ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ដំឡូង​មី​មាន​ទឹកប្រាក់​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ក្រៅពី​ប្រើប្រាស់​ក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បច្ចុប្បន្ន កម្ពុជា​បាន​ចាត់​ទុក​ដំឡូង​មី​គឺជា​ដំណាំ​សំខាន់​ទី​២ បន្ទាប់​ពី​ដំណាំ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​និង​នាំ​ចេញ ហើយ​ក្រៅពី​ប្រើប្រាស់​ក្នុងស្រុក​កម្ពុជា​នៅ​អាច​នាំ​ចេញ​ដំឡូង​មី​ក្នុង​មួយ​ឆ្នាំ​មាន​ទឹកប្រាក់​រហូត​ដល់​៤​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​ដាំ​ដុះ​ដំឡូង​មី​នៅ​ក្នុងស្រុក​និង​ថ្នាក់​តំបន់​រង​ផល​ប៉ះពាល់​ពី​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​។ យោង​លើ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃ​ទី​១៦​មិថុនា​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​សរុប​ចំនួន ៦៦៣.៩២៩​ហិ​កតា ហើយ​អាច​ផ្តល់​ទិន្នផល​សរុប​ជាង…

រាជធានី​ភ្នំពេញ​៖​បច្ចុប្បន្ន កម្ពុជា​បាន​ចាត់​ទុក​ដំឡូង​មី​គឺជា​ដំណាំ​សំខាន់​ទី​២ បន្ទាប់​ពី​ដំណាំ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​និង​នាំ​ចេញ ហើយ​ក្រៅពី​ប្រើប្រាស់​ក្នុងស្រុក​កម្ពុជា​នៅ​អាច​នាំ​ចេញ​ដំឡូង​មី​ក្នុង​មួយ​ឆ្នាំ​មាន​ទឹកប្រាក់​រហូត​ដល់​៤​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​ដាំ​ដុះ​ដំឡូង​មី​នៅ​ក្នុងស្រុក​និង​ថ្នាក់​តំបន់​រង​ផល​ប៉ះពាល់​ពី​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​។

យោង​លើ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃ​ទី​១៦​មិថុនា​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​សរុប​ចំនួន ៦៦៣.៩២៩​ហិ​កតា ហើយ​អាច​ផ្តល់​ទិន្នផល​សរុប​ជាង ១២​លាន​តោន និង​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ចំនួន ២០,៥៥​តោន​ក្នុង​មួយ​ហិ​កតា​។ ក្រៅពី​ការ ប្រើប្រាស់​ក្នុងស្រុក កម្ពុជា​បាន​នាំ​ចេញ​ដំឡូង​មី​ស្រស់ ម្សៅដំឡូង​មី ចំណិត​ដំឡូង​មី​ស្ងួត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ពី ៣,៥០​លាន​ដុល្លារ ទៅ ៤ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​។

ឯកឧត្តម វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ធ្លាប់​បាន​បង្ហាញ​ថា គិត​ត្រឹម​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២១ កម្ពុជា​បាន​នាំ​ចេញ​នូវ​៖១)- ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន​ជាង​១, ២​លាន​តោន​កើនឡើង​ចំនួន ២១,៥៨% ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨២៩. ០៥០ តោន​, ប្រទេស​វៀតណាម​ចំនួន ៣៦២. ៦៥១ តោន និង​ប្រទេស​ចិន​ចំនួន ១៩. ៦៥១​តោន​។

២)- ដំឡូង​មី​ស្រស់ មាន​ចំនួន ៣៣៩ ០០០ តោន (​ថយ​ចុះ​ចំនួន -៥,២០%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៦០ ០០០​តោន និង​ប្រទេស​វៀតណាម​ចំនួន ២៧៩ ០០០​តោន ៣)-​ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ១៣. ៤៥៤ តោន កើនឡើង​ចំនួន ៣០,៩៧% ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១២. ៨៤១ តោន​, ប្រទេស​អ៊ី​តា​លី​ចំនួន ៣៣,៨៤ តោន​, ប្រទេស​ណេ​ដឺ​ឡេ​ន​ចំនួន ១១៤ តោន​, ប្រទេស​ថៃ​ចំនួន ២៩៥,៨០ តោន និង​សហរដ្ឋអាមេរិក​ចំនួន ១៧០ តោន​និង​៤)-​កាក​សំណល់​ដំឡូង​មី​មាន​ចំនួន ៣ ៧០៨,០០ តោន (​ថយ​ចុះ​ចំនួន -៣៣,២៩%) នាំ​ចេញ​ទៅ​ប្រទេស​ចិន​។

បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​លើក​ឡើង​ថា ស្រប​ពេល​នឹង​កំណើន​បរិមាណ​ដំឡូង​មី​ដែល​ទីផ្សារ​ត្រូវការ និង​កំណើន​ផ្ទៃដី​ដាំ​ដុះ ដំណាំ​ដំឡូង មី​នៅ​ក្នុង​តំបន់ ក៏​ផ្ទះ​ឡើង​នូវ​ជំងឺឆ្លង​សំខាន់ ២​ប្រភេទ​គឺ​៖ ទី​១)- ជំងឺ​កញ្ចុំ​ស្លឹក (CWBD) ដែល​បច្ចុប្បន្ន​បាន​រីក​រាលដាល​ពាសពេញ​អាស៊ី​អាគ្នេយ៍ នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គុណភាព​ដំឡូង កម្រិត​ជាតិ​ម្សៅ និង​ទិន្នផល​រហូត​ដល់​ទៅ ៩០% ហើយ​ចៀស​មិន​ខាន​ផលិតកម្ម តម្លៃ និង​ផលិតកម្ម​កែ​ច្នៃ​ត្រូវ​តែ​ទទួល​រង​នូវ​ផល​ប៉ះពាល់​។ ទី​២)- ជំងឺ​វីរុស​ម៉ូ​សា​អ៊ិ​ក (CMD) កម្ពុជា​បាន​រក​ឃើញ​ជំងឺ​នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ជា​បន្តបន្ទាប់​វា​បាន​រាល​ឆ្លង​ទៅ​តាម​បណ្តា​ខេត្ត​ចំនួន​១២ ក្នុង​នោះ ខេត្តរតនគិរី​, មណ្ឌលគិរី​, ក្រចេះ​, ត្បូងឃ្មុំ​, ពោធិ៍សាត់​, បាត់ដំបង​, ព្រះ​វិហារ​, កំពង់ធំ​, បន្ទាយ​មាន​ជ័យ​, ឧត្តរមានជ័យ​, កំពង់ចាម​, និង​ខេត្តស្ទឹងត្រែង​។
របាយការណ៍​បាន​បញ្ចា​ក់​ច្បាស់​ថា​ជំងឺ​នេះ​គ្មាន​ថ្នាំ​ការពារ និង​កម្ចាត់​ទេ វិធានការ​សម​ស្រប និង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ការ​ប្រើប្រាស់​ពូជ​ធន់ ពូជ​ត្រូវ​បាន​សម្រិតសម្រាំង មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ជំងឺ​។

អគ្គនាយកដ្ឋាន​កសិកម្ម ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូ​ពិ​ក (CIAT) បាន​អនុវត្ត គម្រោង​មួយ​ស្តី​ពី “​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​លើ​ជំងឺ​ដំណាំ​ដំឡូង​មី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​” មាន​រយៈពេល ០៤​ឆ្នាំ (២០២០-២០២៣) ដោយ​អនុវត្ត​នៅ​ខេត្ត​ចំនួន​១៤៖ ខេត្តកំពង់ចាម​, បាត់ដំបង​, បន្ទាយ​មាន​ជ័យ​, ក្រចេះ​, ឧត្តរមានជ័យ​, ត្បូងឃ្មុំ​, កំពង់ធំ​, ប៉ៃលិន​, សៀមរាប​, ព្រះ​វិហារ​, ពោធិសាត់​, រតនគិរី​, មណ្ឌលគិរី និង​ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ