ខេត្តក្រចេះ ៖ រថយន្ដកាមរីមួយគ្រឿងជួបឧប្បត្ដិហេតុបែកកង់ក្រឡាប់ធ្លាក់ប្រឡាយធ្លាយ ចេញឈើប្រណីត និងបណ្ដាលឱ្យមនុស្សពីរនាក់ប្ដីប្រពន្ឋរងរបួសធ្ងន់ រីឯកូនតូចប្រុសស្រីពីរនាក់របួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ មីនា លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ភូមិសាស្ដ្រឃុំសំបុក ស្រុកចិត្របុរី ។ រថយន្ដម៉ាកកាមរីគូទហើម ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ០៤ ២.៩១៣៣ មានផ្ទុកមនុស្ស៤នាក់ ក្នុងនោះមានកូនក្មេងពីរនាក់ ព្រមទាំងកំណាត់ឈើប្រណីតប្រភេទនាងនួន និងធ្នង់ជិត១ម៉ែត្រគូប។
ជនរងរបួសធ្ងន់នៅក្នុងហេតុការណ៍នេះប្តីឈ្មោះជា ចិន្ដា អាយុ៣១ឆ្នាំ ជាមន្ដ្រីយោធា និង ជាអ្នកបើកបរ និងប្រពន្ធឈ្មោះជួន ដាលីស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ចំណែកកូនប្រុសស្រីពីរនាក់ត្រូវផ្លោងចេញពីរថយន្ដរបួសស្រាល។
តាមសាក្សីឃើញហេតុការណ៍និយាយថា មូលហេតុដែលរថយន្ដនេះក្រឡាប់ គឺបណ្ដាលមកពីបែកកង់មុខ ខណៈរថយន្ដកំពុងតែបើកលឿន និងដឹកធ្ងន់ ហើយរេចង្កូតធ្លាក់ចូលស្នាមភ្លោះក្រឡាប់ជាច្រើនត្រឡប់ តែសំណាងល្អមិនមានជនរងគ្រោះណាម្នាក់ស្លាប់បាត់បង់ជីវិតទេ រីឯឈើប្រណីតដែលមាននៅក្នុងរថយន្ដនោះជាច្រើនកំណាត់ក៏ត្រូវខ្ទាតចេញមកខាងក្រៅ។
លោកអនុសេនីយ៍ឯកអ៊ុំ សុភាព នាយរងការិយាល័យនគរបាលចរាចរជើងគោកបានឱ្យដឹងថា ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ដដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ដ រីឯរថយន្ដប្រគល់
ទៅឱ្យសាច់ញាតិរបស់ជនរងគ្រោះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសំរាប់ផ្លូវជាតិលេខ៧ (អាស៊ាន) ក្រុមឈ្មួញកំពុងតែយកមកធ្វើជាផ្លូវសំរាប់ដឹកជញ្ជូនឈើយ៉ាងសកម្មទាំងយប់ទាំងថ្ងៃជាមួយនឹងការកើតមានកុងត្រូលជជុះនៅតាមដងផ្លូវយ៉ាងច្រើនស្អេកស្កះ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញសព្វថ្ងៃកំពុងតែមានសកម្មភាពកំរើកឡើងវិញហើយ បន្ទាប់ពីអសកម្មភាពអស់រយៈពេលជាច្រើនខែមកនោះ ហើយជាមួយនឹងការកំរើកឡើងវិញនេះ គេក៏ឃើញមានកុងត្រូលជជុះរបស់ក្រុមសមត្ថកិច្ចជាច្រើនស្ថាបន័បានដាក់ពង្រាយមិនក្រោមដប់កន្លែងទេ ក្នុងទឹកដីខេត្ដក្រចេះ បើគិតពីឃុំអូរគ្រៀង ស្រុកសំបូររហូតដល់ស្រុកស្នួល។
ក្រុមអ្នកសង្កេតការណ៍បានឱ្យដឹងថា ក្នុងមួយយប់ៗមានរថយន្ដដឹកឈើគ្រប់ប្រភេទ ធ្វើចរាចរណ៍មិនតិចជាង២០ទៅ៣០គ្រឿងទេ នៅលើផ្លូវជាតិដោយមានផ្ទុកឈើប្រណីតពេញ ហើយឈើទាំងនេះត្រូវបានគេដឹងថា ក្រុមឈ្មួញដឹកជញ្ជូនចេញពីខេត្ដស្ទឹងត្រែងនាំឆ្ពោះទៅព្រំដែនវៀតណាមតាមច្រកស្រុកស្នួល ។ ទន្ទឹមនឹងការធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងរបស់រថយន្ដដឹកឈើ ទីតាំងកុងត្រូលជជុះរបស់សមត្ថកិច្ចក៏រីករាលដាលយ៉ាងច្រើនដែលមួយកន្លែងៗមានរថយន្តមិនក្រោម៥គ្រឿងទេសំកុកដេកចាំស្ទាក់រថយន្ដដឹកឈើយកលុយ គឺមិនមែនទៅទប់ស្កាត់នោះឡើយ ៕
ចែករំលែកព័តមាននេះ