ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ដល់​សិស្ស​អនុ​វិទ្យាល័យ​ព្រៃ​ស្រឡិត

8 ឆ្នាំ មុន

ខេត្តព្រៃវែង ​៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​សហការ​ជាមួយ​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ដល់​សិស្សសាលា​អនុ​វិទ្យាល័យ ព្រៃ​ស្រឡិត​កាលពី​ថ្ងៃ​ទី ១៤ វិច្ឆិកា

ខេត្តព្រៃវែង ​៖  ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​សហការ​ជាមួយ​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ដល់​សិស្សសាលា​អនុ​វិទ្យាល័យ ព្រៃ​ស្រឡិត​កាលពី​ថ្ងៃ​ទី ១៤ វិច្ឆិកា កន្លង​ទៅ​នេះ​។

​លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា​៖«​នៅ​ពេល​ដែល​យើង​បាន​ចុះ​ទៅ​ទស្សនៈកិច្ច​សាលា​អនុ​វិទ្យាល័យ​ព្រៃ​ស្រឡិត​ដំបូង លោកគ្រូ​អ្នកគ្រូ​បាន​ស្នើ​សុំ​សម្ភារ​កីឡា និង​ការ​បណ្តុះបណ្តាល​បាល់ទាត់ ដូច្នេះ​ដើម្បី​ជួយ​អភិវឌ្ឍ​សកម្មភាព​កីឡា​នៅ​ក្នុង​សាលា​របស់​ពួក​គេ​។ ថ្ងៃនេះ យើង​បាន​នាំ​យក​បាល់ទាត់​មួយ​ចំនួន និង​គ្រូបង្វឹក​បាល់ទាត់ ដើម្បី​បណ្តុះបណ្តាល​សិស្សានុសិស្ស​នៅ​ទី​នេះ​។ គ្រូបង្វឹក​របស់​យើង​សប្បាយ​រីករាយ​ដើម្បី​ចែករំលែក​នូវ​បទ​ពិសោធន៍​បាល់ទាត់​របស់​ពួក​គេ​ជាមួយ​និង​សិស្សានុសិស្ស​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖“​តាំងពី​ខែ​មិ​នា​ឆ្នាំ​២០១៤​មក​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​បាល់ទាត់ និង​បាល់ទះ​ជាង ៦០០​បាល់ ដល់​សាលា​បឋម​សិក្សា សាលា​អនុ​វិទ្យាល័យ សាលា​វិទ្យាល័យ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រហែលជា​៩០ សម្រាប់​សម្រួល​ដល់​សកម្មភាព​កីឡា​របស់​ពួក​គេ​។ កម្មវិធី​កីឡា​របស់​យើង​មាន​កុមារ​កម្ពុជា​ប្រមាណ​ជា ១៥០០​នាក់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ ដែល​បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​។ តាម​រយៈ​ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ វា​នឹង​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់​ក៏​ដូច​ជា​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ល្អ​មួយ​កំរិត​ទៀត​។

យើង​សង្ឃឹមថា កីឡាករ​វ័យក្មេង​របស់​យើង​អាច​ក្លាយជា​អ្នកលេង​បាល់ទាត់​អាជីព​នៅ​ថ្ងៃ​អនាគត ហើយ​អាច​ផ្ទេរ​ជំនាញ​របស់​ពួក​គេ​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​»​។ យុវ​សិស្ស ឈា ង​ឡេ​ង សិស្ស​ថ្នាក់​ទី​៨ ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ បាន​និយាយ​ថា​៖«​ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ដែល​មាន​កីឡាករ​បាល់ទាត់​អាជីព​ជា​ច្រើន​រូប​មក​ពី​ក្លឹ​ប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដែល​ជា​ក្រុមបាល់ទាត់​ដ៏​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា បាន​មក​ផ្តល់​ឲ្យ​យើង​នូវ​ជំនាញ​បច្ចេកទេស​បាល់ទាត់​ដូច​ជា ការ​ទប់​បាល់ ការ​គ្រប់គ្រង​បាល់ ការ​បណ្តើរ​បាល់ ការ​ស៊ុត​បាល់ និង​វិន័យ​នៃ​ការ​លេង​បាល់​ដល់​ពួក​យើង​។​

កាលពីមុន​ខ្ញុំ​លេង​បាល់​ដោយ​គ្មាន​ដឹង​ពី​របៀប​លេង​ឲ្យ​បាន​ត្រឹមត្រូវ​។​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ដឹង​និង​អាច​លេង​បាន​ល្អ​។​ខ្ញុំ​ស​ង្ឃឹ​ង​ថា ពួក​គេ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាលបាល់ទាត់​បន្ថែម​ទៀត​ដល់​យើង​នៅ​ថ្ងៃ​អនាគត​»​។
    ​ដោយឡែក យុវ​សិស្ស ថុ​ន   បាន​និយាយ​ថា​៖« នេះ​គឺជា​លើក​ទី​មួយ​ហើយ​សម្រាប់​រូប​ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដែល​បាន​រៀបចំ​ដោយ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។

ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ ខ្ញុំ​បាន​រៀន និង​លេង​ជាមួយ​កីឡាករ​អាជីព​ជា​ច្រើន​រូប​។ យើង​មិន​ត្រឹមតែ​បាន​ទទួល​ការ​បណ្តុះបណ្តាល​បាល់ទាត់ សម្ភារ​កីឡា​ពី​ក្លឹ​ប​បាល់ទាត់​ណ​ហ្គា​វើ​ល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទទួល​ការ​លើកទឹកចិត្ត​ពី​ពួក​គេ​ទៀត​ផង​។ យើង​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំប្រឹង​ប្រែង​ទាំងនេះ​»​។

លោក ម៉ៅ សៀង នាយក​សាលា​អនុ​វិទ្យាល័យ​ព្រៃ​ស្រឡិត​មាន​ប្រសាសន៍​ថា ៖«​យើង​រីករាយ​ខ្លាំង​ណាស់​ដែល​ឃើញ​ណា​ហ្គា​វើ​លម​ក​ទី​នេះ​។ គ្មាន​ក្រុមហ៊ុន​ណា​មក​ទី​នេះ​ដើម្បី​ជួយ និង​បណ្តុះបណ្តាល​សិស្សា​នុ​សិស្ស អំពី​របៀប​លេង​បាល់ទាត់​នោះ​ទេ​។

ឥឡូវនេះ ណា​ហ្គា​វើ​ល​បាន​មក និង​បាន​នាំ​យក​គ្រូបង្វឹក​មក​បង្រៀន​សិស្ស​របស់​យើង​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​លសម្រា​ប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ហើយ​ក៏​បាន​ឧបត្ថម្ភ​ទាំង​បច្ចេកទេស​បាល់ទាត់ និង​សម្ភារ​កីឡា​ដល់ពួក​យើង​ផង​ដែរ​»៕ ​