ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមត្រីនៅកំពង់ឆ្នាំង ថាគ្មានបញ្ហាទីផ្សារ ពេលអ្នកចិញ្ចឹមជាច្រើនទៀតត្អូញត្អែររឿងនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងពេលដែលអ្នកចិញ្ចឹមត្រីជាច្រើនត្អូញពីផលលំបាកក្នុងការលក់ចេញត្រីដែលត្រូវចាប់លក់ពីក្នុងស្រះ អ្នកចិញ្ចឹមត្រីម្នាក់នៅខេត្តកំពង់ឆ្នាំង លោក សុខ ហៃ ថាត្រីរបស់គាត់គ្មានបញ្ហាទីផ្សារទេ ។ លោកលក់ទីផ្សារក្នុងខេត្ត…

រាជធានីភ្នំពេញ ៖ ក្នុងពេលដែលអ្នកចិញ្ចឹមត្រីជាច្រើនត្អូញពីផលលំបាកក្នុងការលក់ចេញត្រីដែលត្រូវចាប់លក់ពីក្នុងស្រះ អ្នកចិញ្ចឹមត្រីម្នាក់នៅខេត្តកំពង់ឆ្នាំង លោក សុខ ហៃ ថាត្រីរបស់គាត់គ្មានបញ្ហាទីផ្សារទេ ។ លោកលក់ទីផ្សារក្នុងខេត្ត និងទៅបណ្តាខេត្តផ្សេងៗទៀត ។ លោក សុខ ហៃ ជាពលរដ្ឋនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់យករបរចិញ្ចឹត្រី ជាង ៣ ឆ្នាំ មកហើយ ។ លោកមានស្រះធំៗ ចំនួន ២ ស្រះ ក្នុងស្រះនីមួយៗ គាត់បានដាក់ចិញ្ចឹមកូនត្រីប្រាចំនួនប្រមាណជា ១០០ ពាន់ ទៅ ១៣០ ពាន់ក្បាល ។ 

អ្នកចិញ្ចឹមត្រីខាងលើថា ពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត ។ ក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ ទៅ ៨០ តោន ក្នុង ១ ស្រះ ។ កសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ គឺមានទទួលបានការបញ្ជាទិញជាប្រចាំជាង ១ ទៅ ២ តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ ៥ ០០០ រៀលក្នុងគីឡូក្រាមលក់ក្នុងខេត្ត និងចន្លុះពី ៤ ៥០០-៥ ០០០ រៀលក្នុងគីឡូក្រាមលក់ក្រៅខេត្ត ។ 

នៅខេត្តកំពង់ឆ្នាំងទឹកដីមួយជាប់ទន្លេសាប ដែលសម្បូរត្រីធម្មជាតិនិងកសិដ្ឋានចិញ្ចឹមត្រីដែលនោះ នៅក្នុងរយៈ ៦ ខែ ដើមឆ្នាំ ២០២១ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តនេះ បានប្រមាណជា ១០ ៥០០ តោន ក្នុងនោះស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រីស្មើនឹង ៣ ២០០ តោន និងមានបែសរុបរួមមាន ៧៤០ បែ ស្មើ ៧ ៣០០ តោន ។ 

លោក សុខ ហៃ បានរៀបរាប់ពីរបរចិញ្ចឹមត្រីរបស់លោកដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះដល់ស្រះចិញ្ចឹមត្រីរបស់លោកកាលពីពេលថ្មីៗនេះ ។ នៅពេលអ្នកចិញ្ចឹមត្រីក្នុងខេត្តកំពង់ឆ្នាំងថា គ្មានបញ្ហាទីផ្សារបែបនេះ អ្នកចិញ្ចឹមត្រីជាច្រើនក្នុងតំបន់ផ្សេងថា មិនអាចលក់ត្រីដែលធំៗ ចេញពីស្រះរបស់ខ្លួននោះឡើយ ។ 

ក្រុមការងារសមាគមវារីវប្បករនៅកម្ពុជា ដែលបានចុះទៅជួបសមាជិកមួយចំនួននៅក្នុងឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល ដើម្បីផ្តល់បច្ចេកទេស និងព័ត៌មានមួយចំនួនដល់អ្នកចិញ្ចឹមត្រឹ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនៃការរាលដាលជំងឺឆ្លងកូវីដ-១៩ បានបង្កផលលំបាកខ្លាំងលើទីផ្សារលក់ត្រី នៅក្នុងនោះ ចំណីត្រីបានឡើងថ្លៃខ្លំាងទៅវិញ ។

«បងប្អូនវារីវប្បករជាច្រើននៅតែតស៊ូបន្តការចិញ្ចឹមត្រី ដោយមួយចំនួនប្តូរវិធីសាស្រ្តផ្តល់ចំណី និងប្រភេទត្រីចិញ្ចឹម ជាដើម ដើម្បីឱ្យវិស័យនេះមាននិរន្តរភាព ចំណែកកសិករខ្នាតតូចជាច្រើនសម្រេចផ្អាកមួយរយៈសិន ។ បងប្អូនវារីវប្បករ សូមអំពាវនាវដល់ស្ថាប័នពាក់ពន្ធ័ជួយគាំពារវិស័យនេះ ពិសេសខាងទីផ្សារ និងសូមបងប្អូនជនរួមជាតិខ្មែរ ជួយគាំទ្រត្រីចិញ្ចឹមរបស់វារីវប្បករខ្មែរផង» ។ នេះជាការលើកឡើងរបស់សមាគមអ្នកចិញ្ចឹមត្រីកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ