ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​កើន​40-41អង្សា​សេ អំពាវនាវ​រក្សា​ទឹក​ទុក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​សម្រាប់​វិស័យ​កសិកម្ម

8 ឆ្នាំ មុន

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បានឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា និង​កើន​ទ្បើ​ង​អតិបរិមា​ដល់​៤០​ទៅ​៤១​អង្សា​សេ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បានឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា និង​កើន​ទ្បើ​ង​អតិបរិមា​ដល់​៤០​ទៅ​៤១​អង្សា​សេ ស្រប​ទៅ​តាម​កម្រិត​សីតុណ្ហភាព​នៅ​លើ​ផ្ទៃសមុទ្រ ដែល​មានការ​កើន​ទ្បើ​ង​សម្រាប់​ឆ្នាំ​២០១៦ ខ្ពស់​ជាង​ឆ្នាំ​២០១៥​នេះ ។

សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​ទៅ​លើ​ស្ថានភាព​ទូទៅ​នៃ​អាកាសធាតុ ពិសេស​ការ​តាមដាន​ទៅ​លើ​កម្រិត​សីតុណ្ហភាព​នៅ​លើ​ផ្ទៃសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច និង​ផ្ទៃសមុទ្រ​ចិន​ខាងត្បូង (​ដែល​ការ​ប្រែប្រួល​សីតុណ្ហភាព នៅ​តំបន់​ទាំង​២​នេះ មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ស្ថានភាព​អាកាសធាតុ​ព្រះរាជាណាចក្រ​កម្ពុជា​)​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ឱ្យ​បាន​ជ្រាប​ព័ត៌មាន​ដូច​ខាងក្រោម​៖

១-​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិចៈ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក កម្រិត​សីតុណ្ហភាព​នៅ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក មានការ​កើន​ទ្បើ​ង​ពី​០,៥-០,៧​អង្សា​សេ ហើយ​បើ​យោង​ទៅ​តាម​ការ​ព្យាករ នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ វា​មាន​និន្នាការ​កើន​ទ្បើ​ង​បន្តិច​ថែម​ទៀត ។

២-​សមុទ្រ​ចិន​ខាងត្បូងៈ យោង​តាម​ការ​ព្យាករ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៦​ទៅ កម្រិត​សីតុណ្ហភាព​មានការ​កើន​ទ្បើ​ង​ពី​០,៥-១​អង្សា​សេ ពោល​គឺ​កើន​ទ្បើ​ង​ខ្ពស់​ជាង​ដើមឆ្នាំ​២០១៥​កន្លង​ទៅ (​ដើមឆ្នាំ​២០១៥​កំណើន​សីតុណ្ហភាព មាន​ត្រឹមតែ​០,២-០,%​អង្សា​សេ​ប៉ុណ្ណោះ​) ។

ការ​កើន​ទ្បើ​ង​នៃ​កម្រិត​សីតុណ្ហភាព ដូច​បាន​ជម្រាប​ជូន​ខាងលើ អាច​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៥ ដល់​ខែឧសភា ឆ្នាំ​២០១៦) មាន​ដូច​ខាងក្រោម ៖

-​សម្រាប់​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ពិសេស​ក្នុង​ខែមេសា និង​ឧសភា អាកាសធាតុ​អាច​នឹង​មាន​សភាព​ក្តៅ​ហួតហែង សីតុណ្ហភាព​អតិបរមា​នឹង​កើន​ដល់​៤០-៤១​អង្សា​សេ ។
-​រដូវវស្សា​ឆ្នាំ​២០១៦ អាច​នឹង​មក​ដល់​យឺត ហើយ​នៅ​ដើមរដូវ​មាន​ភ្លៀង​ធ្លាក់​តិច ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​សូម​ចូលរួម​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​សម្រាប់​វិស័យ​កសិកម្ម ៕