ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​មាន​មេត្តា​តាំង​តែ​ពី​កូន​ចុះ​ចាប់បដិសន្ធិ

2 ឆ្នាំ មុន

បើ​យោង​ទៅ​តាម​សេចក្តី​ពន្យល់​របស់​ព្រះ​សិរី​ម​ង្គ​លា​ចា​រ្យ​នៅ​ក្នុង​គម្ពីរ​មង្គល​ត្ថ​ទីប​នី​ភាគ​២​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មេត្តា​គឺ​សេចក្តី​ស្រឡាញ់​របស់​មាតាបិតា​ចំពោះ​កូន មាន​ចាប់​តាំង​តែ​ពី​កូន​មក​ចុះ​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​មាតា​ម្ល៉េះ ។គ្រប់​ឪពុក​ម្តាយ​ទាំងអស់​មាន​នាទី​ជា​អ្នក​បង្កើតកូន ។ ការ​បង្កើតកូន​ម្នាក់​ៗ​មិនមែន​ជា​ការ​ងាយ​ទេ ។ ដើម្បី​បង្កើតកូន​បាន ស្ត្រី​ជា​ម្តាយ​ត្រូវ​តែ​ពពោះ​អស់​រយៈពេល​ប្រាំបួន​ខែ​ដប់​ថ្ងៃ ហើយ​កំឡុង​ពេល​នោះ…

បើ​យោង​ទៅ​តាម​សេចក្តី​ពន្យល់​របស់​ព្រះ​សិរី​ម​ង្គ​លា​ចា​រ្យ​នៅ​ក្នុង​គម្ពីរ​មង្គល​ត្ថ​ទីប​នី​ភាគ​២​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មេត្តា​គឺ​សេចក្តី​ស្រឡាញ់​របស់​មាតាបិតា​ចំពោះ​កូន មាន​ចាប់​តាំង​តែ​ពី​កូន​មក​ចុះ​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​មាតា​ម្ល៉េះ ។គ្រប់​ឪពុក​ម្តាយ​ទាំងអស់​មាន​នាទី​ជា​អ្នក​បង្កើតកូន ។ ការ​បង្កើតកូន​ម្នាក់​ៗ​មិនមែន​ជា​ការ​ងាយ​ទេ ។ ដើម្បី​បង្កើតកូន​បាន ស្ត្រី​ជា​ម្តាយ​ត្រូវ​តែ​ពពោះ​អស់​រយៈពេល​ប្រាំបួន​ខែ​ដប់​ថ្ងៃ ហើយ​កំឡុង​ពេល​នោះ មាន​កិច្ចការ​លំបាក​ជា​ច្រើ​ន ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវ​ជួប​ប្រទះ​ដូច​ជា ការ​ចាញ់​ផ្ទ​ឬ​ចាញ់កូន តមនឹង​ចំណី​មួយ​ចំនួន​តាម​ដែល​ចាស់​បុរាណ​និង​គ្រូពេទ្យ​បាន​ហាម និង​អ្វី​ដែល​កាន់តែ​លំបាក​បំផុត​នោះ គឺ​ការ​ឆ្លងទន្លេ​(​សម្រាលកូន​) ។

ចាស់​បុរាណ​បាន​ហៅ​ស្ត្រី​ដែល​ពពោះ​ថា​មាន​ទម្ងន់ ។ ពាក្យ​នេះ ពិត​ណាស់ ហើយ​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ និង​ត្រឹមត្រូវ ឥត​ខ្ចោះ​។ ពេល​ម៉ែ​មានកូន​មាន​ន័យ​ថា ម៉ែ​ត្រូវ​បន្ថែម​បន្ទុក​បន្ថែម​ទម្ងន់ មក​ដាក់​លើ​ខ្លួន​ម៉ែ​ទៀត គឺ​ម៉ែ​ត្រូវ​ពកូន​ក្នុង​ផ្ទៃ​រយៈពេល​ស្ទើរ​ពេញ​មួយ​ឆ្នាំ ។ កូន​គិតពិចារណា និង​ធ្វើ​សេចក្តី​ប្រៀបធៀប​ល​មើល​ថា ពេល​កូន យួរ ឬ​កណ្តៀត​វត្ថុ​មាន​ទម្ងន់​ណាមួយ​នៅ​ជាប់​នឹង​ចង្កេះ​ជា​និច្ច រយៈពេល​តែ​ពី​បី​ម៉ោង​ប៉ុណ្ណោះ កូន​នឹង​មាន​សំឡេង​ថ្ងួចថ្ងូរ​ថា ធ្ងន់​ណាស់ សូម​ម៉ែ​ជួយ​យួរ​ខ្ញុំ​ផង កូន​រោយ​ដៃ ចុក​ចង្កេះ ស្ពឹក​ស្រពន់​ណាស់ កូន​ត្រូវការ​ដាក់ចុះ​សម្រាក​បន្តិច​សិន ។

ចូរ​កូន​គិត​មើល​! ម៉ែ​ពពោះ ព​ខ្លួន​កូន នៅ​ក្នុង​ផ្ទៃ​រយៈពេល​ជាង​ប្រាំបួន​ខែ តើ​គាត់​ធ្ងន់​យ៉ាងណា ? លំបាក​យ៉ាងណា ? វេទនា​យ៉ាងណា ? សូ​ម្បី​តែ​លំបាក​យ៉ាងនេះ ក៏​គាត់​មិន​ដែល​ត្អូញត្អែរ​សូ​ម្បី​មួយ​ម៉ាត់ ។ ម៉ែ​ទ្រាំ​ពកូន​មិន​ដែល​ដាក់ចុះ​សោះ ដរាប​ដល់​កូន​ប្រសូត​ចាក​ផ្ទៃ​នៃ​ម្តាយ ទើបបាន​ស្រាកស្រាន្ត​ខ្លះ ។

តើ​កូន​អាច​សាកល្បង​ដោយ​យក​ក្អម​ដាក់​ពេញ​ដោយ​ទឹក ហើយ​ចង​ភ្ជាប់​ក្អម​នោះ​នឹង​ចង្កេះ ឬ​ពោះ​របស់​កូន​ហើយ​ដើរ​ដោយ​មិន​ដាក់ចុះ រយៈពេល​ពេញ​មួយ​ថ្ងៃ​មើល៍​! តើ​វា​លំបាក​យ៉ាងណា ? ម៉ែ​គិត​ថា​កូន​មិន​អាច​ទ្រាំទ្រ​បាន​ទេ ។ ចំពោះ​ម៉ែ​វិញ ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ក្តី​អាណិត​មាន​ចំពោះ​កូន ម៉ែ​អាច​ធ្វើ​ការងារ​នេះ​បាន​មិន​ត្រឹមតែ​ពីរ​បី​ថ្ងៃ​នោះ​ទេ គឺ​រយៈ​៩​ខែ ១០​ថ្ងៃ យ៉ាង​ពេញលេញ​ឥត​មាន​ខ្វះ ។

ចាប់តាំងពី​ម៉ែ​មាន​ផ្ទៃពោះ​មក ម៉ែ​មាន​អាកា​រៈ​ខុស​ប្លែក​ពី​ស្ត្រី​ធម្មតា​ហើយ ជា​អាកា​រៈ​ដែល​ម៉ែ​មិន​ធ្លាប់​មាន​ពី​មុន​មក (​សម្រាប់​ស្ត្រី​មាន គភ៌​ដំបូង​) ដូច​ជា​អស់កម្លាំង​ហេវ​ហត់​ល្ហិតល្ហៃ​វិលមុខ ក្អួតចង្អោរ​ជា​រឿយ​ៗ មិន​ស្រឡះ​ស្រ​ឡុ​ម​ក្នុង​ខ្លួន​ដូច​ពី​ដើម​ឡើយ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ម៉ែ​ចង់​បរិភោគ​នេះ ចង់​បរិភោគ​នោះ ជា​ពិសេស​វត្ថុ​ដែល​មាន​រសជាតិ​ជូរ​ៗ​ចត់​ៗ​ជាដើម ។ អាកា​រៈ​បែប​នេះ បុ​រា​ណា​ចា​រ្យ​ឱ្យឈ្មោះ ថា ម៉ែ​ចាញ់​ផ្ទៃ ឬ​ចាញ់កូន ។

មួយវិញទៀត ក្រោយ​ពេល​ដែល​ម្តាយ​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ​គឺ មានកូន​មក​ចាប់បដិសន្ធិ​ជ្រកកោន​នឹង​ខ្លួន​ម៉ែ​ហើយ សេចក្តី​ស្រឡាញ់​គឺ ទឹកចិត្ត​មេត្តា ក៏​ចាប់​កើត​មាន​ចំពោះ​កូន​ដែល​មក​អាស្រ័យ​នឹង​ម្តាយ​ភ្លាម ។ អ្នក​ម្តាយ​តែង​គិត​រំពឹង​ក្នុង​ចិត្ត​ថា ឥឡូវនេះ​អញ​មាន​ផ្ទៃពោះ​ហើយ អញ​ជា​ស្ត្រី​ដែល​នឹង​ក្លាយទៅជា​ម្តាយ​គេ​ហើយ មិនមែន​ជា​ស្ត្រី​មានខ្លួន​នៅ​ទំនេរ​ទទេ​ស្អាត​ដូច​មុន​ទៀត​ឡើយ ។ ដូចនេះ​គ្រប់​ឥរិយាបថ​របស់​អញ ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ត្រូវ​ធ្វេសប្រហែស​ទៀត​ទេ និង​ធ្វើ​យ៉ាងណា​ឱ្យ​កូន​របស់​អញ​នៅ​ក្នុង​ផ្ទៃ​បាន​សុខ​ចម្រើន មិន​ត្រូវ​ឱ្យ​កូន​នេះ មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ឡើយ ។

ចាប់តាំងពី​ពេល​នោះ​មក អ្នក​ម្តាយ​តែងតែ​ប្រុង​ប្រយ័ត្ន​គ្រប់​ឥរិយាបថ​ទាំងអស់ ទោះ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ មិន រហ័ស​ពេក ឬ​រលះរលាំង ឬ​មួយ​រត់​លេង​ផ្តេសផ្តាស​ដូច​កាលពីមុន​ឡើយ គឺ​ទៅ​ដោយ​សន្សឹម​ៗ​ថ្នម​ៗ ប្រុងប្រៀប មិន​ធ្វេសប្រហែស​ខ្លាច ក្រែង​ដួល ថ្លោះ​គ្រិច ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ ។ មួយទៀត​ពេល​ឈរ​ក្តី ពេល​អង្គុយ​ក្តី ក៏​តែង​មាន​សតិសម្បជញ្ញៈ​រឭក ដឹង​ជា​និច្ច​ថា ខ្លួន​មាន​គេ​មក​ជ្រក​នៅ​ជាមួយ​ហើយ ដូចនេះ​ម៉ែ​មិន​ហ៊ាន លោត​កញ្ឆក់កញ្ឆែង​លេងសើច​ទេ ។

ពេល​ឈរ​ក៏​មិន​ហ៊ាន​ឈរ​យូរ​ពេក ពេល​អង្គុយ​ក៏​អង្គុយ​ក្នុង​រយៈពេល​ល្មម និង​ពេលដេក​ក៏​មិន​ឱ្យ​យូរ ហួសប្រមាណ គឺ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ឥរិយាបថ​ទាំង​៤​ប្រព្រឹត្ត​ទៅ​ស្មើគ្នា ដើម្បី​ឱ្យ​ខ្លួន​មាន​សុខភាព​មាំមួន​ផង និង​អាច​ញ៉ាំង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​បាន​សុខសាន្ត​ផង​ដែរ ។ នៅ​ពេល​ទទួលទាន​អាហារ ម្តាយ​តែង​បរិភោគ​អាហារ​ទាំងឡាយ​ណា ដែល​ងាយ​ដល់​ក្រពះ​រំលាយ មិន​ហ៊ាន​បរិភោគ​អាហារ​ណា​ដែល​រឹង​ពេក ឬ​មិន​បរិភោគ​អាហារ​ឱ្យ​ឆ្អែត​ពេក​រហូត​ដល់​ហល់​ទេ បរិភោគ​តែ​អាហារ​ណា​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ ។ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ហឹរ​ពេក ក្តៅ​ពេក ក៏​អាច​បណ្តាល​ឱ្យ​កូន​នៅ​ក្នុង​ផ្ទៃ​មាន​ភាព​ក្តៅ​ក្រហល់ក្រហាយ​នៅ​មិន​សុខ ដូចនេះ​ម្តាយ​ក៏​មិន​ហ៊ាន​បរិភោគ ទោះបីជា​ខ្លូ​ន​ឃ្លាន ឬ​ញៀន​ញ៉ាម​យ៉ាងណា​ក៏​ដោយ ក៏​សុខចិត្ត​ទ្រាំ​អត់ធ្មត់ សង្កត់ចិត្ត កាត់ចិត្ត​ទាំង​អាល័យ ព្រោះ​ខ្លាច​បរិភោគ​ទៅ​មិន​បាន​សុខ​ដល់​កូន​ក្នុង​ផ្ទៃ ។

ម៉ែ​បរិភោគ​តែ​អាហារ​ទាំងឡាយ​ណា ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​កូន​ផង សុខភាព​ម៉ែ​ផង ។ មួយទៀត ការ​ជក់បារី ការ​ផឹក​នូវ​គ្រឿង​ស្រវឹង​មាន​ស្រា​ជាដើម ការ​ទិញ​ថ្នាំលេប​ផ្តេសផ្តាស សុទ្ធតែ​ជា​មូលហេតុ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព គឺ​នៅ​ពេល​ដែល​កូន​កើតមក​អាច​ជា​កូន​ញៀន​សុរា​ដូច​ម្តាយ​គេ​ដែរ ឬ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម មាន​សុខភាព​ខ្សោយ ស្គម​មិន​គ្រប់​ទម្ងន់ ឬ​ក៏​អាច​មាន កាយសម្បទា​មិន​ប្រក្រតី​ជាដើម ។ នៅ​ពេល​ម៉ែ​ដឹង​ច្បាស់​ពី​ហេតុនេះ តាម​រយៈ ចាស់ទុំ​ណែនាំ​ក្តី តាម​រយៈ​គ្រូពេទ្យ​ជំនាញ​ខាង​ស្ត្រី​មាន​ផ្ទៃពោះ​ក្តី ម៉ែ​ក៏​បោះបង់ ចោលការ​ផឹកសុរា ការ​សេព​គ្រឿងញៀន ឬ​ការ​ជក់បារី​ជាដើម​នោះ ទោះបី​ខ្លួន​នៅ​ស្រេកឃ្លាន​នៅ​ចង់ ក៏​ប្តេជ្ញា​ចិត្ត​ថា​ឈប់​ប្រព្រឹត្ត​តទៅ​ទៀត ព្រោះតែ​ទឹកចិត្ត​ស្មោះស្ម័គ្រ​ស្រឡាញ់​បេតី​ចំពោះ​កូន​ជាទី​ពេញ​ហឫទ័យ ។

តើ​កូន​ទាំងឡាយ​ដឹង​ទេ ? ពេល​ដែល​ម៉ែ​ដឹង​ថា ម៉ែ​មាន​ទម្ងន់​ហើយ ម៉ែ​ស្ទុះស្ទារ​ឆ្លេរ​ឆ្លារ ទៅ​សាកសួរ​ចាស់ទុំ នៅ​ក្នុងស្រុក​ដែល​មាន​ភូមិ​របង ផង​ជាមួយ​គ្នា​ថា តើ​ខ្លួន​ត្រូវ​ប្រតិបត្តិ​យ៉ាងដូចម្តេច​ខ្លះ ដើម្បី​ថែរក្សា ការពារ​កូន​នៅ​ក្នុង​ផ្ទៃ​ឱ្យ​បាន​សុខ​សប្បាយ ។ ពេល​ដែល​ទទួល​បាន ដំបូន្មាន​ពី​ចាស់ទុំ​ព្រឹទ្ធាចារ្យ ឬ​គ្រូពេទ្យ​ជំនាញ​ហើយ​ក៏​ប្រតិបត្តិ​តាម​មិន​ឱ្យ​ឆ្គាំឆ្គង​ឡើយ ។

ដោយសារ​តែ​ស្រឡាញ់​កូន ម៉ែ​សុខចិត្ត​តស៊ូ​ទ្រាំ​ហូប​ថ្នាំ​រក្សាគភ៌ បំប៉ន​សុខភាព ដើម្បី​ឱ្យ​កូន​ម៉ែ​នៅ​ក្នុង​ផ្ទៃ​បាន​សុខ​សប្បាយ មិន​មាន​ជំងឺ បៀតបៀន ទោះបី​ថ្នាំ​នោះ​ល្វីង​ជូរ​ចត់​សាប​ភ្លាវ​លំបាក​ផឹក​យ៉ាងណា ម៉ែ​នៅ​តែ​ស៊ូទ្រាំ​លេប​ទាំង​ត្រដរ ដើម្បី​ការពារ​កូន​ឱ្យ​សុខ​សប្បាយ ។

ចំណែក​ខាង​លោកឪពុក​វិញ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ នៅ​ពេល​ដែល​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​មាន​ផ្ទៃពោះ​ហើយ​ខ្លួន​នឹង​ក្លាយទៅជា ឪពុក​របស់​គេ​ហើយ ក៏​សប្បាយចិត្ត​រីករាយ​ឥត​ឧបមា ហើយ​ខិតខំ​ប្រឹងប្រែង​ថ្នាក់ថ្នម​បម្រើ​ការពារ​ភរិយា មិន​ឱ្យធ្វើ​ការ​ធ្ងន់​ដូច​សព្វមួយដង​ឡើយ ហើយ​ខ្លួន​រឹងរឹតតែ​ប្រឹងប្រែង​ធ្វើការ​ទ្វេ​ឡើង ។ ការងារ​ទាំងឡាយ​ស្ទើរតែ​ទាំងអស់ ឪ​យក​ខ្លួន​មក​ធានា​រ៉ាប់​រង់​ទាំងអស់ ព្រោះ​ខ្លាច​ឧត្តម​ភរិយា​មាន​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ ។ ឪ​ធ្វើ​ការងារ​ខាងក្រៅ​ផ្ទះ​ផង ខាងក្នុង​ផ្ទះ​ផង រួម​ទាំង​ពុះអុស រែក​ទឹក​ដាក់​ពាង បោស​ជូត​ដាំ​ស្ល​ជាដើម ។ ឪ​ថ្នាក់ថ្នម​ម៉ែ​ទាំង​កាយ​ទាំង​ចិត្ត ត្បិត​ខ្លាច ប៉ះពាល់​ដល់​សុខភាព​ម៉ែ និង​កូន​ក្នុង​ផ្ទៃ ។

ពេល​ប្រពន្ធ​ប្រាប់​ថា​ចង់​បរិភោគ​នូវ​ម្ហូបចំណី​អាហារ ឬ​ផ្លែ​ឈើ​ប្រភេទ​ណាមួយ ឪ​ប្រញាប់ប្រញាល់​មិន​បង្អង់​យូរ​ឡើយ ក៏​ទៅរ​កមក​ប្រគល់​ឱ្យ​ភរិយា​ភ្លាម​ដើម្បី​បំប៉ន​សុខភាព​ម្តាយ និង​កូន​ឱ្យ​មាន​កម្លាំង​ពលំ​មាំមួន​រឹងប៉ឹង ។ នៅ​តាម​ស្រុកស្រែ​ចម្ការ លោកឪពុក​គ្រាន់តែ​ឮដំណឹង​ថា ឱសថ​បុរាណ​បែប​នេះ បែប​នោះ អាច​រក្សាគភ៌ រក្សា​សុខភាព ម្តាយកូន​បាន​ល្អ លោក​ក៏​ស្រ​វេ​ស្រវា​ទៅរ​កដោយ​រហ័សរហួន មិន​នៅ​ស្ពឹក​ស្រពន់​ទម្រន់​យូរ​ឡើយ ហើយ​ទៅ​ស្វែងរក​ដើមឈើ សម្បកឈើ ឫស​ឈើ​នៅ​ឯ​ព្រៃ ឬ​ទៅ​រក​ទិញ​នៅ​ទីផ្សារ​មក​ដាំ ស្ងោរ​ឱ្យ​ប្រពន្ធ ទទួលទាន​ភ្លាម ។

ចំណែកឯ​លោកឪពុក​នៅ​តាម​ទីប្រជុំជន​វិញ​ក៏​តែងតែ​ខ្វល់ខ្វាយ​ពី​សុខុមាលភាព​របស់​ប្រពន្ធ​កូន​ជា​និច្ច​ដែរ ។ ពេល​ដឹង​ថា​ភរិយា​ខ្លួន​ក្លាយទៅជា​ម្តាយ​គេ​ហើយ ក៏​មានចិត្ត​សប្បាយ​រីករាយ ហើយ​ជូន​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ឱ្យ​លោក​វេជ្ជបណ្ឌិត ដែល​មាន​ជំនាញ​ខាង​ស្ត្រី ពិនិត្យ​មើល​ផ្ទៃពោះ និង​សុខភាព​ម្តាយ និង​ទទួលយក​ដំបូន្មាន​ល្អ​ៗ​ក្នុង​ការ​ថែរក្សា​ការពារ ថែទាំ​សុខភាព និង​ការ​ប្រតិបត្តិ​យ៉ាងណា ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ដល់​ម្តាយ​និង​កូន ។ ក្រោយ​ពេល​ដឹង​ថា ម្តាយ​និង​កូន​មាន​សុខភាព​ល្អ លោកឪពុក​ក៏​សប្បាយ​ចិត្តនឹង​រឹងរឹតតែ​មាន​កម្លាំងចិត្ត​ខិតខំ ធ្វើការ​រក​ទទួលទាន​ថែម​ទៀត ។

ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​នឹង​ក្លាយទៅជា​ឪពុក​ម្តាយ​របស់​គេ មានទឹក ចិត្ត​ប្រកបដោយ​ក្តី​រីករាយ ដោយ​ក្តី​ស្រឡាញ់​ជាទី​បំផុត​។ ក្តី​ស្រឡាញ់ គឺ​មេត្តា​នេះ​ជា​ជម្រក​មួយ​ប្រកបដោយ​ក្តី​សុខសាន្ត​ជាទី​បំផុត គេ​មិន​អាច​ស្វែងរក​ជម្រក​ណាមួយ​មក​ប្រៀបផ្ទឹម​ជាមួយ​បាន​ឡើយ ។ ជម្រក​នេះ បាន​ផ្តល់​ជីវិត​ជាទី​ស្រឡ​ញ់​របស់​សត្វលោក​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ និង​ថែម​ទាំង​រក្សា​ការពារ​មិន​ឱ្យ​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ