​​នៅពេល​​ម្តាយរបស់​គេ​ព្យា​យាម​​រត់គេចពី​រលក​​យក្ស​ស៊ូណាមី ​តាំង​ពីថ្ងៃ​​ដំបូង​នៃ​ការ​រញ្ជួយ​ដី​​នេះ​ធ្វើ​​ឱ្យគេ​​ធ្លាក់​លើ​ដី​កប់ទឹក ហើយ​​​កម្ទេច​​ឈើ​​ធ្លាក់​ពីលើ ។​

ក្មេង​ស្រីនេះ​ទើបរកឃើញ​​កាលពី​ល្ងាច​ថ្ងៃទី​​​១៤ មីនា ​ក​ន្លងមក ​​នៅ​ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​ទាហានរុករក​​តាមគំនរ​បាក់បែក​ដើម្បី​​ជួយសង្គ្រោះ​​​អ្នក​នៅ​រស់ ។​ ​មុនពេល​​មាន​​​ការឈាន​ទៅ​ធ្វើការ​សង្គ្រោះ​នេះ គឺ​​នៅវេលា​​សុរិយា​​រៀប​អស្តង្គត​ទៅហើយ ​ស្រាប់តែ​​​មាន​ឮ​សម្លេង​​​ហាក់ដូចជា​​ក្មេង​ស្រែក​យំ ​ទាហាននៃកង​កម្លាំង​​​​ការពារ​​ជាតិជប៉ុន និង​ក្រុម​​អ្នកជួយសង្គ្រោះ​​​បាននាំគ្នា​​ធ្វើដំណើរ​សំដៅ​​ទៅ កាន់​​កន្លែង​ឮ​សំឡេងនោះ​ បន្ទាប់មកក៏​​រើគំនរ​​ឈើ​បាក់បែក​ចេញ​​ស្រាប់​​តែ​ឃើញ​​ក្មេង​ស្រី​​​តូច​នេះ​ស្ថិត​​ក្នុងស្ថានភាព​គួរ​ឱ្យ​សង្វេគ​​បំផុត ។ ក្មេង​ស្រី​នេះ​ត្រូវបាន​​គេ​ចាត់​ទុកថា ជា​មនុស្ស​អច្ឆរិយៈ​ ហើយ​​បាន​ជួបជុំ​ឪពុកម្តាយ​របស់គេវិញ​​​។

គេ​ឆ្ងល់ណាស់​ថា ​​ហេតុអ្វី​​ជា​ក្មេងស្រី​​នេះមិន​​​លង់​ទឹក​​ស្លាប់ ព្រោះ​នៅពេល​នាង​ធ្លាក់​ចេញ​ពី​ដៃ​ម្តាយ​​របស់នាង​គឺធ្លាក់​​ចូលក្នុង​​ទឹក ហើយ​​កប់​ក្រោម​​​​គំនរ​ឈើ​ទៀត ។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​​​​មនុស្ស​​​ផងទាំងឡាយ​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​​ខ្លាំង ​ព្រោះជា​រឿង​​កម្រជួប​ប្រទះបំផុត ។ ក្រោយ​​​​ពី​រកឃើញ​​ ទាហាន​បាន​យក​​​នាងតូច​​ទៅ​មុជ​ទឹក​​ឱ្យយ៉ាង​ស្អាត បន្ទាប់មក​​​​​យក​កន្សែង​ពោះ​គោ​​រុំ​​​បង្កើន​នូវភាពកក់ក្តៅ​។ ​ក្មេងស្រី​​នេះ​មិន​ត្រឹម​តែ​​​មិនលង់ទឹក​​ប៉ុណ្ណោះទេ ថែមទាំង​​ពុំ​មាន​រង​របួស​​ទៀត​ផង ​ជា​ហេតុធ្វើ​​ឱ្យ​​ហេតុការណ៍​​របស់​​នាង​ត្រូវ​​បានគេ​ចាត់​​ទុក​ថា ​ជារឿង​អាថ៌​កំបាំង​មួយ ។ ការរកឃើញ​ក្មេងស្រីនេះ​​បានផ្តល់​​ក្តីសង្ឃឹម​​​ថា នឹង​រកឃើញ​​អ្នកនៅ​​​រស់​​ច្រើននាក់​ទៀត ដែ​ល​កប់ក្នុងគំនរ​​​បាក់បែក ។​
មុននេះ​​បុរស​វ័យ​ចំណាស់ម្នាក់​ត្រូវ​​បាន​ជួយ​សង្គ្រោះ​​ក្រោយ​ពី​​ត្រូវរលក​ស៊ូណាមី​​បក់​បោក​​ទៅ​កណ្តាល​​សមុទ្រ​រយៈ​ពេល​​៣ថ្ងៃ ។

  • ធនាគារ​ជប៉ុន​ផ្តល់​​​ប្រាក់​ឧបត្ថម្ភ​​​លើ​​ផល​ប៉ះពាល់​នៃ​ការរញ្ជួយដី​

ធនាគារ​​ជប៉ុន​(BOJ) បាន​​​បញ្ចេញ​​​ប្រាក់​​​យ៉ាង​ច្រើន​ជា​ប្រវត្តិសាស្ត្រ​​ រួមទាំង​​បង្កើន​កម្ម​វិធី​​ទិញ​ទំនិញ​ទ្វេដង​ដើម្បី​ការពារ​សេដ្ឋ​កិច្ច​​ពីផល​​ប៉ះពាល់​នៃ​ការ​រញ្ជួយ​ដី​ដ៏អាក្រក់​​នៅក្នុង​ប្រទេស ។​ តាម​របាយការណ៍​​របស់​«ប្លូមប៊ើក» ​ផ្សាយ​ថា ធនាគារ​​ BOJ ត្រៀម​ចំណាយ​ប្រាក់​​១៥​លានលាន​​យេន  ឬប្រហែល​​១,៨៣​សែន​លាន​ដុល្លារ​ចូលទី​ផ្សារ​ហិរញ្ញវត្ថុ​​​ ដើម្បី​ការពារ​​​ស្ថិរភាព​​​នៃ​ការ​ធ្លាក់​ចុះ​របស់​ទីផ្សារ​ភាគហ៊ុន​ និង​ការ​​កើន​​ឡើង​ភាព​ប្រថុយ​ប្រថាន​​​ក្នុង​ការ​បញ្ចេញ​​​ប្រាក់​​កម្ចី ។  លើសពីនេះ​​ លោក​សាអាគី ឈីរ៉ាកាវា​ ទេសាភិបាល​ធនាគារ​​ជប៉ុន​ បាន​យល់​ស្រប​ឱ្យ​បង្កើន​​ប្រាក់​បង្វិល​បង្កភាព​​​ងាយ​ស្រួល​​សម្រាប់​​​​ការទិញ​ទំនិញ​ដល់​ទៅ​១០​​លានលាន​យេន ។​

គួរ​បញ្ជាក់​ថា មានការ​ព្យាករណ៍​​ទុក​ថា​ អ្នក​​ស្លាប់​​​បាត់​បង់​ជីវិត​ពីគ្រោះ​ធម្មជាតិ​​លើកនេះ​អាច​កើន​ឡើង​ដល់​ទៅ​១ម៉ឺន​នាក់ ខណៈ​​ពេល​មាន​មនុស្ស​ស្នាក់នៅ​​​ជំរំភៀស​ខ្លួន​បណ្តោះ​អាសន្ន​​​ប្រហែល​៣៥០.០០០​នាក់ ។ តាម​របាយ​ការណ៍​​របស់​​នាយក​ដ្ឋាន​​ប៉ូលិស​​ជាតិ​ប្រទេស​​ជប៉ុន​បញ្ជាក់​​ថា បច្ចុប្បន្ន​​គេ​ប្រទះ​ឃើញ​មាន​អ្នក​ស្លាប់​​ចំនួន​​១.៥៩៧នាក់ បាត់​ខ្លួន​១.៤៨១​នាក់​ និង​​របួស​១.៦៨៣​នាក់ ។

  • ប្រទេស​នៅអាស៊ី​ត្រួតពិនិត្យ​​ម្ហូប​អាហារ​ដែល​នាំ​​ចូល​​ពី​ប្រទេស​ជប៉ុន​

តាមទី​ភ្នាក់​​ងារ​ AFP ផ្សាយ​​ឱ្យ​ដឹងថា ​រដ្ឋា​ភិបាល​​នៃ​ប្រទេស​​ជាច្រើន​នៅអាស៊ី​​រួមទាំង​​ហុង​កុង​​ ម៉ាឡេស៊ី ហ៊្វីលីពីន​ សិង្ហ​បុរី និង​តៃវ៉ាន់​ បាន​បញ្ជា​ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​អាហារ​​ដែល​នាំ​ចូលពី​​ប្រទេស​ជប៉ុន ​​ថា​តើ​មាន​សារធាតុ​វិទ្យុ​​សកម្ម​​លាយ​ឡំ​ឬអត់ ? ទោះជា​​បែបណា​ អ្នក​​នាំពាក្យ​​អង្គការ​​សុខភាព​ពិភព​លោក​(WHO) ​បញ្ជាក់​​​​​​​ថា ​ដូច​ដែល​ទិន្នន័យ​​ទទួល​បាន​គឺ​មាន​​ភាព​​ប្រឈម​មុខពី​កាំរស្មី​វិទ្យុ​​សកម្ម​​ដែល​​​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​សុខភាព​​ប្រជាជន​តិចតួច​​បំផុត ព្រោះ​ថា​ ការ​បែក​ធ្លាយ​​មាន​កម្រិត​ទាប​ និង​​​ប្រជាជន​​​បាន​​ភៀស​ខ្លួន​ចេញពី​តំបន់​គ្រោះ​ថ្នាក់​ទាន់​ពេល​វេលា​។​

  • ក្រុមហ៊ុន​​ផលិត​​ទំនិញ​នានា​នៅ​ប្រទេស​​ជប៉ុន​ផ្អាក​​សកម្មភាព​​បណ្តោះ​អាសន្ន​​

ក្រុម​ហ៊ុន​ផលិត​ទំនិញ​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន​​​ ដូចជា​​ ក្រុម​ហ៊ុន​​សូនី និងតូយ៉ូតា​ បាន​ចេញ​​បញ្ជា​បិទ​​រោង​ចក្រ​​របស់​ខ្លួន​ ក្រោយពី​ការ​​​រញ្ជួយ​ដីដ៏​ធ្ងន់​ធ្ងរ​​ជា​ប្រវត្តិ​​សាស្ត្រ​​វាយ​ប្រហារ​​​ប្រទេស​ជប៉ុន​ បង្ក​ឱ្យ​មាន​​ការ​ខូចខាត​​ដល់​​ប្រភព​ផលិត​ទំនិញ​​ និង​រោង​ចក្រ​​​​អគ្គិសនី​​បណ្តា​ល​ឱ្យ​​​មាន​កង្វះ​ខាត​​ចរន្ត ។​ លោក​​អាត ស៊ូអូ អូម៉ាការី អ្នក​នាំពាក្យ​​ក្រុម​​ហ៊ុន​សូនី​ របស់​​ជប៉ុន​បង្ហើប​ឱ្យ​ដឹងថា ក្រុម​ហ៊ុន​សូនី​ដែល​ជាអ្នក​​នាំចេញ​​ទំនិញ​​អេឡិច​ត្រូនិក​ដ៏​ធំ​របស់​​ជប៉ុន​​បាន​​បញ្ជា​ឱ្យ​បិទរោង​ចក្រ​​ចំនួន​​៣​កន្លែង​។​ ចំណែក​​​ក្រុម​ហ៊ុន​​តូយ៉ូតា​ ក៏​ប្រកាស​​បិទ​ទីតាំង​​​ផលិត​​ដល់​ទៅ​១២​កន្លែង​នៅក្នុង​ប្រទេស​ជប៉ុន​ដែរ​ ខណៈ​ពេល​ក្រុម​ហ៊ុន​ហុងដា​ បាន​បញ្ជាក់​​ថា នឹង​បិទ​​ទីតាំង​​ផលិត​នៅក្នុង​ទីក្រុង​ចំនួន​៤ ។

  • សិង្ហ​បុរី និង​តៃ​វ៉ាន់​ ត្រួត​ពិនិត្យ​​អាហារ​នាំ​ចូល​ពី​ជប៉ុន​​ បារម្ភ​ពី​សារ​ធាតុ​វិទ្យុ​សកម្ម​​​ដោយ​សារ​ការ​ផ្ទុះ​​ចង្ក្រាន​រ៉េ​អាក់​ទ័រ

ទី​ភ្នាក់​ងារ​ AFP ផ្សាយ​ថា ប្រទេស​សិង្ហ​បុរី​​ និង​​កោះ​​តៃវ៉ាន់​​ ធ្វើ​ការ​ត្រួត​ពិនិត្យ​​​អាហារ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ​យ៉ាង​តឹង​រ៉ឹង​ ដើម្បី​ឱ្យ​​មាន​​ភាព​ប្រាកដ​ប្រជា​ថា គ្មាន​​​ឡូក​​ឡំ​​នឹង​កាំរស្មី​វិទ្យុ​សកម្ម​​ បន្ទាប់​ពី​ចង្ក្រាន​រ៉េ​អាក់​ទ័រ នៅរោង​ចក្រ​អគ្គិ​សនី​រ៉េ​អាក់​ទ័រ ហ្វូ​គូ​ឈី​ម៉ា ផ្ទុះ​កាល​ពី​ថ្ងៃ​ទី ១២ មីនា កន្លង​​ទៅ ។ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​ AVA បញ្ជាក់​ថា «ដើម្បី​​បង្ការ​ការ​​ឆ្លង អង្គ​​ការ​ស្បៀង​អាហារ និង​បសុ​សត្វ​​សិង្ហ​បុរី (AVA) ចាំ​បាច់​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ផលិត​ផល​​ម្ហូប​អាហារ​ពី​ប្រទេស​ជប៉ុន ព្រោះ​នៅ​​ឯ​ប្រភព​ផលិត​ប្រឈម​មុខ​នឹង​ការ​ឡូក​ឡំ​សារ​ធាតុ​វិទ្យុ​សកម្ម។ យើង​នឹង​យក​​គំរូ​អាហារ​ទៅ​ត្រួត​ពិនិត្យ​​សារ​ធាតុ​​វិទ្យុ​សកម្ម​ ជា​ពិសេស​​អាហារ​ឆៅ ហើយ AVA ​នឹង​ធ្វើ​ការ​តាម​ដាន​ស្ថាន​ភាព​ក្នុង​ប្រទេស​​ជប៉ុន​​យ៉ាង​ដិត​ដល់​» ។

AVA បង្ហើប​ឱ្យ​ដឹង​ថា អាហារ​​ពី​ប្រទេស​​ជប៉ុន ភាគ​​ច្រើន​ត្រូវនាំ​ចូល​តាម​នាវា ប៉ុន្តែ​ភោជនីយ​ដ្ឋាន​​​​នៅ​ប្រទេស​​ជប៉ុន​មួយ​ចំនួន​ នឹង​ប្រើ​ការ​ដឹក​ជញ្ជូន​​តាម​ផ្លូវ​អាកាស​ដូច​ជា​ត្រី​ស្រស់​ជា​ដើម។ ​ប្រទេស​សិង្ហបុរី​​មាន​ភោជនីយ​ដ្ឋាន​​​​ជប៉ុន ​យ៉ាង​ច្រើន ព្រោះ​ជា​ប្រភេទ​ម្ហូប​អាហារ​មាន​​​ការ​ពេញ​​និយម​យ៉ាង​ខ្ពស់ ។ ​កាល​ពី​​ឆ្នាំ​មុន សិង្ហ​បុរី​​បាន​នាំ​ចូល​ទំនិញ​ពី​ជប៉ុន​មាន​តម្លៃ​ប្រហែល​៣៣.៣០០​លាន​ដុល្លារ​សិង្ហ​បុរី ​គឺ​​ជាង​២,៥​ម៉ឺន​ដុល្លារ​អាមេ​រិក ។ ស្រ​ប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ នៅតៃវ៉ាន់​​ក៏​ត្រៀម​ត្រួត​ពិនិត្យ​ម្ហូប​អាហារ​នាំ​ចូល​ពី​ជប៉ុន​ដូច​គ្នា ដោយ​បច្ចុ​ប្បន្ន​​កំពុង​ស្ថិត​ក្នុង​ដំណាក់​​កាល​ត្រួត​ពិនិត្យ​​ផលិត​ផល​ម្ហូប​​អាហារ​យ៉ាង​​ដិត​ដល់ ។

  • កំរិត​វិទ្យុ​សកម្ម​មាន​ខ្ពស់​ជាង​ធម្មតា​វាស់​ឃើញ​នា​ព្រឹក​ថ្ងៃ​​១៥មីនា នៅ​ក្រុង​តូ​ក្យូ​

នា​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៥ មីនា តម្លៃ​ភាគ​ហ៊ុន​នៅ​ក្រុង​តូ​ក្យូ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​១០,៥៥%​ ព្រោះ​​ពួក​អ្នក​វិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​ជ្រួល​ច្របល់​ដោយ​សារ​ការ​កើន​ឡើង​នៃ​វិបត្តិ​នុយ​ក្លេ​អ៊ែរ​ក្រោយ​ការ​រញ្ជួយ​ដី​។ នា​វេលា​ម៉ោង​៥​ព្រឹក​ កំរិត​វិទ្យុ​សកម្ម​ខ្ពស់​ខុស​ពី​ធម្មតា​ត្រូវ​បាន​វាស់​ឃើញ​នៅ​ក្រុង​តូក្យូ​។ នេះ​ជា​ការ​ប្រកាស​របស់​សាលា​ក្រុង​​ដោយ​បញ្ជាក់​ថា កំរិត​នេះ​នៅ​ខ្សោយ​ខ្លាំង​នៅ​ឡើយ​ទេ ពុំ​ទាន់​​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ឡើយ​។ នា​ព្រឹក​ថ្ងៃ​ទី​​១៥ មីនា នោះ​ដែរ​រេ​អាក់​ទ័រ​ទី​៤​នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ ហ្វូ​គូ​ស៊ីម៉ា​ទី​១ដែល​ភ្លើង​ឆេះ​ហាក់​ដូច​ជា​ត្រូវ​បាន​ពន្លត់​ហើយ​។ យោង​តាម​ម៉ាស៊ីន​ឃោសនា​ជប៉ុន​ជាច្រើន​ថា ពួក​អ្នក​ពន្លត់​ភ្លើង​អះ​អាង​ពី​ការ​បញ្ចប់​គ្រោះ​អគ្គី​ភ័យ​​​​ នេះ​។
ចំណែក​ឯ​ស្ថាន​ទូត​បារាំង​ប្រចាំ​ប្រទេស​ជប៉ុន​​បាន​ប​ដិ​សេធ​អំពី​រឿង​ដែល​ថា មាន​ពពក​វិទ្យុ​សកម្ម​បោក​បក់​សំដៅ​ឆ្ពោះ​មក​កាន់​តំបន់​ក្រុង​តូក្យូ​ ដោយ​អះ​អាង​ថា ទី​ក្រុង​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​នោះ​ពុំ​រង​ការ​គំរាម​កំហែង​ដោយ​វិទ្យុ​សកម្ម​ឡើយ​។ ការ​ព្យាករណ៍​ឧតុ​និយម​គូស​បញ្ជាក់​ថា ខ្យល់​កំពុង​តែ​គួច​វិល​។

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ណា​អូ​តូ​ កាន​ថ្លែង​ថា កំរិត​វិទ្យុ​សកម្ម​មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ទី​មួយ​​ជា​កន្លែង​មាន​អគ្គី​ភ័យ​មួយ​កើត​ឡើង​នៅ​រេ​អាក់​​ទ័រ​ទី៤។ អត្រា​វិទ្យុ​សកម្ម​មាន​ខ្ពស់​លើស​ពី​ធម្មតា​ត្រូវ​បាន​វាស់​​ហើយ​នៅ​​ក្រុង​អ៊ី​បា​រ៉ា​គី​ ស្ថិត​នៅ​ចន្លោះ​តំបន់​ហ្វូ​គូ​ស៊ីម៉ា​ដែល​មាន​មជ្ឈមណ្ឌល​នុយ​ក្លេ​អ៊ែរ​មួយ​កំពុង​រង​ការ​ខូច​ខាត​ដោយ​ការ​រញ្ជួយ​ដី​ និង​ក្រុង​តូ​ក្យូ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្យូ​ដូ​រាយ​ការណ៍​ថា ទី​ក្រុង​អ៊ីបា​រ៉ា​គី ស្ថិត​នៅ​ចម្ងាយ​ជាង​​១០០​គីឡូ​ម៉ែត្រ​ភាគ​ឥសាន​ក្រុង​តូ​ក្យូ​។ នា​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៥ មីនា មាន​ការ​ផ្ទុះ​រេ​អាក់​ទ័រ​ទី​២ នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ ហ្វូ​គូ​ស៊ីម៉ា​ទី​មួយ​។ ប្រទេស​ជប៉ុន​បាន​ស្នើ​ជំនួយ​ពី​សហ​រដ្ឋ​អាមេ​រិក​ និង​ទី​ភ្នាក់​ងារ​ថាម​ពល​បរមា​ណូ​អន្តរ​ជាតិ​ក្រោយ​កើត​មាន​បញ្ហា​នៃ​ការ​ផ្ទុះ និង​ឆេះ​រេអាក់​ទ័រ​នៅ​ឯ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ដើម្បី​បង្ការ​​គ្រោះ​មហន្ត​រាយ​នៃ​វិទ្យុ​សកម្ម​ ៕