ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ច្រានចោលការចោទប្រកាន់ថា​ សម្តេច​តេជោ ជ្រៀតជ្រែកការងារ គ.ជ.ប

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃពុធ ទី ១៦ ខែមិថុនា ឆ្នាំ២០២១ បានទាត់ចោលការចោទប្រកាន់មួយថា ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា​ ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបចោលនូវការ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃពុធ ទី ១៦ ខែមិថុនា ឆ្នាំ២០២១ បានទាត់ចោលការចោទប្រកាន់មួយថា ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា​ ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបចោលនូវការបោះឆ្នោតសាកល្បងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនាខាងមុន នេះ ជាការជ្រៀតជ្រែកការងាររបស់ស្ថាប័នឯករាជ្យមួយនេះ ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានធ្វើឡើង បន្ទាប់ពីលោក អ៊ា ចាន់ណា អគ្គលេខាធិការក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងនៅក្នុងវេទិកាមួយផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់លោក សម រង្ស៊ី ជជែកដេញដោលលើឯករាជ្យភាពរបស់គ.ជ.ប ដោយបានចោទប្រកាន់ថា​ នាយករដ្ឋមន្ត្រីកម្ពុជា គ្រាន់តែយកលេសរឿងកូវីដ-១៩ ដើម្បីជ្រៀតជ្រែកកិច្ចការរបស់គជប ដែលជាស្ថាប័នទទួលខុសត្រូវរៀបចំការបោះឆ្នោតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនោះ ។

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពយ៉ាងដូច្នេះថា «ចំណុច​ទី១ គឺកាលដែលលុបចោលការបោះឆ្នោត សាកល្បងដែល គជប គ្រោងនឹងធ្វើហ្នឹង គឺវា មិនស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិទាំងមូល ព្រោះយើងក្នុងវិធានការសុខាភិបាល ហាម មិនឱ្យ ជួបជុំមនុស្សច្រើនគ្នា ហើយប្រមូលផ្តុំទៅបោះឆ្នោត អីទេ ហើយវាមិនពាក់ព័ន្ធតែរឿងបោះឆ្នោតនោះទេ ជួបជុំផឹកស៊ី លេងបៀរលេងអាបោង ឬក៏ជួបជុំ បុណ្យទានអីផ្សេងៗក៏ត្រូវហាមឃាត់ដែរ ព្រោះវាជា វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងឆ្លងជំងឺកូវីដ ១៩ ហ្នឹងឯង»។

អ្នកនាំពាក្យគណបក្សកាន់អំណាចបានពន្យល់បន្ថែមទៀតថា «ទី ២ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមលោកជានាយករដ្ឋមន្ត្រី ថាជ្រៀតជ្រែកចូលកិច្ចការ គជប មិនមែនទេ ។ ពីព្រោះយើងដឹងហើយ កាលបរិច្ឆេទនៃការបោះឆ្នោត​គឺត្រូវបាន នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យ ដើម្បីកំណត់ពេលវេលាបោះឆ្នោត ។ អ៊ីចឹងគជប ដែលកំណត់ពេលវេលា បោះឆ្នោតទោះបីជាបោះឆ្នោតពេញសិទ្ធ ឬក៏សាកល្បងក៏ដោយ ក៏មិនត្រូវធ្វើអ្វីដែលវាផ្ទុយអំពីសភាពការណ៍ពិត »។

ឯកឧត្តម សុខ ឥសាន បានបន្តថា «ព្រោះយើងកំពុងមានការព្រួយបារម្ភ អំពីការរាតត្បាតកើនឡើង នៃអ្នករងគ្រោះ ដែលមានការឆ្លងច្រើនជាបន្តបន្ទាប់ »។ ជាក់ស្តែងគិតត្រឹមថ្ងៃទី ១៦ ខែមិថុនា កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួនគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសមាន ៤០,១៥៧ នាក់ អ្នកស្លាប់ដោយជំងឺកូវីដមានចំនួន ៣៦៨ នាក់ និងអ្នកជាសះស្បើយចំនួន ៣៤,៣២៥ នាក់ ដែលជា។

ដូច្នេះហើយតួលេខឆ្លងគឺច្រើនជាង ៤ ម៉ឺនស្លាប់ជាង ៣៦០ នាក់ហើយ ដូច្នេះយើងត្រូវខិតខំជម្រុញពលរដ្ឋទូទាំងប្រទេសអនុវត្តនូវ ៣ កុំ ៣ការពារឱ្យបានមុះមុត។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ ឥសាន្ត ។

សូមរម្លឹកថា លោក អ៊ា ចាន់ណា អគ្គលេខាធិការក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជាបានថ្លែងនៅក្នុងវេទិកា មួយកាលពីថ្ងៃទី ១២ មិថុនា ថា «យើងឃើញថាកូវីដ-១៩នេះ ពិតណាស់រីករាលដាលជុំវិញពិភពលោក ក៏ប៉ុន្តែពិភពលោកគេនៅតែដំណើរការបោះឆ្នោតបានតាមធម្មតា ដូចជានៅសហរដ្ឋអាមេរិក ចុងឆ្នាំ២០២០ នៅប្រទេសដទៃទៀត ឥណ្ឌូនេស៊ី ភូមា ទៅបោះឆ្នោតធម្មតា ។ ហេតុអីកម្ពុជាត្រូវលុបចោលការបោះឆ្នោតសាកល្បងនេះ ? ។

ជាមួយគ្នានោះ លោកបានលើកឡើងថា ការស្នើសុំឱ្យ គជប ផ្អាកការរៀបចំបោះឆ្នោតសាកល្បង ដោយនាយករដ្ឋមន្ត្រី បញ្ជាក់ថា គឺដោយសារតែជំងឺកូវីដ នៅបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជា គ្រាន់តែជាលេស ឬប្រើបញ្ហាកូវីដ ១៩ ជាមធ្យោបាយ សម្រាប់ជ្រៀតជ្រែកការងាររបស់ គជប ដោយលោកសង្កត់ធ្ងន់ថា «អ្វីដែលជាការជ្រៀតជ្រែកនេះ គឺជារឿងខុសឆ្គងដ៏ធ្ងន់ធ្ងរ ។ ជាការពិត កូវីដ គឺកូវីដ ហើយ ក៏ប៉ុន្តែមិនមែនកូវីដ នេះចេះតែមករារាំងអ្វីៗបានគ្រប់បែបយ៉ាងទេ » ។ កម្ពុជានៅតែអាចធ្វើទៅបាន បោះឆ្នោតសាកល្បង តាមទាន់សភាពការណ៍ថ្មី ។ អនុវត្តវិធានការសុខាភិបាលទៅគ្រប់គ្រាន់» ។

គួររម្លឹកផងដែរថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត ជូនគ.ជ.ប ស្នើ​ឲ្យគ.ជ.ប លុបចោលគម្រោងរៀបចំការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី២០ ខែមិថុនាខាងមុខ​។

ក្នុងលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ផ្អែកលើ​ស្ថានភាព​ជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល សុំ​ឯកឧត្តមប្រធានលុបចោល​ការបោះឆ្នោតសាកល្បង នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោង​នឹងរៀបចំ​ធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ​»។​

ភ្លាមៗ គ.ជ.ប ក៏បានចេញលិខិត សម្រេច​លុបចោលគម្រោង​រៀបចំការបោះឆ្នោតសាកល្បង​ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ផងដែរ​។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់ថ្លែងប្រាប់កោះសន្តិភាពថា ការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្​សាឃុំ-សង្កាត់ នាថ្ងៃទី ២០ ខែមិថុនា គឺនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី មានសុក្រិតភាពខ្ពស់ និងអាចកាត់បន្ថយ ឬលុបបំបាត់ចោលនូវការចោទប្រកាន់ណាមួយជុំវិញបញ្ហាថា ការប្រើប្រាស់ប៊ិច គូសលើសន្លឹកឆ្នោតជាការផ្តល់សញ្ញាសម្គាល់ណាមួយមិនប្រក្រតី ក៏ដូចជាការធ្វើឱ្យទិន្នន័យបេក្ខជនកាន់តែមានសុក្រិតភាព និងការរាប់សន្លឹកឆ្នោតផងដែរ ។

យ៉ាងណាមិញ រាជរដ្ឋាភិបាលកន្លងមកបានចេញសេចក្តីប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៥​ ខែមិថុនា ឆ្នាំ២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ