ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ភ្ជូ​រ​ដីចម្ការ ប្រទះឃើញ​វត្ថុ​សិល្បៈ​បុរាណ បាន​យកមក​ប្រគល់ ជូន​អាជ្ញាធរ និង​ជំនាញ​វប្បធម៌ រក្សាទុក​នៅ​សារៈមន្ទីរ​ស្វាយចេក​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ កសិករ​ភ្ជូ​រ​ដីចម្ការ នៅក្បែរ​ប្រាសាទ​តា​ស្រី ភូមិ​តា​អុង​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោងជាង ៩​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា…

ខេត្តបន្ទាយមានជ័យ​៖ កសិករ​ភ្ជូ​រ​ដីចម្ការ នៅក្បែរ​ប្រាសាទ​តា​ស្រី ភូមិ​តា​អុង​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោងជាង ៩​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ បានឃើញ​វត្ថុ​សិល្បៈ​បុរាណ ធ្វើ​ពី​លោហៈធាតុ ចំនួន ១៧​ដុំ​/​រូប ហើយ​ក៏បាន​ប្រគល់ជូន​អាជ្ញាធរ និង​បានប្រគល់​បន្ត​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ​។ វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ ក៏​ត្រូវបាន​ពិនិត្យ និង​ចុះបញ្ជី រួច​រក្សាទុក​នៅ​សារៈមន្ទីរ​សហគមន៍ នា​ស្រុក​ស្វាយចេក នោះ​តែម្តង​។​

​លោក លឿង សុភ​ក្តិ អភិបាលស្រុក​ស្វាយចេក និង​លោក ដា ទឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុក បានទទួល​វត្ថុ​សិល្បៈ​បុរាណ​នោះ​ហើយ ពី​កសិករ ២​នាក់​នោះ​។​

​លោក​និយាយថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា​នេះ កសិករ​ខាងលើ បាន​បើក​ត្រាក់ទ័រ ភ្ជួរ​ចម្ការ​ដាំដំឡូង​មី ហើយពី​ដំបូង ក៏​ប្រទះឃើញ​ក្រឡ (​កុលា​ភាជន៍​) មួយចំនួន​។ បន្ទាប់មក ក៏​ឃើញ​វត្ថុ​សិល្បៈ​បុរាណ​ធ្វើ​លោហៈ ហើយក៏​ភ្ញាក់ផ្អើល​ឡើងដល់​កសិករ និង​អ្នកភូមិ​ឯទៀត បាននាំគ្នា​ធ្វើការ​អុជ​ធូប​ទៀន បន់ស្រន់​គោរព​សក្ការៈ​។​

​ដោយ​ឮ​ខ្ចរខ្ចាយ​បែបនេះ ទើប​កសិករ ដែល​ភ្ជូ​រ​ដី​រកឃើញ​វត្ថុ​សិល្បៈ​ខាងលើ ក៏​សម្រេច​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​ជូន​អាជ្ញាធរ​។ ពោលគឺ​ដើម្បី​កុំអោយ​ធ្លាក់​ទៅ​ដល់ដៃ​ឈ្មួញ (​អ្នករកស៊ី​ទិញ លក់ រត់ពន្ធ​វត្ថុ​សិល្បៈ​បុរាណ​)​។​

​លោក យង់ តាំង​គួ​យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ រួមជាមួយ​អនុប្រធាន មន្ត្រី​ជំនាញ​បុរាណវិទ្យា និង​លោក តាន់ ប៊ុន​មីន អនុប្រធាន​ការិយាល័យ​សង្គមកិច្ច សុខុមាលភាព​វប្បធម៌ សាសនា កិច្ចការនារី និង​ជា​ប្រធាន​សារៈមន្ទីរ​ស្វាយចេក បាន​ពិនិត្យ និង​ចុះបញ្ជី​វត្ថុ​សិល្បៈ​ទាំងនោះ ហើយ​ថា អាចមាន​ចំណាស់ ក្នុង​សតវត្ស​ទី​១០ ទៅ ១១​។​

​វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ រួមមាន ១៧​ដុំ​/​រូប ធ្វើ​ពី​លោហៈធាតុ ក្នុងនោះ មាន​៖ ១/ ពុម្ព​ចាក់​ព្រះ ចំនួន​២ ២/​កណ្តឹង​(​ត្រួយ​) ចំនួន​២ ៣/​កង ចំនួន​៩ ៤/ ទេ​ឥ​វ​រូប​ស្រី ចំនួន​១ ៥/​ទេវរូប​ប្រុស ចំនួន​១ ៦/​ពុទ្ធរូប​ប្រក់​នាគ ចំនួន​២ ៧/ ដុំ​សំណ ចំនួន ១០​ដុំ​(​តូចៗ​)​។​

​ជាមួយគ្នា​នោះដែរ មន្ត្រី​អាជ្ញាធរ បាន​ថ្លែងអំណរគុណ​ពលរដ្ឋ​ល្អ ដែល​បាន​រកឃើញ និង​ប្រគល់​វត្ថុ​សិល្បៈ​បុរាណ មក​អាជ្ញាធរ​ដែនដី និង​ជំនាញ​វប្បធម៌ ដើម្បី​រក្សាទុក​មិនអោយ​បាត់បង់​។​ ​នេះ​ជា​ស្មារតី​ស្នេហា​មរតក​វប្បធម៌ បេ​តិក​ភ័​ណ្ឌ សិល្បៈ និង​អត្តសញ្ញាណ​ជាតិខ្មែរ​។​

​សូមបញ្ជាក់ថា ការទទួល​លើក​នេះ​ទៀត នាំអោយ​សារៈមន្ទីរ​ស្វាយចេក និង​បានទទួល​ការដាក់​តាំង​បន្ថែម​រូប ទើប​ប្រគល់​ចំនួន ១៧​ដុំ /​រូប​ទៀត លើ​វត្ថុ​សិល្បៈ​បុរាណ ដែល​ទទួល​ពី​ពលរដ្ឋ ពី​សមត្ថកិច្ច​កងកម្លាំង ពី​អ្នក​មុខសញ្ញា​ផ្សេងទៀត ដែល​បាន​ដាក់តាំង មាន​ចំនួន ៥២៦​ដុំ /​រូប /​បន្ទះ ហើយ​នោះ​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ