ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​របស់​អូស្ត្រាលី ៖ ៤៧% នៃ​ភូមិ​ទាំងអស់​នៅ​កម្ពុជា​មាន​បណ្តាញទឹក​ស្អាត​នៅ​ត្រឹម​ឆ្នាំ២០២០

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១៥ ខែមិថុនា​នេះ លោក Luke Arnold ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ជាមួយ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១៥ ខែមិថុនា​នេះ លោក Luke Arnold ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ជាមួយ លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​ជំនួប​នេះ លោក Arnold បាន​សង្ខេប​ពី របកគំហើញ​នៃ​ការ​ស្រាវជ្រាវ និង​ការ​វិភាគ​ចុង​ក្រោយ​លើ​បណ្តាញទឹក​ស្អាត​នៅ​តាម​ខេត្ត​នានា ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម ការ​សិក្សា​ផែនការ​វិនិយោគ​ខេត្ត (The Provincial Investment Plan /PIP) នេះ បង្ហាញ​ថា ខណៈ​ដែល​មាន​តែ ៤៧% នៃ​ភូមិ​ទាំងអស់​នៅ​កម្ពុជា មាន​បណ្តាញទឹក​ស្អាត​នៅ​ត្រឹម​ឆ្នាំ ២០២០ តួលេខ​នៃ​បណ្តាញទឹក​ស្អាត​នេះ អាច​កើនឡើង​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ជា​ដៃគូ​រវាង ស្ថាប័ន​សាធារណៈ និង ឯកជន ដើម្បី​បង្កើន​ការ​វិនិយោគ​និង​នវានុវត្តន៍ ពី​សំណាក់​វិស័យ​ឯកជន សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​។

លោក Arnold មាន​ប្រសាសន៍​ថា «​អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​ទឹក​ស្អាត​បន្ថែម​ទៀត នេះ​ក៏​ព្រោះតែ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ពួក​គាត់​មានទឹក​ស្អាត​ប្រើប្រាស់​នៅផ្ទះ​» ។ ការ​សិក្សា​ដ៏​មាន​សារៈសំខាន់​នេះ បាន​បង្ហាញ​ពី​កាឡានុវត្តភាព​សំខាន់​ៗ​នានា ដើម្បី​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ក្រោម​កិច្ចសហការ និង​ភាព​ជា​ដៃគូ រវាង​ស្ថាប័ន​សាធារណៈ និង​ឯកជន​។

លោក Arnold ក៏​បាន​ពន្យល់​បន្ថែម​ទៀត​ថា ការ​រួមចំណែក​របស់​ស្ថានទូត​អូស្ត្រាលី​ទៅ​លើ​បណ្តាញទឹក​ស្អាត​កម្ពុជា មាន​ស​ង្គ​ត​ភាព​ទៅ​នឹង​កម្មវិធី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អូស្ត្រាលី នៅ​កម្ពុជា រួម​ទាំង​ការ​ផ្តល់​អាទិភាព​ដល់​គម្រោង​មួយ​ចំនួន ដែល​ត្រូវ​បាន​គាំទ្រ​ថវិកា ប្រកបដោយ​ចីរភាព និង ដែល​ផ្តល់​នូវ​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ពលរដ្ឋ​នៅ​កម្ពុជា​។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ថា «​រដ្ឋាភិបាល​គ្រោង​នឹង​ផ្តល់​ទឹក​ស្អាត ១០០% ដល់​ពលរដ្ឋ​នៅ​ទីប្រជុំជន​នៅ​ត្រឹម​ឆ្នាំ ២០២៥ ហើយ​ផ្តល់​ទឹក​ស្អាត​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ នៅ​ត្រឹម​ឆ្នាំ ២០៣០​។ ដោយ​មាន​ប្រព័ន្ធ​ទិន្នន័យ ដែល​កម្មវិធី 3i បាន​អភិវឌ្ឍ ជាមួយ​អគ្គនាយក​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ក្រសួង យើង ខ្ញុំ​ជឿជាក់​ថា​យើង​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អូ​ស្ត្រ​លី ចំពោះ​ជំនួយ​និង​ការងារ​ទាំងអស់​ដែល​បាន​ផ្តល់​មក​កាន់​ក្រសួង​»​។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កម្មវិធី​របស់​អូស្ត្រាលី «​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i)” ដែល​កម្មវិធី​ទាំងមូល​មាន​ទឹកប្រាក់​ចំនួន ៤៩ លាន​ដុល្លារ​អូស្ត្រាលី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​វាយតម្លៃ​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទូ​ទាំង​ខេត្ត​ចំនួន ២២ របស់​ប្រទេស​កម្ពុជា ហើយ​គណនា​ទឹកប្រាក់​វិនិយោគ​សរុប​ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អា​តទៅ​កាន់​ភូមិ​ទាំងអស់​នៅ​កម្ពុជា​ដែល​មិន​ទាន់​មាន​បណ្តាញទឹក​ស្អាត​ដើម្បី​ប្រើប្រាស់​។

តាម​រយៈ​កម្មវិធី​3i អូស្ត្រាលី​បាន​អនុម័ត និង​វិនិយោគ​ថវិកា​ជាង ១៩,៨ លាន​ដុល្លារ​អូស្ត្រាលី​ដល់​ប្រតិបត្តិ​ករ​ទឹក​ឯកជន​ចំនួន​ជិត ៨០ ដើម្បី​បង្កើត និង​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ដល់​គ្រួសារ​ជនបទ​។ នៅ​ពេល​ដែល​កម្មវិធី​នេះ​បញ្ចប់ ពលរដ្ឋ​កម្ពុជា​ជាង​មួយ​លាន​នាក់ នឹង​មានទឹក​ស្អាត​ប្រើប្រាស់​ដោយសារ​កម្មវិធី​3i ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ