ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដូនពេញ​សន្យា​ថា មិន​ឱ្យ​មាន​ឡាន​គួ​ក​ជេ​ចត​តាំង​លក់​លើ​​​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ទៀត​​​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​នៅ​មុន​នេះ​បន្តិច​ថា

រាជធានី​ភ្នំពេញ​ ៖ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​​នាថ្ងៃទី​​១៥ មិថុនា នេះ​​ថា ផែនការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ចំពោះ​រថយន្ត​គួ​ក​ជេ និង​រថយន្ត​ដែល​ចត​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ចិ​ញ្ចើ​ម និង​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ក្រុមការងារ​បាន​ចុះ​អនុវត្ត​ន៏​ទទួល​បាន​ជោគជ័យ​១០០%​ហើ​យ គឺ​មិន​មានការ​ចត​តាំង លក់​រថយន្ត​នៅ​លើ​​ដងផ្លូវ​ទៀត​ទេ ។

លោក សុខ ពេញ​វុ​ធ​ បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ មិន​ឱ្យ​មានការ​ចត​រថយន្ត ឬ​តាំង​លក់​រថយន្ត​អនាធិបតេយ្យ​នៅ​លើ​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​ទៀត​ទេ​។ លោក​បន្ត​ថា ការងារ​នេះ លោក​នឹង​បន្ត​អនុវត្ត​ន៏​ដោយ​មិន​ដកថយ​ឡើ​យ និង​ប្រើ​វិធានការ​កាន់តែ​ក្តៅ​ប្រ​សិន​បើ​ម្ចាស់​រថយន្ត​ទាំងនោះ មិន​ចូលរួម​អនុវត្ត​ឬ​នៅ​តែ​ល្មើសទៀត​នោះ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៨​ ខែមិថុនា លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ដាក់​បទបញ្ជា​ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់ និង​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ជា​ដាច់ខាត រហូត​ដល់​ថ្ងៃ​ទី ១២ មិថុនា​នេះ​។ លោក​បន្ត​ថា កា​រដក​រថយន្ត​តាំង​លក់​ឱ្យ​អស់នេះ គឺ​ទុក រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ឱ្យ​លោក​-​លោកស្រី​យក​រថយន្ត​ចេញពី​ទីតាំង​ខាងលើ​នេះ​ជា​កំហិត ក្នុង​ករណី លោក​-​លោកស្រី នៅ​តែ​មិន​អនុវត្ត​តាម​សេចក្តីជូនដំណឹង ក៏​ដូច​ជា​ការ​ណែនាំ​របស់​រដ្ឋបាល ខណ្ឌដូនពេញ​ទេ​នោះ​រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន ទទួលខុសត្រូវ​រាល់​ការ​ខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​លោក​-​លោកស្រី​ឡើយ​។

ជាក់ស្ដែង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អាជ្ញាធរ​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​រថយន្ត​គួ​ក​ជេ និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ និង​ចិ​ញ្ចើ​ម​ផ្លូវ និង​ទ្រូងផ្លូវ​សាធ​រណៈ​បណ្តាល​អោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ​: បង្ក​រការ​កកស្ទះ​ចរាចរណ៍​និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​។
ជា​លទ្ធផល រថយន្ត​ចំនួន​៤២​គ្រឿង ត្រូវ​បាន​ស្ទូច និង​ដកហូត​យក​មក​រក្សា​ទុក​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​ពិន័យ និង​ព្រមាន​ឱ្យ​រាងចាល​តែ​ម្តង ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះ​អនុវត្ត​ន៏​វិធានការ​ចុះ​ដេញ​រថយន្ត​គួ​ក​ជេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ គេ​បាន​សង្កេត​ឃើញ​ថា នៅ​តំបន់​មួយ​ចំនួន​នៅ​តែ​មាន​រថយន្ត​គួ​ក​ជេ​ដាក់​តាំង​លក់​ក្រោម​រូបភាព​បន្លំ​ជាមួយ​រថយន្ត​មន្តី​រាជការ​ឬ​រថយន្ត​ភ្ញៀវ និង​បុគ្គលិក​ចូល​ក្នុង​ក្រសួង មន្ទីរ​ឬ​ហាង​នានា​នៅ​តំបន់​នោះ ដែល​បញ្ហា​នេះ​អាជ្ញាធរ​ខណ្ឌដូនពេញ​គួរតែ​ពិនិត្យ​មើ​​ល​បញ្ហា​នេះ​ផង បើ​មិន​ដូច្នេះ​ទេ ការ​អនុវត្ត​ន៏​ផែនការ​ឬ​ការ​សន្យា របស់ លោក សុខ ពេញ​វុ​ធ ​អភិបាល​ខណ្ឌដូនពេញ នឹង​ទទួល​បរាជ័យ ដែល​មិន​ខុស​ពី​វែក​ចក​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ