ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ អង្កួច ឬ​កង្កួច ឬ​អន្កួច

13 ឆ្នាំ មុន

ឧបករណ៍​នេះមាន​ឈ្មោះ​ថា អង្កួច ឬ​កង្កួច ឬ​អន្កួច និយមហៅ​តាម​តំបន់​ផ្សេងៗ ​​គ្នាជា​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ប្រើ​ទោល តាំង​ពី​ដើម​ជា​រៀងរហូត​​មក ពុំ​ដែល​យក​ទៅ​ចូល​រួម​ប្រគំ​ជា​មួយ​នឹង​ឧបករណ៍​តន្ត្រី​ទៀត​ណា​ឡើយ ហើយ​ក៏​គ្មាន​សំខាន់​នៅ​ក្នុង​ពិធីណាដែរ។ ឧបករណ៍​​នេះមាន​កំណើត​យូរ​លង់​មក​ហើយ ​នៅ​លើ​ទឹក​ដី​យើង​នេះ ប៉ុន្តែ​ពុំ​សូវ​សម្បូរ​​សោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ឧបករណ៍​នេះ មាន​ឈ្មោះ​ថា អង្កួច ឬ​កង្កួច ឬ​អន្កួច និយមហៅ​តាម​តំបន់​ផ្សេងៗ​​គ្នា ជា​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ប្រើ​ទោល តាំង​ពី​ដើម​ជា​រៀងរហូត​​មក ពុំ​ដែល​យក​ទៅ​ចូល​រួម​ប្រគំ​ជា​មួយ​នឹង​ឧបករណ៍​តន្ត្រី​ទៀត​ណា​ឡើយ ហើយ​ក៏​គ្មាន​សំខាន់​នៅ​ក្នុង​ពិធីណា ដែរ ។ ឧបករណ៍​​នេះ ​មាន​កំណើត​យូរ​លង់​មក​ហើយ​នៅ​លើ​ទឹក​ដី​យើង​នេះ ប៉ុន្តែ​ពុំ​សូវ​សម្បូរ​​សោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ។
តាម​បន្ទូល​របស់​សម្តេច​សង្ឃ​រាជ​ជួន ណាត ក្នុង​ឆ្នាំ១៩៦៥ នៅ​មហា​កុដិ​នា​វត​្ត​ឧណ្ណា​លោម ក្នុង​ឱកាស​​ប្រជុំ​តូច​ ជា​មួយ​នឹង​ក្រុម​និស្សិត​ផ្នែក​តន្ត្រី​បុរាណ​យើង​​ខ្ញុំ​ ដឹក​នាំ​ដោយ​លោក​ហង្ស ធុន​ហាក់ និង​លោក​េឆង ផុន​ ស្តី​អំពី​បញ្ហា​តន្ត្រី​បុរាណ ព្រះ​អង្គ​មាន​បន្ទូល​ថា “អង្កួច​ធ្វើ​អំពី​ឫស្សី​ ខ្មែរ​យើង​ធ្វើ​ត្រាប់​ តាម​ជន​ជាតិ​រស់​នៅ​លើ​កោះ​ប័រ​ណេ​អូ (Borneo) អង្កួច​ធ្វើ​អំពី​ដែក ខ្មែរ​យើង​ធ្វើ​ត្រាប់​តាម​ជន​​ជាតិ​ម៉ុង​ហ្គោលី (Mongolia) រីឯ​អង្កួច​ខ្សែ ខ្មែរ​យើង​បង្កើត​ដោយ​ខ្លួន​ឯង​ដោយ​បំបែក​ចេញ​មក​ពីឧបករណ៍​ម្យ៉ាង​ឈ្មោះ​អន់ ថួច ធ្វើ​អំពី​បំពង់​ឫស្សី​ប៉ុន​ក​ដៃ ស្រដៀង​គ្នា​នឹងត្រដោក​ឫស្សី​ដាក់​ខ្សែ​មួយ គោះ​ដោយ​អន្លូង​តូច​ប៉ុន​ចង្កឹះ​ ឮ​សូរ​តែម្យ៉ាង​គ្មាន​បទ​បែប​ទេ ប៉ុន្តែ​ក្រោយ​មក​គេ​យក​អន់​ថួច​នេះ​ មក​ដាក់​ផ្អឹប​នឹង​មាត់​ត្រង់​ចុង​ម្ខាង​នៃ​ខ្សែ​ គោះ​បញ្ចេញ​បទ​បែប​បាន​យ៉ាង​ស្រួល, ឧបករណ៍​អង្កួច​ទាំង​អស់់​ខាងលើ​នេះ​មិន​សំខាន់​ក្នុង​ពិធី​​ណា​ឡើយ” ។ 
តាម​​បន្ទូល​របស់​សម្តេច​សង្ឃ​ខាង​លើ​នេះ​មាន​លក្ខណៈ​សម​ស្រប​ដែរ ពីព្រោះ​ទំនាក់​ទំនង​ស្អិត​ល្មួត​រវាង​ខ្មែរ​នឹងជន​ជាតិ​ជ្វា​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ពិសេស​​ក្នុង​រាជ​ស្តេច​ជ័យ​វរ្ម័ន​ទី២ ​នា​ចុងឆ្នាំ​នៃ​សតវត្ស​ទី៨ ។ ទំនាក់​ទំនង​ខ្មែរ​នឹង​ម៉ុង​ហ្គោលី​មាន​តាំង​ពី​​ក្នុង​រាជ​ស្តេច​គូ​ប៊ី​ឡៃ​ខាន់ (Koubilai Khan ស្តេច​ម៉ុង​ហ្គោល) ។ ស្តេច​អង្គ​នេះ​បាន​បញ្ជា​ឱ្យ​ឧត្តមសេនីយ៍​សុង ហ្គាទូ (Songatou) ចូល​មក​ទន្ទ្រាន​ទឹក​ដី​ខ្មែរ​ក្នុង​ឆ្នាំ​១២៨៣ ដល់​ឆ្នាំ១២៨៥ ខ្មែរ​ត្រូវ​បញ្ជូន​សួយ​សារ​អា​ករ​ទៅ​ថ្វាយ​ស្តេច​គូ​ប៊ី​ឡៃ​ខាន់ (ក) ។ ទំនាក់​ទំនង​បែប​នេះ​អាច​ជា​ប្រភព​នៃ​ការ​ឆ្លង​គ្នា​ខាង​វិស័យ​វប្បធម៌ (មាន​អង្កួច​ដែក) ក៏​សឹង​មាន ។
សព្វ​ថ្ងៃ​នេះ ​អង្កួច​ធ្វើ​អំពី​ឫស្សី​មាន​នៅ​ខេត្ត​សៀមរាប​យា៉ង​តិច​តួួច​បំផុត ហើយ​ពុំ​សូវមាន​អ្នក​ពូកែ​លេង​វា​ឡើយ ។ អង្កួច​ធ្វើ​អំពី​ដែក​មាន​នៅ​ខេត្ត​ពោធិ៍​សាត់​តំបន់​ភ្នំ​ក្រវាញ​ មាន​ក្នុង​ចំណោម​ជន​ជាតិ ប៉ុន្តែ​មិន​សម្បូរ​​ទេ ។ អង្កួច​ខ្សែ​មាន​នៅ​ខេត្ត​មណ្ឌល​គិរី​ក្នុងចំណោម​ជន​ជាតិ​ដែរ​ ប៉ុន្តែ​អង្កួច​បែប​នេះ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ ។ អង្កួច​ទាំង​៣បែប​នេះ​មាន​របៀប​ប្រើ​ប្រាស់​ និងរបៀប​ធ្វើមិន​ដូច​គ្នា​ទេ ។
អង្កួច​ធ្វើអំពី​ឫស្សី មាន​ទំហំ​ប៉ុន​ម្រាម​ដៃ​ប៉ុន្តែ​សំប៉ែត ​មាន​ប្រវែង​ជាង​មួយ​ចំ​អាម​ដៃ។ អណ្តាត​ធ្វើ​អំពី​បន្ទះ​ឫស្សី​តូច​ស្តើង​វែង​ ដែល​ឆ្កឹះ​ចេញ​ពី​ចំ​កណ្តាល​នៃ​តួ ។ គេ​ត្រូវ​យក​បន្ទះ​ឫស្សី​ជាប់​ថ្នាំង​ម្ខាង​បិត​ឱ្យ​ជម​ក្បាល​បន្តិច​ បន្ទាប់​ពី​ថ្នាំង​មក ​គេ​ត្រូវ​បិទ​ឱ្យ​ស្តើង​រៀវ​ទៅ​ខាង​ចុង ។ អណ្តាត​ត្រូវបិត​ឱ្យ​​ស្តើង​ដើម្បី​ងាយ​រលាស់​ចេញ​សំនៀង​បាន​ល្អ។ នៅ​ពេល​ផ្លុំ​ម្តងៗ​ គេ​យក​អង្កួច​ទៅ​ដាក់​ចន្លោះបបូរ​មាត់​ទាំង​ពីរ​ ហើយ​កៀប​ឱ្យ​មាន​លំនឹង​ត្រង់​ចំណុច​ចុង​អណ្តាត​ អង្កួច​មិន​ឱ្យ​ប៉ះ​ធ្មេញ
ទេ ។ គេ​ប្រើ​ម្រាម​ដៃ​ផ្ទាត់​អណ្តាត​ឱ្យ​រលាស់​លាន់​សំនៀង​ឮ​ឡើង ។ ដើម្បី​ឱ្យ​បាន​ទៅ​ជា​បទ​បែប​តាម​គេ​ចង់​បាន​នោះ ​គេ​ប្រើ​បបូរ​មាត់​ទាំង​ពីរ​បិទ​បើក​ផង គូប​ផ្សំ​នឹង​អណ្តាត​យើង​ផង និង​ខ្យល់​ផ្លុំ​ពី​ក្នុង​ផង ។
អង្កួច​ធ្វើ​អំពី​ដែក​មាន​រាង​ដូច​ស្លឹក​ឈើ​ ខ្លះទៀត​មាន​រាង​មូល​ដូច​ព្រះ​ចន្ទ ។ អង្កួច​នេះ​ គេ​យកដែក​សរសៃ ឬ​ដែក​ផ្សេង​ទៀត ដែល​មាន​សាច់​ស្វិត​មក​ធ្វើ ។
អណ្តាត​ធ្វើ​អំពី​ដែក​រស់​ដូច​ជា​ដែក​រណារ​ជា​ដើម ហើយ​មាន​បណ្តោយ​វែង​ជាង​តួ ។ ផ្នែក​ខាង​គល់​អណ្តាត​ធំ ជាប់​នឹង​តួ​ចំ​កណ្តាល​ផ្នែក​ខាង​ចុង​តូច​ស្តើង​រៀវ ង ពី​ត្រឹម​ផុត​តួ​ទៅ​មាន​ត្រម៉ោង​មូល​តូច​មួយ​នៅ​ខាង​ចុង​ផុត ​សំរាប់​សំរួល​ដល់​ម្រាម​ដៃ​នៅ​ពេល​គោះ​អណ្តាត​នោះ​ម្តងៗ ។ នៅ​ពេល​ផ្លុំ​ម្តងៗ គេ​យក​តួអង្កួច​មក​ពិត​នឹង​ធ្មេញ​ឱ្យ​ជាប់​ដើម្បី​សំរួល​ដល់​ការ​រលាស់​អណ្តាត​ ។ គេ​យក​ម្រាម​ដៃ​ទៅ​គោះ​បញ្ចូល​ត្រង់​ត្រម៉ោង​មូល​ខាង​ចុង ដើម្បី​ឱ្យ​អណ្តាត​រលាស់មាន សំនៀង​ឮឡើង ។
ដើម្បី​ឱ្យ​បាន​ទៅ​ជា​បទ​បែប​ ត្រូវគួប​ផ្សំ​ការ​បិទ​បើកបបូរ​មាត់​ជាមួយ​នឹង​អណ្តាត​យើង​ខាង​ក្នុង​រួម​ផ្សំ​នឹង​ខ្យល់​ផ្លុំ​ ឬ​ខ្យល់បឺត​ចូលផង​ដែរ ។
អង្កួច​ធ្វើ​អំពី​ខ្សែ មាន​ប្រវែង​មិន​លើស​ពី​មួយ​សាច់​ឫស្សី​ទេ មាន​ទំហំ​ប៉ុន​ក​ដៃ​ឬ​តូច​ជាង ។ គេ​យកឫស្សី​មួយ​សាច់​ដោយ​ទុក​ថ្នាំង​សង​ខាង រួច​ចោះ​ប្រហោង​ប៉ុន​ចង្កឹះ តាម​បណ្តោយ​រហូត​ពី​ថ្នាំង​ម្ខាង​ទៅ​ថ្នាំង​ម្ខាង​ទៀត ។ នៅ​ចំ​ពី​លើ​ប្រហោង​បណ្តោយ​នោះ​មាន​លាត​សន្ធឹង​ដោយ​ខ្សែ​សំនៀង​ធ្វើ​អំពី​ខ្សែ​កៅ​ស៊ូ​សំប៉ែត​តូច​ល្មម​មួយ ​ដែល​ចង ភ្ជាប់​​ចុង​សង​ខាង​ត្រង់​ថ្នាំង​មាន​កំណល់​តូច​ពីរ ដែល​កល់​ខ្សែ​ត្រង់​ចុង​ប្រហោង​សង​ខាង​ឱ្យ​ផុត​ពី​បំពង់​ឫស្សី​ ងាយ​នឹងគោះ​ខ្សែ​នោះ​ឱ្យ​ចេញ​សំនៀង ។ គេ​យក​អង្កួច​មក​ផ្អិប​នឹង​មាត់​ត្រង់​គល់​ខ្សែ​ម្ខាង រួច​គេ​យក​អន្លូង​ធ្វើ​អំពី​បន្ទះ​ឫស្សី​តូច​ស្តើង​មួយ​មក​គោះ​ខ្សែ​ឱ្យ​ចេញ​សំនៀង ។ គេ​ប្រើ​សំនៀង​ទៅ​តាម​បទ​បែប​ដោយ​សារ​ការ​បើក​បិទ​បបូរ​មាត់​ទាំង​ពីរ​គួប​ផ្សំ​នឹង​ការ​កំរើក​អណ្តាត​យើង​ខាង​ក្នុង ដូច​អង្កួច​ទាំង​ពីរ​ប្រភេទ​ខាង​លើ​ដែរ ។
អង្កួច​ឫស្សី និងអង្កួច​ដែក​របស់​យើង​មាន​សណ្ឋាន​រាង​រៅ​មិន​ប្រែ​ប្រួល​ទេ តាំង​ពី​សម័យ​ដើម​ដ៏​យូរ​លង់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ៕ (ស្រាវជ្រាវដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)