រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១ ឆ្នាំនៃការដាក់ឱ្យដំណើរចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ទទួលបានចំនួនពាក្យស្នើសុំជិត ៧ ០០០ សំណើ ក្នុងនោះពាក្យស្នើរសុំដែលបានអនុម័តមានជាង ៦ ០០០ សំណើរបើគិតជាទំហំនៃទុនវិនយោគមានរហូតដល់ជាង ២ ៦០០ លានដុល្លារអាមេរិក ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជីរួច ។នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលថ្ងៃទី១៥មិថុនា ស្តីពីខួបគម្រប់ ១ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានបង្ហាញថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ គិតមកទល់ថ្ងៃនេះ មានរយៈពេល ១ ឆ្នាំ ក្នុងនោះលទ្ធផលសម្រេចបាន គឺកម្ពុជាទទួលបានចំនួនពាក្យស្នើសុំសរុបជាង ៦ .៩០០ សំណើ,ពាក្យស្នើសុំដែលបានអនុម័តជាង ៦. ០០០ សំណើ និងចំនួនពាក្យស្នើសុំ ដែលកំពុងត្រួតពិនិត្យមាន ៨១០ សំណើ ។
បើតាមសេចក្តីប្រកាសគូសបញ្ជាក់ថា«ចំនួនក្រុមហ៊ុនដែលទទួលបានចុះបញ្ជីខាងលើ, បើគិតជាទុនសរុបមានទំហំប្រមាណ ១០,៧៨៧ ទ្រីលានរៀលឬស្មើប្រមាណជា ២.៦៣១ លានដុល្លារអាមេរិក ហើយក្នុងនោះបើគិតជាភាគរយអាជីវកម្ម ដែលបានចុះបញ្ជីតាមវិស័យ៖ អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ មានជាង ៣៨%, សកម្មភាពអចលនវត្ថុជាង ១០%, កម្មន្តសាលជាង ៨%, សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារជាង ៨%, សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសជាង ៧%, និងវិស័យផ្សេងៗទៀតជាង ២៧% ។ ដោយឡែកទំហំវិនិយោគតាមវិស័យ ក្នុងនោះសម្រាប់ការសាងសង់មានជាង ២៧%, សកម្មភាពអចលនវត្ថុជាង ១៥%, អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទជាង ១៥%, កម្មន្តសាលជិត ១៤%, សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងជិត ៩%, និងវិស័យផ្សេងទៀតជាង ១៩%»។
ការរៀបចំប្រព័ន្ធនេះគឺជាវិធានការមួយក្នុងកញ្ចប់វិធានការកែទម្រង់ដ៏មុតស្រួច ដែលត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩នាថ្ងៃទី២៩ មីនាឆ្នាំ២០១៩ សំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញ តាមរយៈការកែសម្រួលដំណើរការនិងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ មានលក្ខណៈពិសេស៣យ៉ាង៖១) កាត់បន្ថយនីតិវិធី តាមរយៈការតភ្ជាប់គ្នាជាច្រវ៉ាក់នៃនីតិវិធី ផ្សេងគ្នានៃក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងបង្កើតជាការចុះបញ្ជីជាកញ្ចប់ក្នុងពេលតែមួយ និងនៅលើថ្នាលតែមួយ,២)កាត់បន្ថយពេលវេលាមកត្រឹម៨ថ្ងៃនៃថ្ងៃធ្វើការនិង៣)កាត់បន្ថយការចំណាយថវិកាប្រមាណ៤០%បើប្រៀបធៀបនឹងនីតិវិធីចាស់៕
ចែករំលែកព័តមាននេះ