ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បង្កើន​ការប្រុងប្រយ័ត្ន​! ភូមិសាស្ត្រ​មួយចំនួន នៅ​ភ្នំពេញ អាច​ប្រែក្លាយ ទៅជា «​តំបន់​លឿង​» «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ជាថ្មី​ម្តងទៀត​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា ភូមិសាស្ត្រ​មួយចំនួន នៅ​ភ្នំពេញ អាច​ប្រែក្លាយ ទៅជា…

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា ភូមិសាស្ត្រ​មួយចំនួន នៅ​ភ្នំពេញ អាច​ប្រែក្លាយ ទៅជា «​តំបន់​លឿង​» «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ជាថ្មី​ម្តងទៀត​។​

​ក្នុង​សេចក្តីណែនាំ​បន្ថែម ស្តីពី ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ បានបង្ហាញ​នូវ​ការកត់សម្គាល់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្រប​ពេលដែល​វិធានការ​ត្រូវបាន​បន្ធូរបន្ថយ ម្ចាស់​ក្រុមហ៊ុន​ឯកជន ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ម្ចាស់​រោងចក្រ​-​សហគ្រាស ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន ម្ចាស់​ផ្សារ​ម៉ា​ត គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​-​ផ្សារ​ឯកជន មន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ចសន្យា បុគ្គលិក​រដ្ឋបាល កម្មករ​-​និយោជិត អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ហាក់​មានការ​ធ្វេសប្រហែស ភ្លេច​ការការពារ​ខ្លួន និង​មិនបាន​យកចិត្តទុកដាក់​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​នូវ​វិធាន​ការកំណត់ ដែល​នេះ គឺជា​ហានិភ័យ អាច​បណ្តាល​ឲ្យ​មានការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ក្នុង​សហគមន៍ ហើយ​អាច​នាំ​ឲ្យ​ភូមិសាស្ត្រ​មួយចំនួន ត្រូវ​ប្រែ​ក្លាយទៅជា «​តំបន់​លឿង​» «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ជាថ្មី​ម្តងទៀត​។​

​ក្នុង​សេចក្តីណែនាំ​បន្ថែម​ដដែល លោក ឃួ​ង ស្រេង ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ឯកជន ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ម្ចាស់​រោងចក្រ​-​សហគ្រាស ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន ម្ចាស់​ផ្សារ​ម៉ា​ត គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​-​ផ្សារ​ឯកជន មន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ចសន្យា បុគ្គលិក​រដ្ឋបាល កម្មករ​-​និយោជិត អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុងស្នាក់នៅ បំពេញការងារ ប្រកប​អាជីវកម្ម និង​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។​

​ក្នុង​សេចក្តីណែនាំ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ឯកជន ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ម្ចាស់​រោងចក្រ​-​សហគ្រាស ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន ម្ចាស់​ផ្សារ​ម៉ា​ត គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​-​ផ្សារ​ឯកជន ត្រូវ​រៀបចំ​ច្រក​សុវត្ថិភាព កំណត់​ច្រកចេញ​-​ចូល និង​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​ឲ្យ​បានជា​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម និង​ដើម្បី​ធានា​ឲ្យ​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ដោយ​ត្រូវ​ចៀសវាង​ការ​ប្រជ្រៀត​គ្នា ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ និង​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព ១,៥​ម៉ែត្រ ជា​ចាំបាច់​ក្នុង​បរិវេណ​ទីតាំង​នីមួយៗ​។​

​ក្នុង​សេចក្តីណែនាំ​បន្ថែម​ដដែល រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ហាម​ដាច់​ខាត​ការជួបជុំ​ប្រមូល​ផ្តុំគ្នា ទទួលទាន​អាហារ ឬ​ការជួបជុំ ដែល​មិន​រក្សាបាន​គម្លាត​សុវត្ថិភាព ១,៥​ម៉ែត្រ ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។ ក្នុងនោះ សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដូចជា សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែងតែ​សាលារៀន ដែល​ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ត​នានា អាជីវកម្ម​ម៉ាស្សា រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ជាដើម ត្រូវ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន រហូតដល់​មានការ​សម្រេច​ជាថ្មី​។​

​ដោយឡែក មន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ចសន្យា បុគ្គលិក​រដ្ឋបាល កម្មករនិយោជិត អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង ៣​កុំ​» របស់​សម្តេច​តេ​ជោ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីណែនាំ​បន្ថែម បាន​ព្រមាន​ថា ករណី​រកឃើញថា ម្ចាស់​ក្រុមហ៊ុន​ឯកជន ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ម្ចាស់​រោងចក្រ​-​សហគ្រាស ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន ម្ចាស់​ផ្សារ​ម៉ា​ត គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​-​ផ្សារ​ឯកជន ឬ​បុគ្គល​ណាមួយ មិន​ព្រម​សហការ ឬ​មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​