ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញ​ចោល ស្រា​ថ្នាំចិនសែ​«​តាំង គួ​យ​» ក្រោយ​ពុល​មនុស្ស​៤១​នាក់ រហូត​ស្លា.ប់​៧​នាក់

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​១៧…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ បាន​ធ្វើការ​បំផ្លាញ​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» ចំនួន ២,៣១៣​យួរ ស្មើ ២៧,៧៥៦​ដប ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​លោកស្រី រស់ សុ​ផា​នី អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត ។

សូម​រម្លឹក​ដែរ​ថា មាន​ពលរដ្ឋ​ច្រើន​នាក់ បាន​ពុល​ស្រា ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ពិសា​ស្រាថ្នាំ​ប៉ូវ​កម្លាំង ឈ្មោះ តាំង គួ​យ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជា​មន្ត្រី​ពាក់ព័ន្ធ ចុះ​ដកហូត​ស្រាថ្នាំ​ចិន​សែន តាំង គួ​យ នៅ​តាម​ទីតាំង​នានា ក្នុង​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហើយ​ចេញ​សេចក្តីជូនដំណឹង​ដល់​អាជីវករ​ទាំងអស់ ផ្អាក​លក់​ស្រាថ្នាំ តាំង គួ​យ រហូត​ដល់​មានការ​ជូនដំណឹង​ថ្មី ។

ស្រា​ថ្នាំចិនសែ តាំង គួ​យ បាន​បណ្តាល​ឲ្យ​អ្នក​ពុល នៅ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​កើន​រហូត​ដល់​៤១​នាក់​ហើយ (​ស្រី​៣​នាក់​) ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​ស្លាប់ ៧​នាក់ (​ជនជាតិ​ថៃ ចំនួន​០១​នាក់​) ។

កាល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ការ​ពុល​ស្រា​ថ្នាំចិនសែ នៅ​ខេត្តបន្ទាយមានជ័យ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​កំណត់​យក​វិធានការ​ចំនួន​៣ សម្រាប់​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស ។

វិធាន​ការណ៍​ទី​១ បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត កន្លែង​កើតហេតុ ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​បាន​សាកសួរ​ព័ត៌មាន និង​យក​គំរូ​សំណាក ស្រា​ថ្នាំចិនសែ​នេះ មក​វិភាគ​នៅ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ និង​មន្ទីរពិសោធន៍​ខា្ន​ត​តូច​របស់​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ​។ ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត រក​ឃើញ​សារធាតុ​មេតា​ណុ​ល ក្នុង​កម្រិត​ខ្ពស់​ជាង​០.៣៥% ដែល​ជា​អត្រា​ខ្ពស់ អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន ប្រសិនបើ​ទទួលទាន​ច្រើន​។

វិធាន​ការណ៍​ទី​២ មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​នេះ ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​សុំ​បើក​ទីតាំង​ផលិត ដើម្បី​ស្វែងរក​វត្ថុ​តាង និង​រឹបអូស​ផលិតផល​ស្រា​ថ្នាំចិនសែ​ទាំងនោះ ។

វិធាន​ការណ៍​ទី​៣ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​បញ្ជា​ឱ្យ​សាខា ក​.​ប​.​ប​. រាជធានី​-​ខេត្ត ទាំងអស់​ប្រមូល​ត្រលប់​មក​វិញ នូវ​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» ដែល​មានការ​សង្ស័យ មាន​ហានិភ័យ​ដល់​សុខភាព និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដល់​អ្នក​ប្រើប្រាស់ ។

របាយការណ៍​បណ្តោះអាសន្ន ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រឹបអូស​បាន​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» បាន​ចំនួន​១៣,៩៨៩ ដប ស្នើ​នឹង​៦,៩៩៤.៥០​លី​ត្រ​។

រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​រលោក សៀម សុ​ត្ថា​វុ​ធ បានអោយ​ដឹង​ថា កម្លាំង​សមត្ថកិច្ច បាន​ចុះ​បិទ​តាំង​ផលិត​ស្រា ស្លាក​យីហោ តាំង​គួ​យ នៅ​ព្រឹក​មិ​ញ​នេះ ។ ដោយឡែក​ម្ចាស់​ទីតាំង​វិញ លោក​ថា បាន​រត់គេច​ខ្លួន​តាំងពី ឮដំណឹង​មាន​អ្នក​ស្លាប់​មក​ម្លេះ ។

លោក សៀម សុ​ត្ថា​វុ​ធ ប្រាប់​យ៉ាង​ដូច្នេះ​ថា «​អត់​មាន​ឃាត់ខ្លួន​មនុស្ស​ទេ គាត់​រត់​ចេញពីផ្ទះ​ពីរ ទៅ​បី​ថ្ងៃ​ហើយ ចាក់សោរ​ផ្ទះ​ចោល ។ បាទ​! បិទ​ហើយ​ទីតាំង​នោះ ព្រឹក​មិ​ញ ព្រះរាជអាជ្ញា គាត់​ចុះ​មក​ធ្វើការ​ជាមួយ​មូលដ្ឋាន​យើង ។ យើង​អត់​មានបាន​រក​ឃើញ​អី​ទេ គឺ​រក​ឃើញ​តែ​សំបក​ដប​ពាក់ព័ន្ធ នឹង​ការ​ផលិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ