ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ​រ៉ូ​2016​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​ក្នុង​ប្រទេស​បារាំង

8 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) បាន​អះអាង​ជា​ថ្មី​ថា ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អឺរ៉ុប​២០១៦(Euro 2016) គឺ​មិន​មានការ​កែប្រែ និង​ផ្លាស់​ប្តូរ​ទីកន្លែង​ក្រៅពី​ប្រទេស​បារាំង​ឡើយ ។

សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) បាន​អះអាង​ជា​ថ្មី​ថា ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អឺរ៉ុប​២០១៦(Euro 2016) គឺ​មិន​មានការ​កែប្រែ និង​ផ្លាស់​ប្តូរ​ទីកន្លែង​ក្រៅពី​ប្រទេស​បារាំង​ឡើយ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ សហព័ន្ធ​UEFA​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​បារាំង​អស់​៣​ឆ្នាំ​ហើយ​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ព្រឹត្តិការណ៍​ប្រកួត ។ សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា វិធានការ​ចាំបាច់​នានា​នឹង​ត្រូវ​យក​មក​អនុវត្ត​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​» ។

គួរ​កត់​សម្គាល់ថា ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០១៦​របស់​បារាំង​បាន​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យពិច័យ​សា​ជា​ថ្មី ក្រោយ​ពី​ផ្ទុះ​ការ​វាយប្រហារ​មួយ​នៅ​ទី​ក្រុងប៉ារីស កាលពី​រាត្រី​ថ្ងៃ​សុក្រ​ដែល​បាន​សម្លាប់​មនុស្ស​អស់​១២៩​នាក់ ។

មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ខាងលើ​លោក Jacques Lambert បាន​ទទួលស្គាល់​ថា កម្រិត​នៃ​ហានិភ័យ​បាន​កើនឡើង​ខ្ពស់ ប៉ុន្តែ​ថា ការ​ពិចារណា​លុប​ចោល Euro2016 គឺ​នឹង​ក្លាយជា​ល្បែង​លេង​របស់​ពួក​ភេរវជន​ទៅ​វិញ ។ លោក​បាន​បន្ត​ថា ៖ «​យើង​នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​យ៉ាង​ចាំបាច់​មួយ​ដើម្បី​ឱ្យ Euro2016 ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ​សុវត្ថិភាព​បំផុត​» ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Euro2016 នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​១០ ខែមិថុនា ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ។ ការ​ចាប់​គូ​លើក​ចុង​ក្រោយ​នឹង​ធ្វើ​នៅ​ទីលាន​ប្រគំ​តន្ត្រី Palais des congrès de Paris ទី​ក្រុងប៉ារីស ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ៕