ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​ត្រូវធ្វើ​ឱ្យ​បាន​ត្រឹម​ត្រូវជា​និច្ច

2 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា អវិរោធនៈ​(​អៈ វិ រោ ធៈ នៈ​) គឺ​ការ​មិន​ធ្វើ​ខុស មេដឹកនាំ​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវជា​និច្ច ទាំង​ការ​គិត​ត្រូវ ការ​យល់​ត្រូវ…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា អវិរោធនៈ​(​អៈ វិ រោ ធៈ នៈ​) គឺ​ការ​មិន​ធ្វើ​ខុស មេដឹកនាំ​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវជា​និច្ច ទាំង​ការ​គិត​ត្រូវ ការ​យល់​ត្រូវ ការ​និយាយ​ត្រូវ ការ​ធ្វើ​ត្រូវ ការ​ព្យាយាម​ត្រូវ ការ​ភ្ញាក់រលឹក​ត្រូវ ការ​តម្កល់ចិត្ដ​ត្រូវ និង​ការ​ចិញ្ចឹមជីវិត​ត្រូវ ។ តែ​មិន​ត្រូវ​រួញរា​ដល់​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ ព្រោះ​ខ្លាច​ខុស​នោះ​ឡើយ ក្នុង​ភាព​ជា​អ្នកដឹកនាំ​ត្រូវ​ហ៊ាន​ប្រថុយ ហ៊ាន​អារកាត់​នៅ​ក្នុង​កាលៈទេសៈ​ចាំបាច់ ។

ប៉ុន្ដែ​ការ​ហ៊ាន​ប្រថុយ មេដឹកនាំ​ត្រូវ​ផ្អែក​លើ​ផលប្រយោជន៍​ជាតិ និង​ជនរួមជាតិ​ជា​ធំ ផ្អែក​លើ​យុទ្ធសាស្ដ្រ​ត្រឹមត្រូវ​ស្ថានការណ៍​ជុំវិញ​ខ្លួន ពេលវេលា និង​លទ្ធភាព​ហុច​ឲ្យ ។ មិន​ត្រូវ​ប្រថុយ​ដោយ​គ្មាន​គ្រឹះ គ្មាន​ការ​ត្រិះ​រិះ​ពិចារណា​ឡើយ ។ មេដឹកនាំ​មិន​ត្រូវ​ប្រកាន់​នូវ​គុណធម៌​ងាប់ស្ដូក គ្មាន​ភាព​បត់បែន តាម​តម្រូវការ​សម្រាប់​អ្នកដឹកនាំ​នោះ​ឡើយ ត្រូវ​ចេះ​វិភាគ​រក​អ្វី​ល្អ អ្វី​អាក្រក់ អ្វី​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ ពោល​គឺ​ត្រូវ​ហ៊ាន​ធ្វើការ​អា​កាត់​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ជាតិ​ជា​ធំ ។

ការ​ដែល​ធ្វើ​គំរោង​ផែនការ​មិន​ខុស មេដឹកនាំ​មុន​នឹង​ធ្វើ​ផែនការ ត្រូវ​តែ​ស្គាល់​ស្ថានការណ៍​ឲ្យ​ច្បាស់ សិក្សា​យក​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់ ។ មេដឹកនាំ​ត្រូវ​ចម្រាញ់​ព័ត៌មាន​ដែល​ទទួល​បាន រហូត​ទាល់តែ​ព័ត៌មាន​នោះ​ល្អិតល្អន់​ល្អល្អះ ទើប​យក​ព័ត៌មាន​នោះ មក​ធ្វើ​ផែនការ ដើម្បី​ប្រៀបធៀប​ជាមួយ​គូរ​ប្រកួតប្រជែង​របស់​ខ្លួន ដោយ​ដឹង​ជា​មុន​ថា គម្រោង​ផែនការ​នោះ​ពិតជា​ឈ្នះ ឬ​គម្រោង​ផែនការ​នោះ​ចាញ់ ។ មេដឹកនាំ​ត្រូវ​ដឹង​ពី​ខ្លួនឯង និង​សត្រូវ ទាំង​ចំនួន​កម្លាំង សមត្ថភាព ស្មារតី ធនធាន បច្ចេកវិទ្យា សម្ភារ​ស្ថានការណ៍ និង​បរិ​ដ្ឋា​ន​ជុំវិញ​ខ្លួន ។​ល​។

បើសិនជា​មាន​ខ្វះចន្លោះ ត្រូវ​កែតម្រូវ និង​បំពេញបន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ដាក់​ឲ្យ​គេ​អនុវត្ដ ។ ការ​មិន​ធ្វើ​ខុស​ដោយ​សម្ដី ដោយ​ចិត្ដ ដោយ​កាយវិការ ដោយ​ការងារ​ចំពោះ​ខ្លួនឯង អ្នក​ក្រោម​បង្គាប់ សហការី ការងារ ប្រជាពលរដ្ឋ ច្បាប់ តួនាទី ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ជាតិ​នេះ​ហើយ ជា​លក្ខណៈ​មេដឹកនាំ​ល្អ ។ អ្នកដឹកនាំ​មិន​គាំទ្រ មិន​សមគំនិត​នឹង​អ្នក​ធ្វើ​ខុស​ឡើយ ។ ពេល​ធ្វើ​ខុស អ្នកដឹកនាំ​ត្រូវ​ហ៊ាន​ទទួលខុស មិន​លម្អៀង ព្រោះ​អគតិ​៤​យ៉ាង​គឺ ការ​ស្រឡាញ់ ស្អប់ ច្រណែន ឈ្នានីស ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ