ខេត្តកំពង់ស្ពឺ ៖ ចោរលួចគោម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទសង្ស័យថា លួចគោមកលក់នៅផ្សារថ្នល់បត់ ក្នុងទឹកដីស្រុកបរសេដ្ឋ ខណៈជនរូបនោះកំពុងចរចាតម្លៃគោដែលត្រូវលក់ឱ្យក្រុមកុងសី ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ មីនា ក្នុងស្រុកបរសេដ្ឋ ។ តាមប្រភពពីមន្រ្តីប៉ូលិសព្រហ្មទណ្ឌខេត្តបានឱ្យដឹងថា ជននេះឈ្មោះមុំ ហៀប ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅឋានភូមិដក់ពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ បានដឹកគោឈ្មោលមួយក្បាលចេញពីភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកសំរោង ខេត្តតាកែវ ឆ្លងចូលមកផ្សារថ្នល់បត់ ក្នុងទឹកដីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយកំពុងចរចាតម្លៃលក់គោមួយក្បាលនោះ ពុំទាន់ត្រូវថ្លៃផងក៏ត្រូវសមត្ថកិច្ចស្រុកបរសេដ្ឋចាប់ខ្លួន ដោយដកហូតគោមួយក្បាល និងបញ្ជូនមនុស្សទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ នាថ្ងៃទី១៨ មីនា ។
នៅល្ងាចថ្ងៃទី១៩ មីនាក៏បានបញ្ជូនខ្លួនជនសង្ស័យមកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកម្រិតស្រាលដើម្បីចាត់ការតាមនីតិវិធី។ នៅចំពោះមុខមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តឈ្មោះមុំ ហៀប បានសារភាពថា ខ្លួនពិតជាបានលួចគោអ្នកភូមិ ព្រៃក្តួច ប្រាកដមែន។ ជននេះបញ្ជាក់ថា គោឈ្មោលមួយក្បាលដែលខ្លួនលួចនោះត្រូវមន្ត្រីប៉ូលិសស្រុកបរសេដ្ឋ ប្រគល់ឱ្យម្ចាស់វិញហើយ មុនពេលបញ្ជូនជននេះមកកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ៕
ចែករំលែកព័តមាននេះ