ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​ភ្លើង​អគ្គិសនី​​នៅរោងចក្រ​នុយក្លេអ៊ែរ​​ហ្វូគូស៊ីម៉ា​​ត្រូវ​​​តភ្ជាប់ឡើងវិញ

15 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​ព័ត៌មានចិន​ស៊ីនហួ​​នៅថ្ងៃទី​​២៣ មីនា រាយការណ៍​​ថា បណ្តាញ​​ភ្លើង​​​អគ្គិសនី​​នៅម៉ា​ស៊ីន​​រេអាក់ទ័រ​​ទាំង​៦​របស់​​រោងចក្រ​​ថាមពល​នុយ​ក្លេ​អ៊ែរ​​ហ្វូគូស៊ីម៉ា​របស់ជប៉ុន​ដែលរង​​ប៉ះពាល់​ដោយ​ការរញ្ជួយដី​​ដ៏ខ្លាំង​​មួយកម្រិត​៩រីស្ទ័រ ​បង្ក​ឱ្យ​​កើត​មានរលក​យក្ស​​ស៊ូណាមី​​ ដែលវាយ​ប្រហារ​​​​​ភាគឦសាន​​ប្រទេសជប៉ុន​កាលពីថ្ងៃទី​​១១ មីនា កន្លង​មក ​ត្រូវបាន​តភ្ជាប់​ឡើងវិញ​អស់​ហើយ​​ដោយ​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល សម្រាប់​​​ដំណើរ​ការ​​​​ឡើងវិញ​​នូវប្រព័ន្ធ​​ត្រជាក់​​សំខាន់​​សម្រាប់​ម៉ាស៊ីន​រេអាក់ទ័រ​​ទាំង​នោះ ។​
ម៉ាស៊ីន​រេអាក់ទ័រ​ទី​​​៣ ក្នុង​ចំណោម​​ម៉ា​ស៊ីន​​រេអាក់ទ័រ​ទាំង​​៦ ​ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​​ជាង​គេ ដោយ​សារ​ការ​រញ្ជួយ​​ដីនោះ​​ត្រូវ​បាន​ត​ភ្ជាប់​​​ភ្លើង​អគ្គិសនី​​ក្រោយគេ ​ដោយប្រព័ន្ធ​​​ផ្គត់​ផ្គង់​​​អគ្គិសនី​​ពី​ខាងក្រៅ​។​
ម៉ាស៊ីន​​រេអាក់ទ័រ​​ទាំង​នោះ​​នឹង​ទទួលថាម​ពល​​ពីប្រភព​​​ថាមពល​ឯក​​រាជ្យ​​ជា​ជំហាន​​សំខាន់ឆ្ពោះ​ទៅ​រក​​ការធ្វើ​ឱ្យ​ប្រព័ន្ធ​ត្រជាក់​របស់ម៉ាស៊ីន​​​រេ​អាក់ទ័រ​​ទាំង​​៦​​ដំណើរការ​វិញ​ដោយស្វ័យប្រវត្តិ​។​​កិច្ច​ខិតខំប្រឹងប្រែង​​បញ្ចុះ​កំដៅ​​បំពុងប្រេង​ម៉ាស៊ីន​​រេអាក់ទ័រ​​នៅរោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា បន្ត​ឡើងវិញ កាលពីរសៀលថ្ងៃទី​​២២ មីនា ដោយ​​អ្នក​​ពន្លត់​​​អគ្គីភ័យបាញ់​ទឹកជា​ច្រើនតោន​​ដាក់​បំពុង​ប្រេង​​​ម៉ាស៊ីនរេអាក់ទ័រទី​​៣ ។​
អ្នកនាំពាក្យ​ទីភ្នាក់ងារ​​​សុវត្ថិភាព​​នុយក្លេ​អ៊ែរ​​របស់រដ្ឋាភិបាល​ជប៉ុន លោក Hidehiko Nishiyama ថ្លែង​ប្រាប់សន្និសីទ​​កាសែត​​មួយ​ថា ការ​តភ្ជាប់​ប្រព័ន្ធ​​អគ្គិសនី​​​នៅ​ម៉ាស៊ីន​រេអាក់ទ័រ​​ទាំង​នោះឡើង​​វិញ ធ្វើ​ឱ្យ​​ស្ថានការណ៍​​នៅ​រោង​ចក្រ​នុយក្លេអ៊ែរ​​​​ហ្វូគូស៊ីម៉ា​​​កាន់តែ​ល្អ​ប្រសើរ​។​
អាជ្ញាធរ​​ក្រុងតូក្យូ​​​និយាយ​ថា ការ​តភ្ជាប់​ឡើងវិញ​នូវ​បណ្តា​ភ្លើង​​អគ្គិសនី​​​​នៅ​ម៉ាស៊ីន​​រេ​អាក់​ទ័រ​​ទាំង​​៦​​នោះជា​សញ្ញា​ជួយធ្វើ​ឱ្យស្ងប់ស្ងាត់​​​ដល់​ការ​​ភ័យខ្លាច​​​ពី​សារធាតុវិទ្យុ​សកម្ម​​ ៕