ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​២​រូប​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ក​ពិ​ក​នៅ​តូ​ក្យូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​នឹង​ត្រៀម​បញ្ជូន​

រាជធានី​ភ្នំពេញ​ ៖ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​នឹង​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ចំនួន​២​រូប​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ ​លោក​ក៏​បាន​បង្ហាញ​ក្ដី​រំពឹង និង​ចង់​ឃើញ​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន អាច​បំបែក​សិទ្ធិ​ផល​ថ្មី ឬ​ប្រើ​ថេរវេលា​តិច​ជាង​មុន ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​-​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Game 2020) ដែល​គ្រោង​ធ្វើការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ ។

ការ​លើក​ឡើ​ក​របស់​អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ បន្ទាប់​ពី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​កំណត់ និង​បង្ហាញ​នូវ​បេក្ខភាព ត្រូវ​បញ្ជូន​ចូលរួម​ព្រឹត្តិការណ៍ Tokyo Olympic Game 2020 រួម​មាន​កីឡាករ ហែម ប៊ុ​ច (​ហ្វឹកហាត់​នៅ​កម្ពុជា​) និង​កីឡាការិនី ម៉ី​លី តាន​មីន​និក (​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​) ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា ៥០​ម៉ែត្រ​សេរី​ដូច​គ្នា ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក ហែម​ថុ​ន ពន្លឺ ។

លោក ហែម គិរី បាន​បញ្ជាក់​ថា បេក្ខភាព​ត្រូវ​បញ្ជូន​ចូលរួម​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នាទី​ក្រុង​តូ​ក្យូ​នេះ ត្រូវ​បាន​ជ្រើសរើស និង​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់ ស្រប​តាម​គោលការណ៍​របស់​សហព័ន្ធ​កីឡាហែលទឹក​អន្ដរជាតិ ដែល​បាន​ផ្ដល់​សិទ្ធ​អនុគ្រោះ​ដល់​កីឡាហែលទឹក​កម្ពុជា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ ដោយ​ទាំង​កីឡាករ​-​កីឡាការិនី សុទ្ធតែ​មាន​សិទ្ធិ​ផល​ខ្ពស់​ជាងគេ​លើ​វិញ្ញាសា ៥០​ម៉ែត្រ​សេរី ។

ប៉ុន្ដែ​ក្នុង​នាម​អត្ត​ព​លិ​ក ទទួល​បាន​សិទ្ធ​អនុគ្រោះ​ចូលរួម​ព្រឹត្ដិការណ៍​នេះ លោក​មិន​រំពឹង​ក្នុង​ការ​ប្រជែង​មេដាយ​នោះ​ទេ តែ​អ្វី​ដែល​សហព័ន្ធ​សង្ឃឹម គឺ​កីឡាករ​-​កីឡាការិនី​កម្ពុជា អាច​បំបែក​សិទ្ធិ​ផល​ចាស់ ហើយ​បង្កើត​សិទ្ធិ​ផល​ថ្មី​របស់​ខ្លួន ដើម្បី​ជា​បទ​ពិសោធ និង​ជាដើម​ទុន សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត នា​ចុងឆ្នាំ​២០២១ បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ គឺ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​វៀតណាម ។

លោក​ថា «​អ្វី​ដែល​យើង​សង្ឃឹម​ខ្ពស់​បំផុត គឺ​ពួក​គាត់​អាច​បំបែក​សិទ្ធិ​ផល​ថ្មី ប្រើ​រយៈពេល​ទាប បាន​ន័យ​ថា លឿន​ជាង​មុន ហើយ​កាន់តែ​កៀក​សិទ្ធិ​ផល​ការ​ប្រកួត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ឈាន​ទៅ​រក​មេដាយ ។ អ៊ីចឹង​ពួក​គាត់​បាន​តាំងចិត្ដ​ខ្ពស់ ហើយ​យើង​ក៏​ត្រៀម​ដែរ ពេល​គាត់​មក​ពី​អូ​ឡាំ​ពិ​ក​វិញ កីឡាករ​អាច​បញ្ជូន​ទៅ​ហាត់​នៅ​ចិន ឯ​កីឡាការិនី​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ ហាត់​ត្រៀម​ស៊ី​ហ្គេ​ម ។ បើ​ពួក​គាត់​ធ្វើ​បាន​ល្អ យើង​នឹង​ជ្រើសរើស​គាត់​ត្រឡប់​មក​វិញ តែបើ​មិន​បាន​ល្អ​ទេ យើង​នឹង​រើស​អ្នក​ផ្សេង ព្រោះ​នេះ​ជា​គោលការណ៍​របស់​យើង​» ។

គួរ​ដឹង​ថា សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​-​ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ កម្ពុជា​បាន​ទទួល​សិទ្ធ​អនុគ្រោះ ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត ២​ប្រភេទ​កីឡា គឺ​កីឡាអត្តពលកម្ម និង​កីឡាហែលទឹក ។ ប៉ុន្ដែ​កាលពី​ថ្មី​ៗ​កន្លង​ទៅ កម្ពុជា​ក៏​បាន​បញ្ជូន​អត្ត​ព​លិ​ក ២​ប្រភេទ​កីឡា​ផ្សេង​ទៀត ចូលរួម​ការ​ប្រកួត​ជម្រុះ​អូ​ឡាំ​ពិ​ក​នេះ​ផង​ដែរ រួម​មាន​កីឡា​គុន​ដាវ និង​កីឡា​តេ​ក្វា​ន់​ដូ WT តែ​គួរ​ឲ្យ​សោកស្ដាយ​កីឡាករ​-​កីឡាការិនី​កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ពុំ​ទទួល​បាន​កៅអី ឬ​សិទ្ធ​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍ ៤​ឆ្នាំ​ម្ដងនេះ​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ