កងទ័ពរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី វាយដណ្តើមយកបានទីក្រុងជាប្រវត្តិសាស្ត្រមួយដែលកាន់កាប់ដោយពួកឧទ្ទាម ហើយឡោមព័ទ្ធវាយដណ្តើមយកទីក្រុងមួយទៀត រហូតធ្វើឱ្យមេដឹកនាំការបះបោរនៅក្នុងទីក្រុងបេនហ្គាហ្ស៊ី អំពាវនាវដល់យោធាបរទេសឱ្យជួយទប់ស្កាត់នូវអ្វីដែលខ្លួននិយាយថា នឹងបណ្តាលឱ្យមនុស្សជាច្រើនម៉ឺននាក់ត្រូវស្លាប់ ប្រសិនបើពួកបះបោរប្រឆាំងលោកកាដាហ្វីចាញ់ ។ ពួកឧទ្ទាមកាលពីថ្ងៃទី១២ មីនា បានអះអាងពីការដកថយចេញពីទីក្រុងប្រេង Ras Lanuf ដែលខ្លួនកាន់កាប់កាលពី២សប្តាហ៍មុន ចំណែកកងទ័ពបដិវត្តន៍ដែលមួយផ្នែកមានតែយុវជនស្ម័គ្រចិត្តពុំមានបទពិសោធន៍បានបង្ខំចិត្តដកថយដោយសារការបាញ់កាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីយន្តហោះ ។
ប្រធានក្រុមប្រឹក្សាបដិវត្តន៍លីប៊ី លោក Mustafa bdel Jalil អះអាងថា ប្រសិនបើកងកម្លាំងរបស់លោកកាដាហ្វី វាយដណ្តើមបានទីក្រុងធំបំផុតទី២ គឺក្រុងបេនហ្គាហ្ស៊ីរបស់លីប៊ីនេះ មនុស្សកន្លះលាននាក់នឹងត្រូវស្លាប់។
សម្ព័ន្ធអារ៉ាប់ ដែលជួបប្រជុំនៅក្នុងទីក្រុងគែរ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ការហាមហោះហើរនៅប្រទេសលីប៊ី នៅពេលកងកម្លាំងរបស់លោកកាដាហ្វី វាយរុលទៅកាន់ទីក្រុង Misrata ដែលមានពលរដ្ឋ៣០០.០០០នាក់ ស្ថិតនៅចម្ងាយប្រហែល១៥០ម៉ាយ ពីទីក្រុងទ្រីប៉ូលី រដ្ឋធានីរបស់លីប៊ី ។ ទន្ទឹមពេលគ្នានេះ ក្រុមប្រឹក្សាបដិវត្តន៍លីប៊ីបានអំពាវនាវដល់បណ្តាប្រទេសនៅអឺរ៉ុប បើកការវាយប្រហារពីលើអាកាសប្រឆាំងកងទ័ពរបស់លោកកាដាហ្វី ៕
ចែករំលែកព័តមាននេះ