ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​វ៉ូ​វី​ណា​ម ផ្លាស់​ប្ដូរ​ក្បាលម៉ាស៊ីន​ថ្មី ដើម្បី​ដឹកនាំ​ឈាន​ទៅ​ដណ្ដើម​មេដាយ​​លើ​ឆាក​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ក្បាលម៉ាស៊ីន​ថ្មី​ហើយ ដោយ​លោក អ៊ូ រតនា ត្រូវ​បាន​សមាជិក​

​រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ក្បាលម៉ាស៊ីន​ថ្មី​ហើយ ដោយ​លោក អ៊ូ រតនា ត្រូវ​បាន​សមាជិក​ប្រតិបត្តិ​សហព័ន្ធ បោះ​ឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ទី​៤ ជំនួស​លោក ស៊ូ​ម សា​រឿ​ន ដែល​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់ ។ ការ​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣ និង​បន្ដ​អាណត្តិ​ទី​៤ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ ក្រោម​វត្តមាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ។

លោក អ៊ូ រតនា បាន​បង្ហាញ​នូវ​សេចក្ដី​សោមនស្ស​រីករាយ ដែល​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​ប្រតិបត្តិ ដើម្បី​ដឹកនាំ​សហព័ន្ធ ហើយ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់ នឹង​ខិតខំ​ដឹកនាំ អភិវឌ្ឍន៍ និង​រក្សា​នូវ​សក្ដានុពល​របស់​សហព័ន្ធ​លើ​ឆាក​អន្ដរជាតិ ដែល​សហព័ន្ធ​ធ្លាប់​សម្រេច​បាន​កន្លង​មក ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ចាស់ រួម​មាន​លោក​ឧកញ៉ា រ័​ត្ន សា​ខន និង​លោក ស៊ូ​ម សា​រឿ​ន ជាដើម ពិសេស​បេសកកម្ម​ធំ​ៗ ២ គឺ​ការ​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ។

លោក​បន្ដ​ថា «​ទន្ទឹម​ជាមួយ​ភាព​សប្បាយ​រីករាយ​នេះ ក៏​ជា​អំ​រែក​មួយ​ដែរ សម្រាប់​ខ្ញុំ​ក្នុង​ការ​ដឹកនាំ​សហព័ន្ធ ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ ស្រប​ពេល​យើង​មានកម្ម​វិធី​ធំ​ៗ​ជា​ច្រើន ចាប់ពី​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​២០២៣ ។ តែ​យ៉ាងណា​យើង​នឹង​ខិតខំ​ធ្វើ​យ៉ាងម៉េច ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វី​ដ​ផង និង​រក្សា​នូវ​កម្រិត​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ផង យើង​នឹង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​រក្សា​តែ​ទម្រង់ រក្សា​សក្ដានុពល ដើម្បី​ត្រៀ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ នៅ​វៀតណាម និង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ។ យើង​ប្ដេជ្ញា​ធ្វើ​យ៉ាងម៉េច​ដឹកនាំ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ឲ្យ​ដើរទៅ​មុខ​ប្រកបដោយ​សក្ដានុពល​» ។

ជាមួយ​គ្នា​នោះ លោក វ៉ា​ត់ ចំរើន បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ពិសេស​សមាជិក​ប្រតិបត្តិ​សហព័ន្ធ ដែល​មាន​សាមគ្គី​ផ្ទៃក្នុង​ល្អ ហើយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សហព័ន្ធ​ដទៃ ។ លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ដ៏​មាន​សក្ដានុពល​មួយ​នេះ បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ ទាំង​ធនធាន​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​បន្ថែម​ទៀត ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​នានា ក៏​ដូច​ជា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ នៅ​វៀតណាម ពិសេស​ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ដ្រ ក្នុង​ការ​ស្វែងរក​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផ្ទាល់​តែ​ម្ដង ។

គួរ​បញ្ជាក់​ថា ចំពោះ​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា អាណត្តិ​ទី​៤ ក្រៅពី​មាន​លោក អ៊ូ រតនា ជា​ប្រធាន​សហព័ន្ធ គឺ​មាន​អនុប្រធាន​៧​រូប​ទៀត រួម​មាន​លោក សុខ មុនី​, លោក រស់ ម​និ​ន្ទៈ​, លោក គិ​ន ឆេ​ង​លី​, លោក លី សុធា​, លោក ឡុ​ង សុ​ផាត​, លោក សំ សុខ​យី និង លោក ជា ហុង​រី ។ ឯ​អគ្គលេខាធិការ គឺ​លោក យ៉ាំ ថៃ​សាន និង​អគ្គលេខាធិការ​រង ៣​រូប​មាន​លោក លាង ណា​រិ​ទ្ធ​, លោក អាំ សុផល និង​លោក ម៉ិច សីហា ។ ចំណែក​អគ្គ​ហេ​រញ្ញឹក​លោកស្រី ញឹ​ម ម៉ី និង​អគ្គ​ហេ​រញ្ញឹក​រង​លោកស្រី ប៉ុក ករុណា រួម​ទាំង​សមាជិក ៥​រូប​ទៀត គឺ​មាន​លោក ប៊ូ វី​រៈ​, លោក គង់ ហួ​ន​, លោក កៅ មក​រា​, លោក ទេព ជីវៈ​សុខុម និង​លោក ម៉េ​ង សៅ​ណេ​ង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ